វិចារណកថា! សិស្សានុសិស្ស៖ គ្រាប់ពូជនៃថ្ងៃស្អែកដ៏បៃតង

21-07-2026 14:40

(ភ្នំពេញ)៖ នៅពេលយើងគិតគូរអំពីកិច្ចគាំពារបរិស្ថាន យើងជានិច្ចកាលតែងតែរមិលមើលទៅលើរដ្ឋាភិបាលក្នុងការអនុម័តច្បាប់ ក្រុមអ្នកវិទ្យាសាស្ត្រក្នុងការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ឬអង្គការនានាក្នុងការដឹកនាំគម្រោងអភិរក្ស។ ទោះបីជាយន្តការទាំងនេះជាកត្តាចាំបាច់ដែលមិនអាចខ្វះបានក៏ដោយ ប៉ុន្តែនៅមានកម្លាំងចលករដ៏មានឥទ្ធិពលមួយទៀត ដែលជារឿយៗត្រូវបានមើលរំលង នោះគឺ «សិស្សានុសិស្សរបស់យើង»។

សិស្សានុសិស្ស មិនត្រឹមតែជាអ្នកដឹកនាំនាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជា «ប្រតិបត្តិករនៃធ្វើអោយមានបំរែបំរួល» ចាប់ពីថ្ងៃនេះតទៅ។ កុមារដែលរៀនស្គាល់ពីសេចក្តីស្រឡាញ់ចំពោះធម្មជាតិ នឹងលូតលាស់ទៅជាមនុស្សពេញវ័យដែលចេះការពារធម្មជាតិ។

សិស្សម្នាក់ដែលបដិសេធមិនប្រើប្រាស់ថង់ប្លាស្ទិកនៅថ្ងៃនេះ គឺជាអ្នកជំរុញឱ្យក្រុមគ្រួសារទាំងមូលផ្លាស់ប្តូរទម្លាប់នៅថ្ងៃស្អែក។ ថ្នាក់រៀនមួយដែលរួមគ្នាដាំដើមឈើមួយដើម គឺជាប្រភពនៃការបំផុសគំនិតដល់សហគមន៍ទាំងមូលឱ្យស្គាល់ពីតម្លៃនៃព្រៃឈើ។ ដំណើរឆ្ពោះទៅរកប្រជាជាតិមួយដែលកាន់តែស្អាត កាន់តែបៃតង និងមានចីរភាព ជានិច្ចកាលតែងតែចាប់ផ្តើមចេញពីមេរៀនមួយដំបូងនៅក្នុងសាលារៀន។

ស្រទាប់យុវវ័យមាននូវគុណសម្បត្តិដ៏អស្ចារ្យ៖ សេចក្តីប៉ងប្រាថ្នាចង់ចេះចង់ដឹង ភាពស្វាហាប់ ការច្នៃប្រឌិត និងភាពក្លាហានក្នុងការទទួលយកការផ្លាស់ប្តូរ។ ពួកគេមានឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ ឆាប់ចាប់យកទម្លាប់ល្អៗ និងត្រៀមខ្លួនជានិច្ចក្នុងការបំផុសគំនិតដល់អ្នកដទៃ។

នៅពេលសិស្សានុសិស្សយល់ច្បាស់ថា ហេតុអ្វីបានជាខ្យល់បរិសុទ្ធមានសារៈសំខាន់ ហេតុអ្វីបានជាព្រៃឈើជាអ្នកការពារអនាគតរបស់យើង ហេតុអ្វីបានជាទន្លេបឹងបួត្រូវតែគ្មានការបំពុល និងហេតុអ្វីបានជាសត្វព្រៃសមស្របនឹងទទួលបានការគាំពារ នោះការងារអភិរក្សបរិស្ថាននឹងមិនមែនត្រឹមតែជាមុខវិជ្ជាសិក្សានៅក្នុងថ្នាក់រៀនទៀតឡើយ ប៉ុន្តែវាបានក្លាយជា «របៀបវារៈនៃការរស់នៅ» របស់ពួកគេ។ ឥទ្ធិពលរបស់សិស្សានុសិស្ស មានវិសាលភាពលាតសន្ធឹងហួសពីរបងសាលារៀន។

ជារៀងរាល់ថ្ងៃ នៅពេលសិស្សត្រឡប់ទៅផ្ទះវិញ ពួកគេមិនត្រឹមតែនាំយកសៀវភៅ និងកិច្ចការផ្ទះនោះទេ ប៉ុន្តែថែមទាំងនាំទៅជាមួយនូវផ្នត់គំនិតថ្មីៗផងដែរ។ ពួកគេរំលឹកមាតាបិតារបស់ខ្លួនមិនឱ្យចោលសំរាមពាសវាលពាសកាល។ ពួកគេជំរុញក្រុមគ្រួសារឱ្យកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ពួកគេបង្រៀនបងប្អូនឱ្យចេះសន្សំសំចៃទឹក បិទភ្លើងដែលមិនចាំបាច់ ចេះញែកសំរាម និងដាំដើមឈើ។ នៅក្នុងគ្រួសារជាច្រើន កូនៗបានក្លាយជាអ្នកតស៊ូមតិដ៏សកម្មបំផុតសម្រាប់ការទទួលខុសត្រូវលើបរិស្ថាន។

