វិភាគអន្តរជាតិ៖ ជាមួយអ៉ីរ៉ង់ តើលោក ត្រាំ កំពុងនាំសហរដ្ឋអាមេរិកទៅរកសង្រ្គាមគ្មានទីបញ្ចប់ឬ?
20-07-2026 21:01
(វ៉ាស៊ីនតោន)៖ គ្មាននរណាម្នាក់ចាប់ផ្ដើមធ្វើសង្រ្គាមដោយរំពឹងថាគ្មានទីបញ្ចប់នោះទេ។ ប៉ុន្តែចាប់តាំងពីសម័យសង្រ្គាមវៀតណាម ប្រធានាធិបតីអាមេរិកស្ទើរគ្រប់អាណត្តិបានធ្លាក់ចូលក្នុងជម្លោះ ឬសង្រ្គាមដែលមើលទៅហាក់ដូចជាគ្មានទីបញ្ចប់ ឬក៏លុះត្រាតែប្រធានាធិបតីថ្មីឡើងមកកាន់អំណាចសម្រេចចិត្តថាសង្រ្គាមនោះធ្វើឱ្យខ្ជះខ្ជាយធនធាន និងខាតបង់ប្រយោជន៍នយោបាយធំពេក ហើយក៏ប្រកាសពីជ័យជម្នះ និងនាំកងទ័ពអាមេរិកត្រឡប់ទៅផ្ទះវិញ។ ពាក់ព័ន្ធនឹងអ៉ីរ៉ង់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថាបានធ្លាក់ចូលក្នុងអន្ទាក់ដូចគ្នានេះដែរ។
លោក ត្រាំ បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាមួយការសន្យាបញ្ចប់សង្រ្គាម មិនមែនដុតបញ្ឆេះសង្រ្គាមទេ ហើយមិនបណ្ដោយឱ្យសហរដ្ឋអាមេរិកជាប់ផុងក្នុងសង្រ្គាមគ្មានទីបញ្ចប់ ជាពិសេសដូចជាក្នុងតំបន់មជ្ឈិមបូព៌ាឡើយ។ ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថាលោក ត្រាំ កំពុងនាំសហរដ្ឋអាមេរិកចូលក្នុងសង្រ្គាមបែបនេះក្នុងជម្លោះជាមួយអ៉ីរ៉ង់។ សង្រ្គាមអ៉ីរ៉ង់ដែលចាប់ផ្ដើមដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានបង្កើតជាស្ថានភាពឆ្លាស់មួយរវាងការចរចាតាមការទូត និងការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក។ មកទល់នឹងពេលនេះ ទាំងការប្រើយោធា និងការទូតមិនទាន់អាចជួយលោក ត្រាំ សម្រេចគោលដៅរបស់លោកដែលលោកផ្ទាល់ធ្លាប់បានប្រកាសជាសាធារណៈដូចជាការផ្លាស់ប្ដូររបបដឹកនាំអ៉ីរ៉ង់ ឬក៏បិទបញ្ចប់កម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់នៅឡើយទេ។ ផ្ទុយទៅវិញ សង្រ្គាមបានបង្កើតជាសមរភូមិថ្មីមួយពិបាកដោះស្រាយ នោះគឺការបើកចំហច្រកសមុទ្រ Hormuz។
ក្នុងគ្រាដែលកិច្ចចរចាការទូតបានជាប់គាំង លោក ត្រាំបានធ្លាក់ចូលក្នុងស្ថានភាពសង្រ្គាមសាជាថ្មី បទឈប់បាញ់ដួលរលំ ហើយច្រកសមុទ្រ Hormuz ត្រូវបានបិទខ្ទប់ រីឯអនុស្សារណៈយោគយល់មានអាយុមិនទាន់ដល់មួយខែស្រួលបួលផង និងដែលលោក ត្រាំ ចាត់ទុកថាជាជ័យជម្នះមួយរបស់សហរដ្ឋអាមេរិក បានប្រែក្លាយទៅជាអនុស្សារណៈនៃការយល់ច្រឡំ។ លោក Ali Vaez ជានាយកគម្រោងស្ដីពីអ៉ីរ៉ង់មកពីស្ថាប័ន International Crisis Group បាននិយាយថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានសម្លឹងឃើញថាអនុស្សារណៈយោគយល់គ្រាន់តែជាមធ្យោបាយមួយដើម្បីបន្តធ្វើសង្រ្គាមប៉ុណ្ណោះ មិនមែនជាស្ពានឆ្ពោះទៅរកសន្តិភាពនោះទេ។ តាមអ្នកជំនាញរូបនេះ ប្រសិនបើមិនមានយុទ្ធសាស្ត្ររយៈពេលវែងមួយដើម្បីបង្កើតជាការផ្សះផ្សារយូរអង្វែងទេ នោះវាមានហានិភ័យនៃការបង្កើតលក្ខខណ្ឌនាំទៅរកសង្រ្គាមគ្មានទីបញ្ចប់។
