ទឹកប្រាក់១៨ម៉ឺនដុល្លារ បេះដូងកតញ្ញូ! លោកស្រី ណូ សុភា ឧបត្ថម្ភជូនដល់លោកគ្រូ-អ្នកគ្រូចាស់ជរា ១៨នាក់ នៅខេត្តកំពង់ធំ
20-07-2026 16:17
(កំពង់ធំ)៖ រូបភាពដ៏ក្តុកក្តួល និងពោរពេញដោយស្នាមញញឹមនៃក្តីរំភើបមួយ បាននិងកំពុងអង្រួនបេះដូងអ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង ក្រោយពេលដែលលោកស្រីឧកញ៉ា ណូ សុភា ហៅ «Sophea Böttcher» បានសម្រេចចិត្តធ្វើរឿងដ៏អស្ចារ្យមួយ ដើម្បីតបស្នងសងគុណលោកគ្រូ-អ្នកគ្រូ ដែលធ្លាប់បានផ្តល់ចំណេះដឹង និងបណ្តុះបណ្តាលរូបលោកស្រីកាលពីកុមារភាព។
នៅក្នុងកាយវិការដ៏ប្រពៃនេះ លោកស្រីឧកញ៉ាបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១០,០០០ ដុល្លារអាមេរិកក្នុងម្នាក់ ជូនដល់លោកគ្រូ-អ្នកគ្រូចាស់ជរាចំនួន ១៨នាក់ ដែលស្មើនឹងទឹកប្រាក់សរុប ១៨០,០០០ ដុល្លារអាមេរិក។ ថវិកាទាំងនេះត្រូវបានបែងចែកជូនជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងថ្លៃព្យាបាលជំងឺក្នុងវ័យជរារបស់ពួកគាត់។
«មានថ្ងៃនេះ ព្រោះមានលោកគ្រូអ្នកគ្រូ»។ នេះជាសារស្តែងចេញពីបេះដូងដ៏បរិសុទ្ធរបស់លោកស្រីឧកញ៉ា ដែលទោះបីជាបច្ចុប្បន្នមានឋានៈខ្ពង់ខ្ពស់ និងជោគជ័យក្នុងឆាកជីវិតយ៉ាងណាក៏ដោយ ក៏មិនដែលបំភ្លេចដើមកំណើត និងអ្នកដែលធ្លាប់កាន់ដៃបង្រៀនអក្សរដំបូងៗនោះឡើយ។ បំណងប្រាថ្នាដ៏ធំធេងបំផុតរបស់ម្ចាស់ជំនួយរូបនេះ គឺការបានឃើញលោកគ្រូ អ្នកគ្រូមានជីវភាពរស់នៅប្រកបដោយភាពកក់ក្តៅ សេចក្តីថ្លៃថ្នូរ និងសមរម្យក្នុងវ័យជរា ដើម្បីជាការតបស្នងសងគុណដ៏ខ្ពង់ខ្ពស់ចំពោះ «វិស្វករព្រលឹង» ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ញើសឈាម និងពេលវេលាពេញមួយជីវិត ក្នុងបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សជូនជាតិ។
លោកស្រី ណូ សុភា ដែលមហាជនស្គាល់តាមរយៈបណ្ដាញសង្គមថា Sophea Böttcher បានថ្លែងថា «ថ្ងៃនេះ ខ្ញុំពិតជារំភើប និងពោរពេញដោយសេចក្ដីដឹងគុណ ដែលបានមានឱកាសជួប និងតបស្នងដល់លោកគ្រូ អ្នកគ្រូចូលនិវត្តន៍ចំនួន ១៨រូប ដែលធ្លាប់បង្រៀនខ្ញុំនៅខេត្តកំពង់ធំ ដោយបានផ្តល់ថវិកាសរុបចំនួន ១៨០,០០០ ដុល្លារអាមេរិក។ លោកគ្រូ អ្នកគ្រូ គឺជាអ្នកដែលបានផ្តល់ទាំងចំណេះដឹង អប់រំចិត្តគំនិត និងបង្ហាញផ្លូវជីវិតឱ្យខ្ញុំ។ បើគ្មានការខិតខំប្រឹងប្រែង ការអត់ធ្មត់ និងការលះបង់របស់លោកគ្រូ អ្នកគ្រូ ក៏ប្រហែលជាខ្ញុំមិនអាចមានថ្ងៃនេះដែរ។ អំណោយនេះ មិនអាចតបស្នងគុណដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូបានឡើយ។ ប៉ុន្តែខ្ញុំសង្ឃឹមថា វាអាចបង្ហាញពីការគោរព ការដឹងគុណ និងទឹកចិត្តរបស់សិស្សម្នាក់ ដែលមិនដែលភ្លេចគុណលោកគ្រូ អ្នកគ្រូ។ ជូនចំពោះលោកគ្រូ អ្នកគ្រូជាទីគោរពរបស់ខ្ញុំ សូមអរគុណសម្រាប់អ្វីៗគ្រប់យ៉ាងដែលលោកគ្រូ អ្នកគ្រូបានផ្តល់ឱ្យខ្ញុំ។ ការបានត្រឡប់មកជួប និងមានឱកាសតបស្នងដល់លោកគ្រូ អ្នកគ្រូវិញ គឺជាកិត្តិយស និងសុភមង្គលដ៏ធំមួយក្នុងជីវិតរបស់ខ្ញុំ។ សូមជូនពរលោកគ្រូ អ្នកគ្រូទាំងអស់ មានសុខភាពល្អ អាយុយឺនយូរ និងពោរពេញដោយសេចក្ដីសុខជានិច្ច»។