នេះហើយជាវិធីសាស្ត្រដែលការប្រែប្រួលពិតប្រាកដត្រូវបានរីកសាយភាយ ដោយវាមិនមែនកើតឡើងតាមរយៈការបង្ខិតបង្ខំនោះទេ ប៉ុន្តែតាមរយៈការយល់ដឹង និងមិនមែនកើតឡើងដោយសារការភ័យខ្លាចឡើយ ប៉ុន្តែតាមរយៈការបំផុសគំនិត។

សាលារៀនមានតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំការផ្លាស់ប្តូរទម្រង់នេះ។ ការអប់រំបរិស្ថានមិនគួរកម្រិតត្រឹមតែនៅក្នុងសៀវភៅសិក្សានោះឡើយ ប៉ុន្តែវាត្រូវតែស្តែងចេញតាមរយៈសកម្មភាពជាក់ស្តែង។ សិស្សានុសិស្សគួរតែបានដាំដើមឈើ ថែទាំសួនច្បារសាលា សម្អាតថ្នាក់រៀន ចូលរួមក្នុងកម្មវិធីកែច្នៃកាកសំណល់ ការពារជីវៈចម្រុះ និងស្វែងយល់ពីសម្រស់ធម្មជាតិដោយផ្ទាល់។

បទពិសោធន៍ទាំងនេះនឹងជួយបណ្តុះស្មារតីទទួលខុសត្រូវ ការងារជាក្រុម សេចក្តីមេត្តាករុណា និងក្តីមោទនភាពក្នុងការថែរក្សាពិភពលោកជុំវិញខ្លួនពួកគេ។ ការចូលរួម ក៏ជួយបណ្តុះស្មារតី និងគុណធម៌បុគ្គលផងដែរ។ នៅពេលសិស្សានុសិស្សសហការគ្នា សម្អាតសួនច្បារសាធារណៈ ពួកគេរៀនសូត្របានថារាល់កាកសំណល់ដែលត្រូវបានរើសចេញ គឺជាសកម្មភាពនៃសេចក្តីថ្លៃថ្នូរ និងការគោរពចំពោះសហគមន៍របស់ខ្លួន។

នៅពេលពួកគេដាំដើមឈើមួយដើម ពួកគេរៀនពីភាពអត់ធ្មត់ ព្រោះដើមឈើលូតលាស់យឺតៗ ប៉ុន្តែផ្តល់ផលប្រយោជន៍រាប់ជំនាន់។ នៅពេលពួកគេការពារសត្វព្រៃ ពួកគេយល់ថារាល់សត្វលោកដែលមានជីវិតទាំងអស់សុទ្ធតែមានតម្លៃ។ មេរៀនទាំងនេះមានតម្លៃលើសពីកិច្ចគាំពារបរិស្ថាន ព្រោះវាបានសូនរូបពួកគេឱ្យក្លាយជាពលរដ្ឋគំរូ និងមានការទទួលខុសត្រូវខ្ពស់។

កិច្ចគាំពារបរិស្ថាន មិនមែនជាការបង្កើតយុទ្ធនាការតែមួយថ្ងៃ ឬជាសកម្មភាពជានិម្មិតរូបនោះឡើយ។ វាជាការបណ្តុះទម្លាប់រស់នៅអស់មួយជីវិត។ ទម្លាប់ល្អៗដែលត្រូវបានបង្កើតឡើងតាំងពីវ័យកុមារ នឹងក្លាយជាគុណតម្លៃសម្រាប់ដឹកនាំការសម្រេចចិត្តរហូតដល់វ័យដឹងក្តី។

សិស្សដែលធំដឹងក្តីឡើងដោយក្តីគោរពចំពោះធម្មជាតិ នឹងមានសក្តានុពលខ្ពស់ក្នុងការក្លាយជាអ្នកជំនាញ ថ្នាក់ដឹកនាំអាជីវកម្ម លោកគ្រូអ្នកគ្រូ វិស្វករ កសិករ អ្នករៀបចំគោលនយោបាយ ឬជាមាតាបិតាប្រកបដោយការទទួលខុសត្រូវ ដែលនឹងបន្តការងារគាំពារបរិស្ថាន។

