អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់សារធាតុញៀន

20-07-2026 15:28

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការបញ្ជូននេះធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់បានជាបន្តបន្ទាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥:៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីជនរងគ្រោះឈ្មោះ ឈួង ប៊ុនហ៊ាង បានបាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០២៥។

ក្រោយទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព រហូតកំណត់មុខសញ្ញាបាន។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖ ឈ្មោះ យ៉ុង ដានិត ហៅក្រៅ តេវ ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ វិសាល ប្រុសពៅ ហៅក្រៅ ពៅ ភេទប្រុស អាយុ២៥ឆ្នាំ រួមទាំងដកហូតបានវត្ថុតាងម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង។

ក្រោយការឃាត់ខ្លួន និងធ្វើតេស្តទឹកនោម ជនសង្ស័យទាំងពីរនាក់បានបង្ហាញលទ្ធផលវិជ្ជមាន (+) ចំពោះសារធាតុញៀន។ ជនសង្ស័យទាំងពីរនាក់ក៏បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ហើយកន្លងមកក៏ធ្លាប់ជាប់មណ្ឌលកែប្រែផងដែរ ជាពិសេសឈ្មោះ វិសាល ប្រុសពៅ ធ្លាប់ជាប់មណ្ឌលកែប្រែភ្នំបាក់រហូតដល់០៤ដង។

ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានបញ្ជាក់ថា ប្រតិបត្តិការនេះទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