វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ចាប់ផ្ដើមប្រើសន្លឹកបៀរហ៊ូទី ឬ?
22-07-2026 20:50
(វ៉ាស៊ីនតោន)៖ ចាប់តាំងពីសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានអូសបន្លាយពេលជាង ៥ខែមកនេះ ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែនមិនទាន់បានចូលរួមយ៉ាងសកម្ម ឬជាផ្លូវការក្នុងសង្រ្គាមនេះនៅឡើយទេ។ ប៉ុន្តែអ្វីៗហាក់បានប្រែប្រួលកាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅពេលក្រុមហ៊ូទីដែលកំពុងគ្រប់គ្រងទឹកដីមួយផ្នែកធំនៅយេម៉ែនបានប្រកាសបិទខ្ទប់សមុទ្រ ប្រឆាំងនឹងអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិក។ ការបិទខ្ទប់សមុទ្រនេះបាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះឡើងនូវសមរភូមិថ្មីមួយទៀតក្នុងសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ដែលបានបង្កការរំខានរួចទៅហើយនោះដល់ការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក។ ខាងក្រោមនេះជាចំណុចសំខាន់ៗគួរដឹងពីការកើនឡើងភាពតានតឹងនៅយេម៉ែន។
* តើហ៊ូទីនឹងប្រឡូកក្នុងសង្រ្គាមអាមេរិក-អ៉ីរ៉ង់ឬ?
ហ៊ូទីជាក្រុមឧទ្ទាមប្រដាប់អាវុធមួយបានវាយដណ្ដើមគ្រប់គ្រងទឹកដីមួយផ្នែកធំក្នុងប្រទេសយេម៉ែន ក្នុងនោះរួមមានទាំងរដ្ឋធានីសាណា អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយមានជំនួយគាំទ្រពីអ៉ីរ៉ង់។ អារ៉ាប៊ីសាអូឌីតដែលមានព្រំដែនជាប់យេម៉ែននៅភាគខាងជើង បានធ្វើអន្តរាគមន៍យោធានៅយេម៉ែនដើម្បីបណ្ដេញក្រុមហ៊ូទី និងប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលយេម៉ែនគាំទ្រដោយអន្តរជាតិវិញក្នុងឆ្នាំ២០១៥។ តែការធ្វើអន្តរាគមន៍យោធានេះបានទទួលបរាជ័យ និងបានបង្កទៅជាសង្រ្គាមស៊ីវិលដ៏មហន្តរាយអូសបន្លាយពេលរាប់ឆ្នាំ ហើយបានផ្ដាច់យកអាយុជីវិតជនស៊ីវិលស្លូតត្រង់រាប់សែននាក់។
សង្រ្គាមនៅយេម៉ែនបានត្រឡប់ទៅរកភាពស្ងប់ស្ងាត់ បន្ទាប់ពីមានបទឈប់បាញ់ដ៏ផុយស្រួយមួយរវាងហ៊ូទី និងអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០២២។ ប៉ុន្តែកាលពីសប្ដាហ៍មុន ក្រុមហ៊ូទីបានចោទប្រកាន់អារ៉ាប៊ីសាអូឌីត ថាបានទម្លាក់គ្រាប់បែកលើអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងសាណា នៅក្នុងជម្លោះមួយពាក់ព័ន្ធនឹងយន្ដហោះអ៉ីរ៉ង់មួយដែលព្យាយាមចុះចតនៅទីនោះ។ រដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអូឌីតចេញមុខ ទទួលខុសត្រូវចំពោះការវាយប្រហារលើអាកាសយានដ្ឋានសាណា។ ប៉ុន្តែរដ្ឋាភិបាលយេម៉ែនមិនមានកងទ័ពអាកាសដែលអាចធ្វើដំណើរការពេញលេញឡើយ និងពឹងផ្អែកស្ទើរតែទាំងស្រុងលើការគាំទ្រផ្នែកយោធា ពីអារ៉ាប៊ីសាអូឌីត។
