រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោកដើម្បីកុមារកម្ពុជា
21-07-2026 21:58
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យពីកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលការលើកទឹកចិត្ត បន្ទាប់ពីលោកបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជិះកង់ជុំវិញពិភពលោករបស់ខ្លួន។ ជំនួបនេះបានធ្វើឡើងនៅសាលាវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។
បេសកកម្មដ៏អស្ចារ្យរបស់លោក ទីវ តារារិទ្ធិ ដែលមានរយៈពេល២ឆ្នាំ គឺក្នុងយុទ្ធនាការ «ជិះកង់ជុំវិញពិភពលោកដើម្បីកុមារកម្ពុជា»។ លោកបានធ្វើដំណើរក្នុងរយៈចម្ងាយផ្លូវសរុប ៦០ ០០០គីឡូម៉ែត្រ ឆ្លងកាត់៤០ប្រទេស ដើម្បីរៃអង្គាសថវិកាសម្រាប់បុព្វហេតុមនុស្សធម៌។ តាមរយៈការខិតខំប្រឹងប្រែងនេះ លោកបានរៃអង្គាសថវិកាបានចំនួន ២៦០,២៤៣.៥៧ដុល្លារសហរដ្ឋអាមេរិក។
ថវិកាដែលបានពីបេសកកម្មនេះនឹងត្រូវផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឧបត្ថម្ភ និងទ្រទ្រង់ដល់ការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា។
នាឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរចំពោះស្មារតីលះបង់ និងការប្តេជ្ញាចិត្តរបស់លោក ទីវ តារារិទ្ធិ ក្នុងការចូលរួមចំណែកដល់សង្គមជាតិ ជាពិសេសសម្រាប់សុខុមាលភាពរបស់កុមារកម្ពុជា។ ជំនួបនេះក៏ជាការលើកទឹកចិត្តដល់លោក ទីវ តារារិទ្ធិ ឱ្យបន្តបេសកកម្មក្នុងបុព្វហេតុកុមារកម្ពុជាទៅមុខទៀត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអះអាងជាថ្មីនូវការគាំទ្ររបស់លោកចំពោះអ្នកផ្សងព្រេង លោក ទីវ តារារិទ្ធិ បន្ទាប់ពីបេសកកម្មសប្បុរសធម៌ជិះកង់រយៈពេល ២ឆ្នាំឆ្លងកាត់ទ្វីបអឺរ៉ុប និងអាហ្វ្រិក របស់លោកបានបញ្ចប់ដោយជោគជ័យ ដែលបានរៃអង្គាសថវិកាបាន ២៦ម៉ឺនដុល្លារ សម្រាប់មន្ទីរពេទ្យកុមារពីរនៅកម្ពុជា។
ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន បានគាំទ្រក្នុងការរៀបចំសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ជូនលោក ទីវ តារារិទ្ធិ ដើម្បីរាយការណ៍អំពីលទ្ធផលនៃយុទ្ធនាការរៃអង្គាសថវិកា សម្រាប់មន្ទីរពេទ្យកុមារអង្គរ (AHC) នៅខេត្តសៀមរាប និងមន្ទីរពេទ្យកុមារគន្ធបុប្ផា។
នៅចំពោះរដ្ឋមន្ត្រី នេត្រ ភក្ត្រា លោក ទីវ តារារិទ្ធិ បានសម្តែងការដឹងគុណចំពោះការលើកទឹកចិត្តជាបន្តបន្ទាប់របស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា នៅពេញមួយបេសកកម្មជិះកងរបស់លោក បុព្វហេតុមនុស្សធម៌។
លោក ទីវ តារារិទ្ធិ បានគូសបញ្ជាក់ថា៖ «ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគាំទ្រខ្ញុំតាំងពីការចាប់ផ្តើមបេសកកម្មជិះកង់របស់ខ្ញុំ។ លោកបានបង្ហាញការយកចិត្តទុកដាក់ ការលើកទឹកចិត្ត និងទំនុកចិត្តមកលើខ្ញុំ។ នោះមានន័យថា លោកជឿជាក់លើខ្ញុំ»។
លោក ទីវ តារារិទ្ធិ បានថ្លែងថា លោកមានមោទកភាពដែលបានត្រឡប់មកក្រសួងវិញ បន្ទាប់ពីបានបញ្ចប់បេសកកម្មដោយជោគជ័យ និងបានតំណាងយុវជនកម្ពុជានៅលើឆាកអន្តរជាតិ។ «ខ្ញុំពិតជាមានមោទកភាពណាស់ដែលថ្ងៃនេះខ្ញុំអាចរាយការណ៍ជូនរដ្ឋមន្ត្រីថា បេសកកម្មនេះទទួលបានជោគជ័យ ហើយខ្ញុំអាចតំណាងយុវជនកម្ពុជាក្នុងការធ្វើដំណើរដ៏វែងឆ្ងាយបែបនេះ»។
លោកក៏បានថ្លែងអំណរគុណដល់ក្រសួងព័ត៌មាន សម្រាប់ការផ្តល់វេទិកាដើម្បីចែករំលែកដំណើររបស់លោក ដោយកត់សម្គាល់ថា លោកនឹងរៀបចំសន្និសីទសារព័ត៌មានលើកទីបីរបស់លោកនៅក្រសួង បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ។ ទន្ទឹងរង់ចាំសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែកក្កដា លោកមានគម្រោងបង្ហាញរឿងរ៉ាវដែលមិនធ្លាប់បាននិយាយពីការធ្វើដំណើររយៈពេលពីរឆ្នាំរបស់លោក និងថ្លែងអំណរគុណជាសាធារណៈដល់ម្ចាស់ជំនួយ អ្នកគាំទ្រ និងក្រុមហ៊ុនឯកជនដែលបានរួមចំណែកធ្វើឱ្យបេសកកម្មនេះអាចទៅរួច។
លោក ទីវ តារារិទ្ធិ បានថ្លែងអំណរគុណដល់សាធារណជនទាំងអស់ ដែលរួមចំណែកធ្វើឱ្យបេសកកម្មមួយនេះ ទទួលបានជោគជ័យ។ មានសាធារណជន៥ម៉ឺននាក់ ដែលបានចូលរួមបរិច្ចាគក្នុងព្រឹត្តិការណ៍នេះដែល ធ្វើឱ្យយើងអាចរកថវិកាបានគ្រប់ចំនួន ២៦ម៉ឺនដុល្លារ។ លោកក៏មិនភ្លេចអំណរគុណដល់អ្នកសារព័ត៌មាន ដែលពាំនាំនូវរឿងរ៉ាវជិះកង់ផ្សព្វផ្សាយដល់សាធារណជន បានឃើញពីការខិតខំប្រឹងប្រែងរបស់លោក និងវិស័យឯកជនពាក់ព័ន្ធទាំងអស់ផងដែរ។
លោកបញ្ជាក់ថា មនុស្សពិសេស ដែលលោកចង់អរគុណនោះគឺម្តាយ និងឪពុកដែលជាគម្រូនូវភាពក្លាហាន ជ្រោមជ្រែង អង់អាច ជំរុឱ្យធ្វើការងារនេះបានជោគជ័យ។ ហើយសង្ឃឹមថា លោកនឹងផ្តល់ជាគំរូដ៏ល្អ សម្រាប់អ្នកជំនាន់ក្រោយ ឱ្យមានភាពរឹងមាំលើខ្លួនឯង និងធ្វើឱ្យបានជោគជ័យ៕