សហគមន៍ក៏ទទួលបានផលប្រយោជន៍យ៉ាងមហាសាលពីការចូលរួមរបស់សិស្សានុសិស្សផងដែរ។ សាលារៀនស្អាត បំផុសគំនិតឱ្យមានសហគមន៍ស្អាត។ បរិវេណសាលាបៃតង បំផុសគំនិតឱ្យមានទីក្រុងកាន់តែបៃតង។ នៅពេលសិស្សានុសិស្សរាប់ម៉ឺននាក់រួមដៃគ្នាជាមួយលោកគ្រូអ្នកគ្រូ មាតាបិតា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នោះឥទ្ធិពលរួមគ្នារបស់ពួកគេនឹងក្លាយជាកម្លាំងដ៏អស្ចារ្យ។ សកម្មភាពតូចៗដែលត្រូវបានគុណនឹងដៃរបស់យុវជនរាប់លាននាក់ អាចប្រែប្លែងប្រជាជាតិទាំងមូលបាន។

បញ្ហាប្រឈមទាំងឡាយដែលភពផែនដីរបស់យើងកំពុងជួបប្រទះ រួមមាន ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ការបំពុលបរិស្ថាន និងការរេចរឹលនៃធនធានធម្មជាតិ មិនអាចដោះស្រាយបានដោយរដ្ឋាភិបាលតែម្នាក់ឯងឡើយ។

ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែមានតួនាទីត្រូវចូលរួម ហើយសិស្សានុសិស្សគឺជាប្រភពនៃក្តីសង្ឃឹមដ៏ធំធេងបំផុតរបស់យើង។ ថាមពល ភាពវិជ្ជមាន និងឆន្ទៈក្នុងការធ្វើសកម្មភាពរបស់ពួកគេ បានរំលឹកយើងថា ការការពារបរិស្ថានមិនមែនជាបន្ទុកនោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវរួមគ្នា។

ហេតុនេះ មាតាបិតា និងលោកគ្រូអ្នកគ្រូ គឺមានបេសកកម្មដ៏សំខាន់មួយ។ ក្រៅពីការបង្រៀនមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ ឬភាសា យើងក៏ត្រូវតែបង្រៀនកុមារឱ្យចេះរៀនស្តាប់សំឡេងបក្សី ស្គាល់ម្លប់ត្រជាក់នៃដើមឈើ សម្រស់នៃទន្លេបឹងបួ និងតម្លៃនៃខ្យល់អាកាសបរិសុទ្ធ។ មេរៀនទាំងនេះមិនត្រឹមតែផ្តល់នូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះនូវការដឹងគុណ សេចក្តីមេត្តាករុណា និងស្មារតីជាម្ចាស់ក្នុងការថែរក្សា។

នៅពេលសិស្សានុសិស្សចូលរួមក្នុងការការពារបរិស្ថាន ពួកគេកំពុងធ្វើកិច្ចការដែលមានតម្លៃលើសពីការសម្អាតទីធ្លាសាលា ឬការដាំដើមឈើមួយដើមទៅទៀត។ ពួកគេកំពុងកសាងសហគមន៍ឱ្យមានសុខភាពល្អ ពង្រឹងមោទនភាពជាតិ ការពារធនធានធម្មជាតិ និងបង្កើតកេរមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

ព្រៃឈើដ៏ធំធេងទាំងឡាយ ជានិច្ចកាលតែងតែចាប់ផ្តើមចេញពីគ្រាប់ពូជតែមួយគ្រាប់។ ប្រជាជាតិដ៏ស្អាតបាតមួយ ជានិច្ចកាលតែងតែចាប់ផ្តើមចេញពីសិស្សម្នាក់ ដែលជឿជាក់ថាការផ្លាស់ប្តូរអាចកើតមានឡើងបាន។

ចូរយើងរួមគ្នាលើកទឹកចិត្តកុមារគ្រប់រូបឱ្យក្លាយជា «អ្នកការពារធម្មជាតិ»។ ចូរយើងរួមគ្នាផ្តល់ថាមពលដល់គ្រប់សាលារៀនឱ្យក្លាយជា «មជ្ឈមណ្ឌលនៃការរៀនសូត្រ និងការអនុវត្តសកម្មភាពបរិស្ថាន»។ យើងអាចរួមគ្នាបណ្តុះមនុស្សជំនាន់ក្រោយ មិនត្រឹមតែឱ្យក្លាយជាអ្នកទទួលបន្តនូវភភផែនដីដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកការពារភពផែនដីនេះដោយចំណេះដឹង សេចក្តីមេត្តាករុណា និងការប្តេជ្ញាចិត្តខ្ពស់បំផុត។

នៅពេលសិស្សានុសិស្សរួមគ្នាការពារបរិស្ថាន ពួកគេមិនត្រឹមតែសូនរូបអនាគតនោះទេ ប៉ុន្តែពួកគេកំពុងកែប្រែបច្ចុប្បន្នភាព។ ដៃរបស់ពួកគេអាចមានទំហំតូចល្អិត ប៉ុន្តែឥទ្ធិពលនៃសកម្មភាពរបស់ពួកគេ គឺមានវិសាលភាពធំធេងមិនអាចកាត់ថ្លៃបានឡើយ៕