អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រ ទុរគតជន និងជនអនាថា នឹងទទួលបានសេវាបូជាសពដោយឥតគិតថ្លៃពីអាជ្ញាធរ

22-07-2026 16:04

(ភ្នំពេញ)៖ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ទុរគតជន ឬជនអនាថា រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ជូនសេវាបូជាសពជូន ហើយបើករណីខ្សត់ខ្សោយខ្លាំង រហូតគ្មានក្តារម្ឈូស ក៏នឹងផ្តល់ជូនដែរ។

នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២៦។

ដោយថ្មីៗនេះ មានករណីលេចឡើងនូវការផ្សព្វផ្សាយ អំពីតារាងតម្លៃសម្រាប់បូជាសពនៅក្នុងវត្ត ហើយបើទោះជាព្រះគ្រូ ចៅអធិការវត្ត បានចេញសេចក្តីបំភ្លឺព័ត៌មានយ៉ាងណាក្តី ក៏នៅការវែកញែកករណីនេះដដែល។

ដូចនេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនបន្ថែមទៀតថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតទុរគតជន ឬជនអនាថាជាដើម រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ ជូនសេវាបូជាសពជូន។ ដូច្នេះសូមបងប្អូនអាចទាក់ទងមកអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌ ដែលនៅជិតបំផុតបាន ឬអាចទាក់ទងមករដ្ឋបាលរាជធានីភ្នំពេញ តាមលេខ Hotline: 1299 បាន៕