លោក ពិត ចំណាន បំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន១៥០នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
21-07-2026 21:15
(ភ្នំពេញ)៖ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាល និងបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន ១៥០នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ។ពិធីនេះប្រព្រឹត្ដទៅនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
លោក ពិត ចំណាន បានសម្ដែងនូវក្ដីសោមនស្សក្រៃលែង ដែលបានចូលរួមក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សរុបចំនួន ១៥០នាក់ បន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាន លើកទី ១១ គិតមកដល់ថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងនាមសមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា និងក្នុងនាមលោកផ្ទាល់ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីស្រឡាញ់ និងនឹករលឹកបំផុតពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ក៏ដូចជាលោកជំទាវបណ្ឌិត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា ជូនចំពោះគណៈអធិបតី ភ្ញៀវកិត្តិយស បុគ្គលិក សាស្ដ្រាចារ្យ និស្សិត ក៏ដូចជាក្មួយៗយុវជន កក្រក ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមកម្មវិធីដ៏មានសារសំខាន់នារសៀលនេះ ដើម្បីញ៉ាំងកម្មវិធីឱ្យមានភាពអធិកអធម ក៏ដូចជាអបអរចំពោះការបំពេញសិទ្ធិឱ្យសមាជិកយុវជនកាកបាទក្រហមកម្ពុជាថ្មី ទាំង ១៥០នាក់។
លោកក៏បានកោតសរសើរចំពោះគណៈគ្រប់គ្រង ទីប្រឹក្សាយុវជន នៅតែបន្ដពង្រឹងបណ្ដាញយុវជន សមត្ថភាពយុវជនកាកបាទក្រហមកម្ពុជា ឱ្យក្លាយជាឆ្អឹងខ្នងរបស់ចលនាអន្ដរជាតិ
បន្ដស្ម័គ្រចិត្តចូលរួមបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ទោះបីជាប្រទេសជាតិនិងសកលលោកជួបប្រទះនូវគ្រោះមហន្ដរាយ វិបត្តិភ័យ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងជម្លោះប្រដាប់អាវុធយ៉ាងណាក៏ដោយ។ បន្ថែមពីនេះ ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៅតែបន្ដដឹកនាំសមាជិកយុវជនកាកបាទក្រហនកម្ពុជា ឱ្យចូលរួមសកម្មភាពជាមួយកាកបាទក្រហមកម្ពុជា អនុវត្តតាមកញ្ចប់សកម្មភាព មិត្ត-អប់រំ-មិត្ត, មិត្ត-ជួយ-មិត្ត វប្បធម៌ចែករំលែកក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍ ក្រោមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ទុកកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ជាកម្លាំងស្នូលមិនអាចខ្វះបាន ដោយជំរុញ និងលើកទឹកចិត្តឱ្យពួកគេបំពេញសកម្មភាពមនុស្សធម៌ស្របតាមស្ថានភាពសង្គមជាក់ស្ដែង ដោយការស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំអ្វីឡើយ។ ការចូលរួម និងរៀបចំពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា នាពេលនេះ គឺជាចំណែកថ្មីមួយបន្ថែមទៀតក្នុងការឆ្លុះបញ្ចាំងពីការពង្រឹង និងពង្រីកបណ្ដាញយុវជន រួមចំណែកលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌របស់ចលនាអន្ដរជាតិ ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ដ្រ ២០២១-២០៣០ កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសអបអរសាទរដល់យុវជននាឱកាសនេះ ក្នុងនាមគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ខ្ញុំសូមថ្លែងអំណរគុណគណៈគ្រប់គ្រង លោកបណ្ឌិតសាកលវិទ្យាធិការ ដែលតែងតែដឹកនាំប្រតិភូ បុគ្គលិក