ខួបមួយឆ្នាំនៃការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា, រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់ទុកទង្វើនេះ មិនមែនជាហេតុការណ៍ចៃដន្យនោះទេ
22-07-2026 20:37
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជារយៈពេលគម្រប់មួយឆ្នាំ ដែលយោធាថៃ បើកការបាញ់ប្រហារលើកងកម្លាំងកម្ពុជា និងឈ្លានពានយ៉ាងកម្រោលមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយផ្តើមចេញពីប្រាសាទតាមាន់ធំ លើភ្នំដងរែក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយពង្រីកការឈ្លានពានទៅកាន់តំបន់ដទៃទៀតក្នុងខេត្តព្រះវិហារ។
ទង្វើឈ្លានពានមិនខ្លាចរអាច្បាប់អន្តរជាតិរបស់កងទ័ពថៃ បាននាំមកនូវវិនាសកម្ម ក្តីឈឺចាប់ខ្លោចផ្សារ នៃការបាត់បង់អាយុជីវិតកងកម្លាំង និងជនស៊ីវិលស្លូតត្រង់។ ផ្ទះសម្បែង ទីអារាម សាលារៀន មន្ទីរពេទ្យជាដើម ត្រូវបានបំផ្លាញ។
រាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ មួយថ្ងៃមុនគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានដ៏ឃោរឃៅនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលេចសារលើបណ្តាញសង្គមហ្វេសប៊ុករៀបរាប់ដំណើររឿងនៃការឈ្លានពាននេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចថា អំពើឈ្លានពាននេះមិនមែនជាហេតុការណ៍កើតឡើងដោយចៃដន្យនោះទេ។ ជិតពីរខែមុន ពោលគឺនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃ បានចូលមកក្នុងតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង ហើយបានបាញ់សម្លាប់យោធិនកម្ពុជាម្នាក់ គឺលោក សួន រ៉ោន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ហេតុការណ៍ទាំងនេះបង្ហាញយ៉ាងច្បាស់ពីលំនាំនៃការបង្កហេតុ ការប្រើប្រាស់កម្លាំង និងការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជាជាបន្តបន្ទាប់ មុនឈានទៅដល់ការវាយប្រហារទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កម្ពុជាមិនបានស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែកម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារទឹកដី ប្រជាជន និងអធិបតេយ្យភាពរបស់ខ្លួន ប្រឆាំងនឹងរាល់អំពើឈ្លានពានពីខាងក្រៅ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការចងចាំព្រឹត្តិការណ៍នេះ គឺជាការរំលឹកដល់ការលះបង់របស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាក្នុងការការពារជាតិមាតុភូមិ៕











