* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងព័ត៌មាន គាំទ្រកិច្ចសហការរវាងមន្ទីរព័ត៌មាន និងអាជ្ញាធរខេត្តសៀមរាប ក្នុងការការពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានលើការគ្រប់គ្រងព័ត៌មាន

20-07-2026 21:58

(សៀមរាប)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគាំទ្រគម្រោងសហការរវាងមន្ទីរព័ត៌មានខេត្តសៀមរាប និងអាជ្ញាធរខេត្ត ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពដល់មន្ត្រីរាជការក្រុង ស្រុក ឃុំ និងសង្កាត់ អំពីមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មាន និងការគ្រប់គ្រងព័ត៌មាននៅតាមមូលដ្ឋាន។

ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពីការងារព័ត៌មាន និងសាធារណមតិ ជូនមន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា កិច្ចសហការល្អរវាងមន្ទីរ និងអាជ្ញាធរខេត្ត គឺជាជំហានថ្មីមួយទៀតក្នុងការបណ្តុះបណ្តាល និងចងក្រងបណ្តាញព័ត៌មានមូលដ្ឋាន។

ការណ៍នេះ មានគោលដៅធានាការតភ្ជាប់ព័ត៌មានរវាងថ្នាក់ជាតិ និងមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាផ្សេងៗបានទាន់ពេលវេលា ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតលើបណ្តាញសង្គម ដែលអាចប៉ះពាល់ដល់សន្តិសុខ ,សណ្តាប់ធ្នាប់, វិស័យទេសចរណ៍ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។

តបតាមការអញ្ជើញរបស់ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប អ្នកនាំពាក្យក្រសួងព័ត៌មាន នឹងអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលគ្រោងនឹងរៀបចំឡើងនៅអំឡុងខែមីនា ឆ្នាំ២០២៧ ខាងមុខ។

លោក ទេព អស្នារិទ្ធ បានជំរុញឱ្យមន្ទីរព័ត៌មាន និងមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មានខេត្តសៀមរាប ពង្រឹងកិច្ចសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ធ្វើជាស្ពានសម្របសម្រួលរវាងអ្នកសារព័ត៌មាន ជាមួយអាជ្ញាធរ ដែលមានបំណងចង់ធ្វើកិច្ចសម្ភាសន៍ ឬចុះយកព័ត៌មានក្នុងមូលដ្ឋានខេត្ត ព្រមទាំងត្រូវធ្វើ ជាសេនាធិការលើវិស័យព័ត៌មាន និងសាធារណមតិជូនខេត្ត។

អនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្នុងយុគសម័យឌីជីថល ព័ត៌មានក្លែងក្លាយបាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយ។

ជាងនេះទៅទៀត លោកបានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ឱ្យពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពីវឌ្ឍនភាព សក្តានុពល និងភាពវិជ្ជមានរបស់ខេត្ត សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តឱ្យកាន់តែច្រើនកុះករ។


ជាមួយគ្នានេះ លោកបានណែនាំឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បង្កើនសកម្មភាពផ្សព្វផ្សាយមាតិកាល្អៗលើគេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់ខ្លួន ដើម្បីក្លាយជាច្រកដ៏សំខាន់ក្នុងការផ្តល់ព័ត៌មានសម្បូរបែប និងត្រឹមត្រូវតាមវិជ្ជាជីវៈ។

លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបទទួលបន្ទុករួម បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលយកនូវរាល់អនុសាសន៍ និងមតិណែនាំដ៏មានតម្លៃ ដើម្បីពង្រឹងកិច្ចការងារគ្រប់គ្រងទូទៅ ក៏ដូចជាកិច្ចការព័ត៌មាន និងសាធារណមតិក្នុងខេត្តឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។

លោកបញ្ជាក់ថា ការប្តេជ្ញាចិត្តនេះ គឺដើម្បីឆ្លើយតបឱ្យចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងគោលការណ៍ដឹកនាំរបស់ថ្នាក់ដឹកនាំ ក្នុងគោលដៅរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើនឥតឈប់ឈរ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងជាពិសេសគឺការ «ទប់ស្កាត់ និងបន្សាបរាល់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានកាឡៃខុសពីការពិត» ដែលបង្កការយល់ច្រឡំដល់សង្គមជាតិ៕