ស្ថានទូតឥណ្ឌា និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចុះ MoU លើគម្រោងផ្តល់ផលរហ័ស ដើម្បីបង្កើតបន្ទប់សន្និសីទវីដេអូពីចម្ងាយ និងធ្វើទំនើបកម្មមន្ទីរពិសោធន៍វិស្វកម្មអគ្គិសនី

20-07-2026 15:38

(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (SBKU) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្តគម្រោងដែលផ្តល់ផលរហ័ស (Quick Impact Project – QIP) ក្រោមប្រធានបទ «ការបង្កើតបន្ទប់សន្និសីទវីដេអូពីចម្ងាយ និងការធ្វើទំនើបកម្មមន្ទីរពិសោធន៍វិស្វកម្មអគ្គិសនី នៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី»។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការនិមន្ត និងអញ្ជើញចូលរួមជាអធិបតីភាព និងជាសាក្សីពីសំណាក់ព្រះសង្ឃ តំណាងសាកលវិទ្យាល័យ សមាជិកគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិតជាច្រើនរូប។

គម្រោងដែលផ្តល់ផលរហ័សនេះ នឹងបង្កើតឱ្យមានបន្ទប់សន្និសីទវីដេអូពីចម្ងាយដ៏ទំនើបមួយ ព្រមទាំងធ្វើការកែលម្អ និងធ្វើទំនើបកម្មមន្ទីរពិសោធន៍វិស្វកម្មអគ្គិសនីរបស់សាកលវិទ្យាល័យ ដែលនឹងផ្តល់លទ្ធភាពកាន់តែប្រសើរដល់និស្សិត និងសាស្ត្រាចារ្យ ក្នុងការទទួលបានការអប់រំបែបឌីជីថល ការផ្លាស់ប្តូរការសិក្សាតាមប្រព័ន្ធនិម្មិត (Virtual Academic Exchanges) និងការអនុវត្តជាក់ស្តែងក្នុងវិស័យវិស្វកម្ម។ គម្រោងនេះមានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធអប់រំរបស់សាកលវិទ្យាល័យ និងពង្រីកឱកាសនៃកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឧត្តមសិក្សា និងអ្នកជំនាញនានា។

ក្នុងឱកាសនោះលោកឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung បានគូសបញ្ជាក់ពីទំនាក់ទំនងអារ្យធម៌ដ៏ជ្រាលជ្រៅ និងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ដែលមានឫសគល់ជាច្រើនសតវត្សមកហើយ តាមរយៈការផ្លាស់ប្តូរខាងសាសនា និងវប្បធម៌ ជាពិសេសបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏មានតម្លៃរួម។ លោកបានកត់សម្គាល់ថា វិស័យអប់រំ បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស បានក្លាយជាសសរស្តម្ភដ៏សំខាន់នៃភាពជាដៃគូដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌា ក្នុងការគាំទ្រដល់ស្ថាប័ននានាដែលបណ្តុះបណ្តាលយុវជនឱ្យមានចំណេះដឹង និងជំនាញចាំបាច់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិ។

គម្រោងនេះត្រូវបានកសាងឡើងផ្អែកលើភាពជាដៃគូដ៏យូរអង្វែងរបស់ប្រទេសឥណ្ឌា ជាមួយពុទ្ធិកសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា។ តាមរយៈគម្រោងដែលផ្តល់ផលរហ័ស (QIP) កន្លងមក ប្រទេសឥណ្ឌាបានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន (IT Centres) នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ និងសាខាខេត្តបាត់ដំបង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។

ថ្មីៗនេះស្ថានទូតឥណ្ឌាក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដើម្បីផ្តល់គ្រឿងសង្ហារិម និងឧបករណ៍កុំព្យូទ័រសម្រាប់អគារស្នាក់នៅថ្មីរបស់និស្សិតស្រី។ គំនិតផ្តួចផ្តើមទាំងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរវាងឥណ្ឌា និងកម្ពុជា ក្នុងការលើកកម្ពស់ឱកាសអប់រំ និងពង្រឹងសមត្ថភាពរបស់ស្ថាប័នអប់រំ និងយុវជនកម្ពុជា។

ប្រទេសកម្ពុជា នៅតែជាដៃគូដ៏មានតម្លៃក្រោម «នយោបាយឆ្ពោះទៅទិសខាងកើត» (Act East Policy) របស់ឥណ្ឌា និងក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា» (Mekong–Ganga Cooperation)។ ប្រទេសឥណ្ឌាអនុវត្តគម្រោងដែលផ្តល់ផលរហ័ស (QIP) ចំនួន ១០ គម្រោងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា លើវិស័យអាទិភាពនានា រួមមាន៖ វិស័យអប់រំ សុខាភិបាល ការលើកកម្ពស់ស្ត្រី អនាម័យ កសិកម្ម និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

គិតមកទល់ពេលនេះគម្រោង QIP ចំនួន ៧៤ ត្រូវបានអនុម័ត ដោយក្នុងនោះមាន ៥៥គម្រោងត្រូវបានបញ្ចប់ដោយជោគជ័យ និង ១៩គម្រោងទៀតកំពុងស្ថិតក្នុងដំណាក់កាលអនុវត្ត។ គម្រោងទាំងអស់នេះ សុទ្ធតែស្របតាមអាទិភាពដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីៗទាំងនេះ បានសង្កត់ធ្ងន់បន្ថែមទៀតលើភាពជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា ដោយផ្តោតលើផលប៉ះពាល់នៅថ្នាក់មូលដ្ឋាន ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព៕