គំនិតនៃសង្រ្គាមគ្មានទីបញ្ចប់បានផុសឡើងក្រោយមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា និងសង្រ្គាមប្រឆាំងភេរវកម្មដែលបានរុញច្រានឱ្យសហរដ្ឋអាមេរិកជាប់ផុងក្នុងប្រតិបត្តិការយោធាយូរអង្វែង ដល់រាប់ទសវត្សរ៍ តួយ៉ាងដូចជាសង្រ្គាមនៅអាហ្វហ្កានីស្ថាន និងអ៉ីរ៉ាក់។ សង្រ្គាមទាំងនោះបានចាប់ផ្ដើមជាមួយការផ្ដួលរំលំរបបដឹកនាំដែលអាមេរិកចាត់ទុកជាសត្រូវ មុននឹងប្រែក្លាយសង្រ្គាម ទៅជាប្រតិបត្តិការប្រឆាំងភេរវកម្ម ហើយបានបិទបញ្ចប់ទៅដោយគ្មានជ័យជម្នះពិតប្រាកដ បន្ទាប់ពីចំណាយជីវិតកងទ័ព និងធនធានយ៉ាងសន្ធឹកសន្ធាប់។ «មេដឹកនាំនៃប្រទេសមហាអំណាចយោធាតែងតែយល់ច្រឡំថាសង្រ្គាមរបស់ពួកគេនឹងបញ្ចប់ក្នុងរយៈពេលខ្លី ហើយពួកគេគិតថាពួកគេអាចឈ្នះយ៉ាងងាយស្រួលដោយមិនប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនោះទេ»។ នេះជាការលើកឡើងរបស់លោក Lawrence D. Freedman ជាអ្នកជំនាញសិក្សាពីសង្រ្គាមមកពីសាកលវិទ្យាល័យ King’s College មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍។ លោកបន្ថែមថាដូចគ្នាទៅនឹងលោក ត្រាំ ក្នុងសង្រ្គាមអ៉ីរ៉ង់ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសង្រ្គាមអ៊ុយក្រែន ពួកគេហាក់មិនទទួលស្គាល់ព្រំដែនកំណត់នៃអំណាចយោធាឡើយ។ ដូច្នេះទើបពួកគេកំណត់គោលដៅដែលអាចសម្រេចបានតាមរយៈសង្រ្គាម ឬការតស៊ូដ៏វែងអន្លាយ។
ក្នុងន័យនេះទោះបីជាមានកងកម្លាំងយោធាទំនើបបំផុតក៏ដោយ ក៏មិនទាន់គ្រប់គ្រាន់ដែរ ប្រសិនបើគ្មានយុទ្ធសាស្ត្រដើម្បីប្រែក្លាយឧត្តមភាពនៅលើសមរភូមិទៅជាជ័យជម្នះយូរអង្វែងខាងនយោបាយ និងការទូតទេនោះ។ លោក ត្រាំកំពុងប្រឈមនឹងបញ្ហាបន្ថែមលើបញ្ហា នោះគឺលោកកំពុងព្យាយាមយកជ័យជម្នះដោយប្រើប្រាស់ត្រឹមតែអំណាចតាមផ្លូវអាកាស និងផ្លូវទឹក ដោយមិនបញ្ជូនទ័ពថ្មើរជើងចូលអ៉ីរ៉ង់។ សង្រ្គាមឈូងសមុទ្រពែក្សឆ្នាំ១៩៩១ សហរដ្ឋអាមេរិកបានទទួលជ័យជម្នះក្នុងរយៈពេលខ្លី ពីព្រោះអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush បានកំណត់គោលដៅនយោបាយធំ នោះគឺបណ្ដេញកងទ័ពអ៉ីរ៉ាក់របស់អតីតមេដឹកនាំសាដាំ ហូសេន ចេញពីប្រទេសកូវ៉ែតប៉ុណ្ណោះ។ តែមេរៀននេះមិនត្រូវបានកូនប្រុសរបស់លោក គឺអតីតប្រធានាធិបតីអាមេរិក លោក George W. Bush រៀនសូត្រតាមនោះទេក្នុងសង្រ្គាមលើកទី២ ប្រឆាំងអ៉ីរ៉ាក់ដែលបានបិទបញ្ចប់ទៅជាមួយការធ្វើឱ្យអំណាចរបស់អ៉ីរ៉ង់កាន់តែរីកធំ នៅក្នុងតំបន់។ ក្នុងសង្រ្គាមអាហ្វហ្កានីស្ថាន នៅបន្ទាប់ពីលោក George W. Bush បណ្ដេញតាលីបង់ចេញពីអំណាច លោក និងប្រធានាធិបតីបន្តវេនពីរូបលោកបានព្យាយាមកែប្រសង្គមអាហ្វហ្កានីស្ថាន តែនៅពេលវ៉ាស៊ីនតោនធុញទ្រាន់នឹងកិច្ចការមួយនេះ នៅទីបំផុតទៅ ក្រុមតាលីបង់បានត្រឡប់មកកាន់អំណាចសាជាថ្មី។