សាស្ដ្រាចារ្យ និងយុវជនកាកបាទក្រហមកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២៦ សរុប ១៥លើក ស្មើនឹងថវិកា ៣៥០,០០០ ដុល្លារអាមេរិក។ ថវិកាទាំងអស់នេះ ជាការចូលរួមចំណែកដ៏ធំធេងជាមួយកាកបាទក្រហមកម្ពុជា ការជួយសង្គ្រោះជនរងគ្រោះបំផុត ចាស់ជរាឥតទីពឹង កុមារកំព្រា ស្ដ្រីមេម៉ាយកូនច្រើន សិស្ស និស្សិត និងយុវជនដែលមានជីវភាពខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ទន្ទឹមនឹងនេះលោកក៏បានពាំនាំនូវអនុសាសន៍គន្លឹះមួយចំនួនរបស់ សម្ដេចកិត្ដិ្ដព្រឹទ្ធបណ្ឌិតប្រធាន និងលោកជំទាវបណ្ឌិតអនុប្រធានអចិន្ដ្រៃយ៍ ផ្ដាំផ្ញើដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន១៥០នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីពង្រឹងគុណភាពស្តង់ដាក្លឹបយុវជន ដើម្បីងាយស្រួលក្នុងការបំពេញសកម្មភាពមនុស្សធម៌ នៅគ្រប់មជ្ឈដ្ឋាននៅក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍។
សូមជម្រាបថាវគ្គបណ្ដុះបណ្ដាលជូនដល់សមាជិកយុវជនថ្មីចំនួន ១៥០នាក់ នារី ១០៧នាក់ខាងលើនេះ ដោយបានផ្ដោតទៅលើប្រធានបទសំខាន់ៗមួយចំនួនរួមមាន៖
១៖ ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ
២៖ គោលការណ៍គ្រឹះទាំង ៧ របស់ចលនាកាកបាទក្រហមកម្ពុជា អឌ្ឍចន្ទក្រហមអន្តរជាតិ
៣៖ ខ្លឹមសារគោលនយោបាយការងារគ្រប់គ្រងក្លឹបយុវជនកាកបាទក្រហម និងសេចក្ដីណែនាំកម្មវិធីអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពុជា
៤៖ ស្វែងយល់ និងអនុវត្តន៍វិជ្ជាសង្រ្គោះបឋម
៥៖ ស្វែងយល់ពីសុវត្ថិភាពចរាចរណ៍ផ្លូវគោគ ។ល។
បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះរួចមក បានធ្វើឱ្យក្មួយៗយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យ បានយល់ដឹងច្បាស់អំពីវិជ្ជាសង្រ្គោះបឋម ជាពិសេសបានផ្ដល់ឱកាសឱ្យយុវជនជំនាន់ក្រោយក្លាយខ្លួនទៅជាយុវជនកាកបាទក្រហមមួយរូប ដែលមានចំណេះដឹងវិជ្ជាសង្រ្គោះបឋម ដើម្បីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងបន្តទៅកាន់យុវជន និស្សិតដទៃទៀតនៅក្នុងសាកលវិទ្យាល័យ និងតាមសហគមន៍។ នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យបណ្ឌិត លុយ ចណ្ណា សាកលវិទ្យធិការ និងជាប្រធានកិតិ្តយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចនាឱកាសនោះលោកសាស្ដ្រាចារ្យបណ្ឌិត លុយ ចណ្ណា សាកលវិទ្យធិការ និងជាប្រធានកិតិ្តយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ លោកសាស្ដ្រាចារ្យបណ្ឌិត លុយ ចណ្ណា បានសម្ដែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្នមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានអចិន្រ្ដៃយ៍កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំកាកបាទក្រហកម្ពុជាប្រកបដោយបញ្ញាញាណដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការបំពេញបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះ ដែលរងគ្រោះមហន្តរាយ និងការថែទាំសុខភាពសហគមន៍ និងការលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា ជាពិសេសប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល។ មិនតែប៉ុណ្ណោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ណែនាំ ចង្អុលបង្ហាញ ទំនុកបម្រុង និងគាំទ្រដល់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា គ្រប់គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ៕




























