* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន

21-07-2026 16:17

(កណ្តាល)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ក្រើនរម្លឹក និងបំផុសស្មារតីដល់យុវជន មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាថែរក្សាសមាជិកគ្រួសាររបស់ខ្លួនកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។ សារនេះ មានគោលដៅរួមចំណែក ទប់ស្កាត់បទល្មើស ជួយសង្គ្រោះពិសេសយុវជន និងជំរុញឱ្យយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ទទួលបានជោគជ័យ ចាប់ពីកម្រិតគ្រួសារ និងមូលដ្ឋានតទៅ។

ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកណ្តាល អភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ពិធីផ្សព្វផ្សាយនូវស្មារតីនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ និងការដុតបំផ្លាញគ្រឿងញៀននាឱកាសនេះ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីរួមចំណែកសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជាទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងជាបញ្ហារបស់សង្គមជាតិ។

អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវក្តីព្រួយបារម្ភ ពីស្ថានភាពបទល្មើសគ្រឿងញៀន មានការប្រែប្រួល ខុសប្លែកពីអតីតកាល និងមិនមែនជាបទល្មើសធម្មតាទៀតនោះឡើយ ប៉ុន្តែវាបានភ្ជាប់ខ្លួនយ៉ាងស្អិតរមួត ជាមួយឧក្រិដ្ឋកម្មឆ្លងដែន ការសម្អាតប្រាក់ ការជួញដូរមនុស្ស ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងបណ្តាញឧក្រិដ្ឋកម្ម ដែលមានការរៀបចំជាប្រព័ន្ធយ៉ាងស្មុគស្មាញ។ ក្នុងនោះក្រុមឧក្រិដ្ឋជន តែងតែផ្លាស់ប្តូរមធ្យោបាយ និងឧបាយកលជានិច្ច ក្នុងការលបលួចធ្វើសកម្មភាពទុច្ចរិត ដើម្បីគេចផុតពីសំណាញ់ច្បាប់។

ទន្ទឹមនឹងការព្រួយបារម្ភ ប្រមុខក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ដែរថា សមត្ថកិច្ចកម្ពុជា ក៏បាននឹងកំពុងបំពេញប្រតិបត្តិការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងបង្ក្រាបបញ្ហាគ្រឿងញៀននេះជាបន្តបន្ទាប់ ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០២៥ កន្លងមក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបង្ក្រាប និងរឹបអូសបានគ្រឿងញៀនសរុបប្រមាណជាង ៥តោន ដែលនឹងត្រូវដុតបំផ្លាញចោលចំពោះមុខប្រជាពលរដ្ឋ នាឱកាសនេះ។

អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា បើពិនិត្យមើលនាពេលបច្ចុប្បន្ន ស្ទើរតែគ្មានគ្រួសារណាមួយដែលមិនរងផលប៉ះពាល់ ឬគ្មានសមាជិកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននោះឡើយ។ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យកាន់មានប្រសិទ្ធភាព មានតែការចូលរួមជាកម្លាំងសរុបពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការផ្ដើមចេញពីគ្រួសារនីមួយៗ ក្នុងការតាមដាន អប់រំ និងណែនាំកូនចៅឱ្យចៀស ឆ្ងាយពីគ្រឿងញៀន។

ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សូមបន្តប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយរួមគ្នាជំរុញ និងអនុវត្តនូវរាល់វិធានការ និងទិសដៅការងារដែលបានដាក់ចេញ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់បំផុត។

សូមបញ្ជាក់ថា សារធាតុញៀន និងសារធាតុគីមី ដែលសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន ត្រូវដុតបំផ្លាញចោលនាឱកាសនោះ មានទម្ងន់សរុបចំនួន ៥តោន ៦២២ គីឡូក្រាម ១២៩,៣០ក្រាម។ ក្នុងនោះ រួមមាន៖ សារធាតុញៀន ទម្ងន់ ៤តោន ៦១១គីឡូក្រាម ៨២១,៦៦ក្រាម និងសារធាតុគីមី ទម្ងន់ ១តោន ១០គីឡូក្រាម ៣០៧,៦៤ ក្រាម៕