លោក ត្រាំខ្លួនឯងក៏ធ្លាប់បាននិយាយដែរថាលោកសម្រេចចិត្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ដើម្បីបញ្ចប់នូវអ្វីដែលលោកចាត់ទុកថាជាសង្រ្គាម ៤៧ឆ្នាំរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដែលផ្ទុះឡើង ក្រោយរបបរាជានិយមអ៉ីរ៉ង់ដួលរលំ និងការចាប់ខ្លួនជនជាតិអាមេរិក ៦០នាក់ជាចំណាប់ខ្មាំង។ «សង្រ្គាមគ្មានទីបញ្ចប់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់គ្រាន់តែជាជំពូកថ្មីនៃជម្លោះមួយដែលជួនកាលវាក្ដៅ ជួនកាលវាចុះត្រជាក់តាមរយៈកិច្ចព្រមព្រៀង ដូចជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ លោក ត្រាំបានហែកចោលកាលពីឆ្នាំ២០១៨»។ នេះជាការយល់ឃើញរបស់លោក Vali Nasr ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Johns Hopkins។
ជាការពិតណាស់ សង្រ្គាមអ៉ីរ៉ង់មានលក្ខណៈខុសគ្នាស្រឡះបើប្រៀបធៀបទៅនឹងសង្រ្គាមអាហ្វហ្កានីស្ថាន និងសង្រ្គាមលើកទី២ប្រឆាំងអ៉ីរ៉ាក់។ ក្នុងសង្រ្គាមទាំង២នេះសហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ពអាមេរិករាប់ម៉ឺននាក់សម្រាប់រយៈពេលវែង ដើម្បីប្រយុទ្ធជាមួយក្រុមភេរវករ និងក្រុមសកម្មយុទ្ធដែលធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលថ្មីគាំទ្រដោយអាមេរិកប៉ុណ្ណោះ មិនមែនប្រយុទ្ធជាមួយប្រទេសដូចជាអ៉ីរ៉ង់នោះទេ។ ម្យ៉ាងវិញទៀតខុសគ្នាពីសង្រ្គាមវៀតណាម អ៉ីរ៉ាក់ ឬអាហ្វហ្កានីស្ថាន អ៉ីរ៉ង់អាចបង្កការខាតបង់សេដ្ឋកិច្ចដល់សហរដ្ឋអាមេរិក តាមរយៈការបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលឥលូវក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ និងជាហេតុផលចម្បងមួយដែលអ៉ីរ៉ង់នឹងមិនបោះបង់ចោលការគ្រប់គ្រងលើច្រកសមុទ្រនេះឡើយ។
លោកស្រី Suzanne Maloney ជានាយកគោលនយោបាយការបរទេសមកពីស្ថាប័ន Brookings Institution យល់ថាវានឹងមិនមានការវិលត្រឡប់ទៅរកស្ថានភាពដើម មុនសង្រ្គាមផ្ទុះឡើងនោះទេ ពីព្រោះចាប់ពីឥលូវទៅ ការធ្វើនាវាចរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរី និងគ្មានការរំខានប្រហែលជាបានបញ្ចប់ទៅហើយ។ លោកស្រីបន្ថែមថាវាអាចនឹងមានស្ថានភាពធម្មតាថ្មីមួយ តែវានឹងតម្រូវឱ្យសហរដ្ឋអាមេរិករក្សាទុកកងកម្លាំងយោធា និងសព្វាវុធច្រើនជាងមុននៅក្នុងតំបន់ ដោយសារតែសមត្ថភាពរបស់អ៉ីរ៉ង់ក្នុងការវាយប្រហារលើកប៉ាល់ដឹកទំនិញ។
តាមលោក Vaez ទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានបង្ហាញថាពួកគេមិនអាចសូម្បីតែអនុវត្តតាមកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយដែលទុកបញ្ហាធំៗត្រូវដោះស្រាយនៅពេលក្រោយ។ បានន័យថាប្រសិនបើពួកគេមិនអាចសូម្បីតែអនុវត្តតាមកិច្ចព្រមព្រៀងបឋម នោះវាអាចនឹងប្រែក្លាយការប្រឈមមុខដាក់គ្នាម្ដងម្កាលទៅជាសង្រ្គាមគ្មានទីបញ្ចប់៕