ការចូលរួមលើកកម្ពស់គុណភាពជីវិតរបស់ពួកគាត់ក្នុងវ័យនិវត្តន៍នេះ មិនត្រឹមតែជាសក្ខីកម្មនៃការផ្តល់តម្លៃ ចំពោះការលះបង់ជាច្រើនទសវត្សរ៍កន្លងមកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការនាំមកនូវស្នាមញញឹម ភាពសុខសាន្ត និងកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលអ្នកមានគុណក្នុងវិស័យអប់រំសមទទួលបានបំផុតពីសង្គមជាតិ។ ជាក់ស្ដែងខណៈពេលទទួលថវិកា លោកគ្រូ-អ្នកគ្រូចាស់ៗស្ទើរតែទប់ទឹកភ្នែករំភើបមិនចង់បាន ព្រោះមិននឹកស្មានថា សិស្សដែលខ្លួនធ្លាប់បង្ហាត់បង្រៀនពីតូច ក្លាយជាបុគ្គលជោគជ័យហើយ នៅតែចងចាំ និងវិលមកតបស្នងសងគុណពួកគាត់វិញ ទាំងក្តីអាណិតស្រលាញ់បែបនេះ។
មហាជនមើលតម្លៃស៊ីជម្រៅ ៣ ចំណុចពីទង្វើដ៏ថ្លៃថ្លារបស់ឧកញ៉ា ណូ សុភា រួមមាន៖
*ទី១៖ ការលើកកម្ពស់តម្លៃគ្រូបង្រៀន, ក្នុងយុគសម័យដែលមនុស្សជារឿយៗ វាស់វែងភាពជោគជ័យលើទ្រព្យសម្បត្តិ សកម្មភាពនេះបានរំលេចឡើងវិញយ៉ាងច្បាស់នូវទស្សនទាន «គុណគ្រូ»។ ការដែលបុគ្គលជោគជ័យកម្រិតខ្ពស់ ងាកមកសំពះឱបក្រសោប និងផ្តល់កិត្តិយសដល់គ្រូជរា គឺជាគំរូដ៏ល្អជក់ចិត្តសម្រាប់សង្គមទាំងមូល។
*ទី២៖ សកម្មភាពជាក់ស្តែងជាជាងទ្រឹស្តី, នេះមិនមែនជាការចែករំលែកត្រឹមតែពាក្យសម្តី នៅលើបណ្តាញសង្គមនោះទេ តែជាការចុះទៅជួយសម្រាលបន្ទុកជីវភាព និងថ្លៃព្យាបាលជំងឺរបស់គ្រូចាស់ៗ ចំពេលដែលពួកគាត់ត្រូវការបំផុត ដែលជា «ឱសថទិព្វផ្លូវចិត្ត» ដ៏មានន័យ។
*ទី៣៖ ការសាងរូបភាពវិជ្ជមានក្នុងចិត្តមហាជន, សកម្មភាពនេះបានជួយកសាងរូបភាពរបស់លោកស្រីឧកញ៉ា ណូ សុភា ឱ្យក្លាយជា «សហគ្រិនគំរូដែលមានបេះដូងកតញ្ញូ» ដែលជាប្រភេទបុគ្គលិកលក្ខណៈដែលសង្គមខ្មែរផ្តល់តម្លៃខ្ពស់បំផុត និងស្រឡាញ់គាំទ្រដោយគ្មានលក្ខខណ្ឌ។
ជារួម ទង្វើដ៏មនុស្សធម៌ និងពោរពេញដោយកតញ្ញុតាធម៌របស់លោកស្រីឧកញ៉ា ណូ សុភា បានក្លាយជាសារដាស់តឿនស្មារតីកូនខ្មែរគ្រប់រូប ឱ្យស្គាល់គុណតម្លៃនៃអ្នកមានគុណទីពីរ និងជាគំរូដ៏ល្អត្រកាលក្នុងការមិនបំភ្លេចគុណគ្រូបង្រៀន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ មិនត្រឹមតែលោកគ្រូ-អ្នកគ្រូនៅក្នុងខេត្តកំពង់ធំ ឬអតីតលោកគ្រូ-អ្នកគ្រូដែលធ្លាប់បង្រៀនលោកស្រីឧកញ៉ាប៉ុណ្ណោះទេ ប៉ុន្តែក៏មានលោកគ្រូ-អ្នកគ្រូដែលមានជីវភាពខ្វះខាត នៅតាមបណ្ដាខេត្តនានាជាច្រើនទៀត ទទួលបានអំណោយឧបត្ថម្ភ និងជំនួយសង្គ្រោះរួចរាល់ផងដែរ។ ទន្ទឹមនឹងនេះ លោកស្រីឧកញ៉ាក៏បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តបេសកកម្មមនុស្សធម៌ដ៏មានអត្ថន័យនេះទៅមុខទៀត ឱ្យកាន់តែទូលំទូលាយដើម្បីសង្គមជាតិ៕

















