វិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីរ៉ង់វាយប្រទេសក្នុងតំបន់ឈូងសមុទ្រ តែមិនវាយនាវាចម្បាំងអាមេរិក និងអ៉ីស្រាអែល?
21-07-2026 21:50
(វ៉ាស៊ីនតោន)៖ ខណៈសហរដ្ឋអាមេរិកបង្កើនការវាយប្រហាររបស់ខ្លួនលើអ៉ីរ៉ង់ តេហេរ៉ង់បានសងសឹកវិញ។ តែមិនមែនវាយប្រហារលើនាវាចម្បាំងអាមេរិកដែលត្រូវបានដាក់ពង្រាយនៅក្បែរឆ្នេររបស់អ៉ីរ៉ង់ ឬក៏អ៉ីស្រាអែល នោះទេ។ ផ្ទុយទៅវិញ អាមេរិកកាន់តែវាយ អ៉ីរ៉ង់បែរជាកាន់តែបង្កើនការវាយប្រហារលើគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅតាមបណ្ដាប្រទេសឈូងសមុទ្រ ឬឈូងសមុទ្រពែក្ស រួមទាំងហ្ស៊កដានី។ ក្រុមអ្នកវិភាគបាននិយាយថានេះជាយុទ្ធសាស្ត្រមួយដែលតេហេរ៉ង់មានចេតនាដាក់សម្ពាធលើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយមិនពង្រីកសង្រ្គាមកាន់តែធំ។
សហរដ្ឋអាមេរិកជាច្រើនថ្ងៃមកនេះបានទម្លាក់គ្រាប់បែកលើស្ថានីយផ្លូវដែក រោងចក្រថាមពលអគ្គិសនី បណ្ដាញទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងប្រទេសអ៉ីរ៉ង់។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់វិញ (IRGC) បានសងសឹកតាមរយៈការវាយប្រហារលើអាកាសយានដ្ឋានស៊ីវិល ស្ថានីយទឹកស្អាត និងថាមពលក្នុងប្រទេសកូវ៉ែត និងបារ៉ែន។ ក្រុមអ្នកវិភាគខាងយោធាបាននិយាយថាយុទ្ធសាស្ត្រមានភាពឡូហ្ស៉ីក។ លោក Elias Hanna ជាឧត្តមសេនីយ៍ត្រីលីបង់ចូលនិវត្តន៍ និងជាអ្នកវិភាគយោធាម្នាក់បាននិយាយថាការវាយប្រហារណាមួយរបស់អ៉ីរ៉ង់កំណត់គោលដៅលើនាវាចម្បាំងអាមេរិកនឹងជំរុញឱ្យសហរដ្ឋអាមេរិកវាយប្រហារសងសឹកវិញ ដ៏បំផ្លិចបំផ្លាញ។ មួយវិញទៀត នៅមានបញ្ហាធំមួយទៀត នោះគឺការវាយប្រហារកំណត់គោលដៅលើនាវាចម្បាំងអាមេរិកជារឿងមួយកាន់តែលំបាកទៅទៀត ដ្បិតនាវាចម្បាំងអាមេរិកត្រូវបានការពារយ៉ាងមាំទាំដោយ ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើបបំផុតនៅលើពិភពលោក។ ដូច្នេះហេតុអ្វីតេហេរ៉ង់វាយប្រហារលើប្រទេសជិតខាងរបស់ខ្លួន?