បច្ចុប្បន្ន ភាពតានតឹងដែលបានកើនឡើងភ្លាមៗ បានបង្កឱ្យមានការចោទសួរសាជាថ្មីថាតើក្រុមហ៊ូទីនឹងប្រឡូកចូលរួមក្នុងសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ឬក៏យ៉ាងណា? ក្រុមអ្នកវិភាគបាននិយាយថាអ៉ីរ៉ង់ ប្រហែលជាកំពុងបញ្ចុះបញ្ចូលឱ្យក្រុមហ៊ូទីបង្កការរំខានដល់ការធ្វើនាវាចរក្នុងតំបន់សមុទ្រក្រហម។ រឿងមួយនេះប្រសិនបើកើតឡើងពិតមែន វានឹងកាន់តែបង្កអស្ថិរភាពរឹតតែខ្លាំងដល់ទីផ្សារប្រេងពិភពលោកដែល កំពុងរងផលប៉ះពាល់ស្រាប់ដោយសារតែការបិទខ្ទប់ច្រកសមុទ្រ Hormuz។ តម្លៃប្រេងសព្វថ្ងៃបានកើនឡើងខ្ពស់ឡើងវិញបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹក ដ៏សំខាន់មួយផ្សេងទៀតសម្រាប់ការដឹកជញ្ជូន និងផ្គត់ផ្គង់ប្រេងពិភពលោក។ ក្នុងពេល Hormuz ត្រូវបានបិទខ្ទប់អស់រយៈពេលជាច្រើនខែមកនេះ សមុទ្រក្រហមបានក្លាយជាផ្លូវទឹកជំនួសមួយចំពោះ ការដឹកជញ្ជូនប្រេង និងឧស្ម័នរបស់អារ៉ាប៊ីសាអូឌីតទៅកាន់ទីផ្សារអន្តរជាតិ។
* អ្វីទៅធ្វើឱ្យជម្លោះផ្ទុះឡើង?
កាលពីដើមខែកក្កដានេះ ប្រតិភូហ៊ូទីមួយក្រុមបានធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីទៅចូលរួមពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នៅពេលប្រតិភូហ៊ូទីនេះត្រឡប់ទៅកាន់យេម៉ែនវិញ រដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអូឌីតបានព្យាយាមរារាំងមិនឱ្យយន្ដហោះ ហោះមកពីអ៉ីរ៉ង់ចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងសាណា ជាហេតុជំរុញឱ្យក្រុមហ៊ូទីចោទប្រកាន់អារ៉ាប៊ីសាអូឌីត ជាអ្នកទម្លាក់គ្រាប់បែកលើផ្លូវរត់នៅឯអាកាសយានដ្ឋានសាណា។ មន្ត្រីជាន់ខ្ពស់ ម្នាក់របស់យេម៉ែនបាននិយាយថាពួកគេជឿថាយន្ដហោះដឹកប្រតិភូហ៊ូទីមកពីអ៉ីរ៉ង់វិញមានផ្ទុកទៅដោយកងកម្លាំង និងសម្ភារៈដែលអាចប្រើប្រាស់ទាំងស៊ីវិល និងយោធា។
ក្រុមហ៊ូទីបានសងសឹកតាមរយៈការវាយប្រហារលើអាកាសយានដ្ឋាន Abha ស្ថិតនៅភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះជាការវាយប្រហារដោយផ្ទាល់របស់ក្រុមហ៊ូទីលើទឹកដីអារ៉ាប៊ីសាអូឌីត ចាប់តាំងពីដើមឆ្នាំ២០២២មក។
* តើជម្លោះកើនឡើងយ៉ាងដូចម្ដេច?
