គម្រោងរេដបូកភ្នំសំកុស បង្កើតឱកាសជីវភាពប្រកបដោយនិរន្តរភាព និងកាត់បន្ថយសម្ពាធបរិស្ថាន (Video inside)

20-07-2026 15:27

(ពោធិ៍សាត់)៖ គម្រោងរេដបូក (REDD+) គឺជាយន្តការអន្តរជាតិមួយ ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ ពីការសឹករិចរឹល និងបាត់បង់ព្រៃឈើ។ នៅក្នុងប្រទេសកម្ពុជា ថវិកាដែលទទួលបានពីការលក់ឥណទានកាបូន (Carbon Credits) តាមរយៈគម្រោងនេះ ត្រូវបានយកមកប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ ដើម្បីការពារបរិស្ថាន និងការគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន។

ដោយឡែកសម្រាប់គម្រោងរ៉េដបូក (REDD+) នៅតំបន់ជួរភ្នំក្រវាញខាងត្បូង កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ជនជាតិដើមភាគតិចនៅទីនោះ ស្របពេលដែលកម្ពុជាមានគោលដៅសម្រេចបាននូវភាពអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។

លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឍន៍សហគមន៍នៃអង្គការ WA បានឱ្យដឹងថា គម្រោងរ៉េដបូកនៅតំបន់ភ្នំសំកុស កំពុងផ្តោតលើការផ្តល់ផលប្រយោជន៍ដល់សហគមន៍ចំនួន២៧ នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង។ ជាក់ស្តែង នៅភូមិតាដេះ ខេត្តពោធិ៍សាត់ គម្រោងបានផ្តល់អណ្តូងទឹកស្អាតដើរដោយប្រព័ន្ធសូឡាស្វ័យប្រវត្តិចំនួន ២ឈុត និងជួយសម្របសម្រួលកំណត់ព្រំទីតាំងដីព្រៃអារក្ស និងដីកប់សពរបស់សហគមន៍ជនជាតិដើមភាគតិចជង និងព័រ ដើម្បីលើកកម្ពស់សិទ្ធិរបស់ពួកគេ។

ជាមួយគ្នានេះលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា គម្រោងរ៉េដបូក ដែលអនុវត្តលើការការពារការបាត់បង់ និងការរេចរឹលនៃព្រៃឈើ បានជួយកែលម្អជីវភាពរស់នៅ តាមរយៈការផ្តល់មុខរបរកសិកម្ម ដាំបន្លែ ចិញ្ចឹមសត្វ ការបង្កើតតំបន់ទេសចរណ៍ ការផ្តល់អណ្តូងទឹក សាលារៀន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ចាប់ពីឆ្នាំ២០១៦មក កម្ពុជាបានរកចំណូលប្រមាណជាង ១១,៦លានដុល្លារអាមេរិក ពីការលក់ឥណទានកាបូនពីគម្រោង REDD+ តំបន់ជួរភ្នំក្រវាញខាងត្បូង ដែលមានផ្ទៃដីជាង ៤៤ម៉ឺនហិកតា និងគ្រប់គ្រងរួមគ្នាដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA)។

លោក ខ្វៃ អាទិត្យា បានបន្តថា គម្រោងនេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់ បានជួយកំណត់អត្តសញ្ញាណ និងព្រំប្រទល់ព្រៃឈើ ព្រមទាំងទីតាំងគោរពបូជារបស់សហគមន៍ជនជាតិដើមភាគតិច។ នៅពេលដែលប្រជាពលរដ្ឋមានជីវភាព និងផលិតកម្មកសិកម្មកាន់តែប្រសើរ ពួកគេនឹងកាត់បន្ថយការចូលព្រៃកាប់ឈើ ឬបរបាញ់សត្វព្រៃ ដែលជាគោលដៅស្នូលនៃការការពារព្រៃឈើប្រកបដោយនិរន្តរភាព។

បច្ចុប្បន្ន រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ រហូតដល់ប្រមាណ ៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា ស្មើនឹងប្រមាណ ៧,៣លានហិកតា ដែលរួមមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ និងតំបន់ការពារផ្សេងៗទៀត សរុបចំនួន ៦៩កន្លែង។

តាមរយៈការអភិរក្សទាំងនេះ កម្ពុជាអាចផលិតឥណទានកាបូនលើសពី ១០លានតោន ក្នុងមួយឆ្នាំ ដើម្បីទទួលបានថវិកាក្នុងក្របខណ្ឌការទូទាត់ផ្អែកតាមលទ្ធផលពីមូលនិធិអាកាសធាតុបៃតង៕