លោកស្រី Atifeh Taghiani ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យតេហេរ៉ង់ (University of Tehran) បានអះអាងថាសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ក្រុមប្រទេសឈូងសមុទ្រ ជាពិសេសកូវ៉ែត ជាមូលដ្ឋានដើម្បីបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងប្រទេសអ៉ីរ៉ង់។ អំឡុងជុំទី១នៃសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់កាលពីខែមីនា និងខែមេសាកន្លងទៅ ក្រុមមន្ត្រីអ៉ីរ៉ង់បានបញ្ជាក់ពីភាពសមហេតុផលនៃការវាយប្រហាររបស់អ៉ីរ៉ង់លើក្រុមប្រទេសក្នុងតំបន់ឈូងសមុទ្រដោយអះអាងថាការវាយប្រហាររបស់សហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងចេញពីមូលដ្ឋានទ័ពអាមេរិកនៅលើ ទឹកដីនៃប្រទេសទាំងនោះ។ ក្រុមមន្ត្រីអ៉ីរ៉ង់នៅតែយកហេតុផលនេះមកធ្វើជាទឡ្ហីករណ៍មកទល់នឹងសព្វថ្ងៃ បើទោះជាការអះអាងបែបនេះបានធ្វើឱ្យទំនាក់ទំនងរវាងអ៉ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួនកាន់តែរកាំរកូស ខ្លាំងឡើងក៏ដោយ ជាពិសេសក្នុងបរិបទដែលក្រុមប្រទេសឈូងសមុទ្របានបញ្ជាក់ម្ដងហើយម្ដងទៀតថាពួកគេនឹងមិនអនុញ្ញាតឱ្យទឹកដីរបស់ពួកគេត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារប្រឆាំងនឹងអ៉ីរ៉ង់នោះទេ។
តាមលោកស្រី Taghiani ច្បាប់អន្តរជាតិផ្តល់សិទ្ធិឱ្យអ៉ីរ៉ង់ក្នុងការសងសឹកទៅនឹងប្រទេសណាមួយដែលត្រូវបានប្រើជាមូលដ្ឋានបើកការវាយប្រហារ។ លោកស្រីបន្ថែមថានាវាចម្បាំងអាមេរិកមានចេតនាវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៉ីរ៉ង់ ក៏ព្រោះតែទីក្រុងវ៉ាស៊ីនតោនចង់បង្កើនអរិភាពកាន់តែស៊ីជម្រៅរវាងអ៉ីរ៉ង់ និងបណ្ដាប្រទេសជិតខាង ហើយកំពុងព្យាយាមធ្វើឱ្យអ៉ីរ៉ង់ពិបាកក្នុងការឆ្លើយតប។ ក៏ប៉ុន្តែ លោក Abdullah al-Shayji ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យកូវ៉ែត (Kuwait University) បានច្រានចោលការលើកឡើងរបស់អ្នកជំនាញអ៉ីរ៉ង់ ដោយលោកចាត់ទុកថាគ្រាន់តែជាការឃោសនាបំប៉ោងរបស់ អ៉ីរ៉ង់ប៉ុណ្ណោះ។ តាមលោក al-Shayji ការអះអាងថាការវាយប្រហាររបស់សហរដ្ឋអាមេរិកធ្វើឡើងចេញពីប្រទេសក្នុងតំបន់ឈូងសមុទ្រ ជារឿងមិនអាចទទួលយកបាន ហើយក៏គ្មានលក្ខណៈប្រាកដប្រជា ពីព្រោះ ការវាយប្រហារទាំងអស់មានប្រភពចេញពីនាវាផ្ទុកយន្តហោះអាមេរិក ២គ្រឿងគឺ USS George W Bush និង USS Abraham Lincoln ដែលសិ្ថតនៅចម្ងាយមិនដល់ ១៥០គីឡូម៉ែត្រផងពីឆ្នេររបស់អ៉ីរ៉ង់។ លោក al-Shayji បាននិយាយថាក្រុមប្រទេសឈូងសមុទ្របានព្រមព្រៀងគ្នាជាមួយសហរដ្ឋអាមេរិកថាកងកម្លាំងអាមេរិកដែលឈរជើងនៅតាមបណ្ដាប្រទេសឈូងសមុទ្រ នឹងនៅតែត្រូវបានរឹតត្បិតសម្រាប់តែ គោលបំណងការពារខ្លួនប៉ុណ្ណោះ ហើយក៏បានជូនដំណឹងដល់តេហេរ៉ង់ដែរថាទឹកដីរបស់ពួកគេនឹងមិនត្រូវបានប្រើប្រាស់សម្រាប់សម្រួលដល់ការវាយប្រហារប្រឆាំងនឹងអ៉ីរ៉ង់ឡើយ។ លោកបានបន្ថែមថាអ៉ីរ៉ង់មិនបានផ្ដល់ ភស្តុតាងដើម្បីការពារការអះអាងរបស់ខ្លួននោះទេ។
