ក្រសួងព័ត៌មាន ពិនិត្យសេចក្តីព្រាងប្រកាសអន្តរក្រសួង កំណត់តួនាទី និងសមត្ថកិច្ចឱ្យបានច្បាស់លាស់លើវិស័យព័ត៌មាន ទូរគមនាគមន៍ និងការគ្រប់គ្រងប្រេកង់វិទ្យុ
21-07-2026 20:34
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជំរុញការកំណត់តួនាទី និងសមត្ថកិច្ចរបស់ក្រសួងទាំងពីរ ឱ្យមានភាពច្បាស់លាស់លើការគ្រប់គ្រងវិស័យផ្សព្វផ្សាយ ទូរគមនាគមន៍ និងប្រេកង់វិទ្យុ តាមរយៈសេចក្តីព្រាងប្រកាសអន្តរក្រសួងមួយ ដែលមានគោលបំណងពង្រឹងកិច្ចសហការរវាងស្ថាប័ន និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យតាមបទប្បញ្ញត្តិ។
សេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន និងក្រសួង ប្រៃសណីយនិងទូរគមនាគមន៍ ត្រូវបានពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាទីស្តីការក្រសួង។
កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លើគោលការណ៍សំខាន់ៗចំនួន ៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងកំណត់ឱ្យបានច្បាស់នូវតួនាទី និងសមត្ថកិច្ចរៀងៗខ្លួន។
យោងតាមសេចក្តីព្រាងប្រកាសអន្តរក្រសួង ក្រសួងព័ត៌មាននឹងបន្តទទួលខុសត្រូវលើការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសាធារណៈ និងឯកជននៅទូទាំងប្រទេស។
ក្រសួងព័ត៌មាន ក៏មានភារកិច្ចគ្រប់គ្រងប្រេកង់វិទ្យុដែលត្រូវបានបម្រុងទុកសម្រាប់សេវាផ្សព្វផ្សាយ កំណត់ស្តង់ដារបច្ចេកទេសនៃការប្រើប្រាស់ប្រេកង់ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្តល់ ផ្អាក ឬដកហូតអាជ្ញាបណ្ណពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ។
លើសពីនេះ ក្រសួងព័ត៌មាន នឹងគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធបញ្ជូនសញ្ញាផ្សព្វផ្សាយ បង្គោលអង់តែន និងកម្រិតថាមពលបញ្ជូនសញ្ញា ព្រមទាំងធ្វើបច្ចុប្បន្នភាព និងបែងចែកឡើងវិញនូវប្រេកង់សម្រាប់ការផ្សព្វផ្សាយ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា តម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងស្តង់ដាររបស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។
ដោយឡែកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តទទួលខុសត្រូវលើការរៀបចំគោលនយោបាយជាតិ វិស័យទូរគមនាគមន៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍។
ភារកិច្ចរបស់ក្រសួងនេះ រួមមានការគ្រប់គ្រងធនធានប្រេកង់វិទ្យុជាតិ ប្រេកង់ផ្កាយរណប និងទីតាំងគន្លងគោចរផ្កាយរណប ការសម្របសម្រួលកិច្ចការគ្រប់គ្រងប្រេកង់ជាមួយអន្តរជាតិ និងការចុះបញ្ជីប្រេកង់វិទ្យុរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងបញ្ជីអន្តរជាតិគោលប្រេកង់វិទ្យុ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏នឹងសហការជាមួយស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការបែងចែក និងរៀបចំបែងចែកឡើងវិញនូវធនធានប្រេកង់វិទ្យុ ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងស្តង់ដារអន្តរជាតិ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សេចក្តីព្រាងប្រកាសអន្តរក្រសួងនេះ មានគោលបំណងធ្វើឱ្យកិច្ចព្រមព្រៀងរវាងក្រសួងទាំងពីរ ក្លាយជាលិខិតបទដ្ឋានផ្លូវការ និងពង្រឹងការសម្របសម្រួលក្នុងការអនុវត្តតួនាទី និងសមត្ថកិច្ចរបស់ក្រសួងនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា តាមក្របខណ្ឌដែលបានឯកភាពគ្នា ក្រសួងព័ត៌មាន នឹងទទួលខុសត្រូវលើកិច្ចការពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ ខណៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងទទួលខុសត្រូវលើវិស័យទូរគមនាគមន៍ និងកិច្ចការផ្សេងៗដែលស្ថិតក្រោមសមត្ថកិច្ចស្របច្បាប់របស់ខ្លួន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា បន្ទាប់ពីពិនិត្យ និងកែលម្អរួច សេចក្តីព្រាងប្រកាសអន្តរក្រសួង ដែលផ្តួចផ្តើមរៀបចំដោយក្រសួងព័ត៌មាន នឹងត្រូវបញ្ជូនទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិនិត្យរួម មុននឹងចុះហត្ថលេខាប្រកាសដាក់ឱ្យអនុវត្តរួមគ្នា៕