តាមលោក al-Shayji អ៉ីរ៉ង់ដឹងខ្លួនឯងយ៉ាងច្បាស់ថាមីស៊ីសគ្រូសជាច្រើនរួមទាំងមីស៊ីលគ្រូស Tomahawk ត្រូវបានបាញ់ចេញពីនាវាផ្ទុកយន្តហោះអាមេរិក។ ប៉ុន្តែ អ៉ីរ៉ង់ភ័យខ្លាចរងផលវិបាកពីការសងសឹកវិញរបស់ សហរដ្ឋអាមេរិក ប្រសិនបើហ៊ានតែបើកការវាយប្រហារធ្វើឱ្យទាហានអាមេរិកសូម្បីតែម្នាក់ស្លាប់នៅលើនាវាចម្បាំងអាមេរិក។ ម្លោះហើយ លោក al-Shayji យល់ថាអ៉ីរ៉ង់សុខចិត្តដើរតាមយុទ្ធសាស្ត្រដែលលោកចាត់ទុកថា បានបរាជ័យរួចទៅហើយ នោះគឺវាយប្រហារលើគោលដៅក្នុងប្រទេសឈូងសមុទ្រដោយសង្ឃឹមថាពួកគេអាចដាក់សម្ពាធឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ចប់សង្រ្គាម។ តែយុទ្ធសាស្ត្រដដែលៗនេះ លោក al-Shayji និយាយថា ទំនងជានឹងមិនទទួលបានជោគជ័យទេ ដ្បិតលោក ត្រាំមិនបានពិគ្រោះយោបល់ជាមួយក្រុមប្រទេសឈូងសមុទ្រ មុននឹងបើកធ្វើសង្រ្គាម ហើយក៏មិនបានគោរពតាមអ្វីដែលបានព្រមព្រៀងគ្នានោះដែរ។
លោក Al-Shayji បាននិយាយទៀតថាការបន្តការវាយប្រហាររបស់អ៉ីរ៉ង់លើរោងចក្រទឹកស្អាត ចំពេលរដូវក្ដៅដ៏ក្ដៅក្នុងប្រទេសដូចជាកូវ៉ែត ជាទីដែលប្រជាជនពឹងផ្អែកយ៉ាងខ្លាំងលើរោងចក្រចម្រាញ់ទឹកប្រៃទៅជាទឹកសាប មិនត្រឹមតែជាទង្វើរំលោភច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងផងដែរពីការប៉ុនប៉ងដោយចេតនាដើម្បីធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនស៊ីវិលជួបការលំបាក។ លោកបានកត់សម្គាល់ឃើញថាកូវ៉ែតស្ថិតនៅក្នុង ចំណោមប្រទេសឈូងសមុទ្រភាគច្រើនដែលប្រឆាំងនឹងការភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែល តែបែរជារងការវាយប្រហារខ្លាំងជាងគេពីអ៉ីរ៉ង់ទៅវិញ។ លោក al-Shayji ក៏បានអះអាងដែរថាអ៉ីរ៉ង់ បានបោះបង់ចោលនូវការពិចារណានយោបាយប្រកបដោយហេតុផល និងជ្រើសរើសផ្លូវដើរដែលធ្វើឱ្យខ្លួនឯងកាន់តែឯកោ ហើយធ្វើឱ្យគេបាត់បង់ការជឿទុកចិត្តដែលនៅសេសសល់។ ព្រមពេលជាមួយគ្នា លោកបានបញ្ជាក់ថាប្រទេសឈូងសមុទ្រគួរតែបង្កើតក្របខណ្ឌសន្តិសុខតំបន់ថ្មី មួយ បន្ទាប់ពីសង្រ្គាមបច្ចុប្បន្នបានបង្ហាញឱ្យឃើញថាការពឹងផ្អែកលើការការពារពីសហរដ្ឋអាមេរិកមានដែនកំណត់។
សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីខែមិថុនា ក្នុងគោលបំណងពន្យារបទឈប់បាញ់ដ៏ផុយស្រួយរវាងប្រទេសទាំង២ និងបើកផ្លូវបន្តការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព មួយ។ តែមិនបានប៉ុន្មានសប្ដាហ៍ផង សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានចោទប្រកាន់គ្នាទៅវិញទៅមក រឿងរំលោភបំពានលើអនុស្សារណៈយោគយល់នេះ។ លោក al-Shayji បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការស្តារកិច្ចចរចា ឡើងវិញតាមរយៈក្រុមអ្នកសម្របសម្រួល ខណៈក្រុមប្រទេសឈូងសមុទ្រត្រូវចៀសវាងការសងសឹកប្រឆាំងនឹងអ៉ីរ៉ង់ ព្រមទាំងបង្កើតយុទ្ធសាស្ត្រមួយសម្រាប់កិច្ចសម្របសម្រួលជាសមូហភាព ស្របពេលកាត់បន្ថយ ការពឹងផ្អែកលើសហរដ្ឋអាមេរិកដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។ យល់ឃើញស្រដៀងគ្នានេះដែរ លោក Abdullah Bandar al-Otaibi ជាសាស្ត្រាចារ្យរងមហាវិទ្យាល័យ កិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យកាតា (Qatar University) បាននិយាយថាទាំងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់មិនចង់ឃើញសង្រ្គាមពេញទំហឹងមួយផ្ទុះឡើងទេ ហើយភាគីទាំងសងខាងបន្តជ្រើសរើសគោលដៅដែល ត្រូវវាយប្រហារយ៉ាងប្រុងប្រយ័ត្ននៅឡើយ ដើម្បីកុំឱ្យសង្រ្គាមរាលដាលកាន់តែធំ។
លោក al-Otaibi ក៏យល់ស្របដែរថាអ៉ីរ៉ង់ចៀសវាងការវាយប្រហារដោយផ្ទាល់លើនាវាចម្បាំងអាមេរិក ក៏ព្រោះតែអ៉ីរ៉ង់ភ័យខ្លាចថាសហរដ្ឋអាមេរិកអាចនឹងសងសឹកវិញយ៉ាងមហន្តរាយ ដោយសុខចិត្តជ្រើសរើសយកការដាក់ សម្ពាធលើសហរដ្ឋអាមេរិកតាមរយៈក្រុមប្រទេសឈូងសមុទ្រ ទោះជាប្រសិទ្ធភាពមានដែនកំណត់ក៏ដោយ។ តាមលោក al-Otaibi ការស្ទាក់ស្ទើររបស់អ៉ីរ៉ង់ក្នុងការវាយប្រហារលើយន្ដហោះចាក់សាំងរបស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើប្រតិបត្តិការចេញពីអាកាសយានដ្ឋាន Ben Gurion របស់អ៉ីស្រាអែល បានបង្ហាញពីចេតនារបស់តេហេរ៉ង់ចង់បញ្ចៀសកុំឱ្យជម្លោះរីកកាន់តែធំ ដោយសុខចិត្តជ្រើសរើសយកការវាយប្រហារលើប្រទេស ឈូងសមុទ្រ នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីផ្គាប់ចិត្តរបស់សាធារណៈមតិនៅក្នុងស្រុក ជាពិសេសក្នុងចំណោមអ្នកដែលចង់ឱ្យអ៉ីរ៉ង់សងសឹកវិញ ហើយអ៉ីរ៉ង់អាចធ្វើបែបនេះបានក៏ព្រោះដឹងថាប្រទេសក្នុងតំបន់ឈូងសមុទ្រមិនចង់ផ្ទុះសង្រ្គាម។ តែយ៉ាងណាក៏ដោយ លោក Al-Otaibi បានព្រមានថាស្ថានការណ៍អាចនឹងកាន់តែតានតឹង ប្រសិនបើការវាយប្រហារណាមួយរបស់អ៉ីរ៉ង់បណ្ដាលឱ្យមានជនស៊ីវិកស្លាប់ច្រើននាក់ ក្នុងប្រទេសឈូងសមុទ្រ។
ដោយឡែក ខណៈកំពុងផ្តោតអារម្មណ៍លើច្រកសមុទ្រ Hormuz លោក Al-Otaibi យល់ថាគោលបំណងរបស់សហរដ្ឋអាមេរិក នោះគឺទាញច្រកសមុទ្រនេះចេញពីយុទ្ធសាស្ត្រដាក់សម្ពាធរបស់អ៉ីរ៉ង់ ហើយធ្វើឱ្យ Hormuz ក្លាយទៅជាប្រភពនៃបញ្ហាសម្រាប់តេហេរ៉ង់។ ធ្វើបែបនេះដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់គ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz និងធ្វើឱ្យសេដ្ឋកិច្ចអ៉ីរ៉ង់ខាតបង់កាន់តែធ្ងន់ បើជម្លោះកើនឡើង ឬកាន់តែអូសបន្លាយ។ តាមលោក al-Otaibi ការវាយប្រហាររបស់អ៉ីរ៉ង់លើអូម៉ង់ដែលកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi ធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Muscat បានបង្ហាញពីបរាជ័យនៃកិច្ចចរចារវាងអ៉ីរ៉ង់ និងអូម៉ង់ ហើយវាក៏ឆ្លុះបញ្ចាំងដែរពីចេតនារបស់តេហេរ៉ង់ក្នុងការបង្កើតការគ្រប់គ្រងទាំងស្រុងតែម្នាក់ឯងលើច្រកសមុទ្រនេះ ជាជាងចែកលែកការគ្រប់គ្រងជាមួយអូម៉ង់៕