ប៉ុន្មានថ្ងៃនៅមុនប្រកាសបិទខ្ទប់សមុទ្រប្រឆាំងនឹងកប៉ាល់ដឹកទំនិញរបស់អារ៉ាប៊ីសាអូឌីត មេដឹកនាំក្រុមហ៊ូទី លោក Abdul Malik al-Houthi បានព្រមានថាទឹកដី និងរោងចក្រថាមពលទាំងអស់របស់ អារ៉ាប៊ីសាអូឌីតនឹងក្លាយជាគោលដៅនៃការវាយប្រហារ ប្រសិនបើទីក្រុងរីយ៉ាដហ៊ានបង្កើនជម្លោះយោធា។ អ៉ីរ៉ង់សម្លឹងឃើញការគំរាមកំហែងរបស់ក្រុមហ៊ូទីលើសមុទ្រក្រហមជាការផ្ដល់អំណាចបន្ថែមមួយដល់ សង្រ្គាមរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ នេះបើតាមលោក Ahmed Nagi ជាអ្នកវិភាគម្នាក់មកពីស្ថាប័ន International Crisis Group។ ក្រុមហ៊ូទីកំពុងគ្រប់ទឹកដីមួយផ្នែករបស់យ៉េមែនដែលមាន ទីតាំងស្ថិតនៅតាមបណ្ដោយច្រកសមុទ្រ Bab al-Mandab ជាច្រកផ្លូវទឹកមួយនៅឯច្រកចូលភាគខាងត្បូងនៃសមុទ្រក្រហម។ លោក Ahmed Nagi បានបន្ថែមថាជាសារមួយដែលអ៉ីរ៉ង់ចង់បញ្ជូន នោះគឺ «កុំយល់ច្រឡំថាអំណាចរបស់អ៉ីរ៉ង់មានតែទៅលើច្រកសមុទ្រ Hormuz ហើយយើងក៏មានសម្ព័ន្ធមិត្តមួយដែរ ដែលអាចគំរាមកំហែងដល់ច្រកសមុទ្រ Bab al-Mandab ប្រសិនបើចាំបាច់។
លោក Turki al-Malki ជាអ្នកនាំពាក្យក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ថាក្រុមចម្រុះនឹងឆ្លើយតបវិញទៅនឹងរាល់ការគំរាមកំហែងរបស់ក្រុមហ៊ូទី ប្រឆាំងនឹងកប៉ាល់ដឹកទំនិញ យ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាបំផុត។ កាលពីថ្ងៃចន្ទផងដែរ រដ្ឋមន្ត្រីការពារជាតិយេម៉ែន លោក Taher al-Aqili បាននិយាយថាកងទ័ពរបស់រដ្ឋាភិបាលយេម៉ែនទទួលស្គាល់ដោយ អន្តរជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីបិទបញ្ចប់ការធ្វើរដ្ឋប្រហាររបស់ក្រុមហ៊ូទី ខណៈប្រធានាធិបតីយេម៉ែនកំពុងរស់នៅនិរទេសខ្លួន លោក Rashad al-Alimi បានអំពាវនាវឱ្យប្រជាជនកំពុងរស់នៅ ក្នុងតំបន់គ្រប់គ្រងដោយក្រុមហ៊ូទីគាំទ្រដល់រដ្ឋាភិបាលយេម៉ែន។
ក្រុមហ៊ូទីមិនបានបញ្ជាក់ឱ្យច្បាស់ថាតើពួកគេនឹងអនុវត្តការបិទខ្ទប់សមុទ្រប្រឆាំងអារ៉ាប៊ីសាអូឌីតនោះទេ? ប៉ុន្តែពួកគេធ្លាប់បានប្រើប្រាស់សមត្ថភាពរបស់ខ្លួនដើម្បីបង្កការរំខានដល់ការធ្វើនាវាចររបស់កប៉ាល់ នៅក្នុង តំបន់សមុទ្រក្រហមជាអាវុធ។ អំឡុងសង្រ្គាមរយៈពេល ២ឆ្នាំ ក្នុងតំបន់ហ្កាហ្សារវាងអ៉ីស្រាអែល និងក្រុមហាម៉ាសដែលបានផ្ទុះឡើងកាលពីឆ្នាំ២០២៣ ហ៊ូទីបានបើកការវាយប្រហារលើកប៉ាល់ដឹកទំនិញជាច្រើន គ្រឿងដោយប្រើដ្រូន មីស៊ីល និងទូកតូចៗ រួមទាំងការធ្វើសកម្មភាពប្លន់កប៉ាល់ ដើម្បីដាក់សម្ពាធលើអ៉ីស្រាអែល និងសហរដ្ឋអាមេរិក។
ក្រុមហ៊ូទីអាចប្រើប្រាស់សមុទ្រក្រហមសាជាថ្មីដើម្បីដាក់សម្ពាធលើអារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ីសាអូឌីតបានពឹងផ្អែកលើផ្លូវទឹកក្នុងសមុទ្រក្រហម ក្នុងរយៈពេលប៉ុន្មានខែមកនេះដើម្បីនាំចេញប្រេង និងឥន្ធនៈផ្សេងជា ៣,៦លានបារែលក្នុងមួយថ្ងៃ ហើយប្រេងទាំងនោះភាគច្រើនត្រូវដឹកឆ្ពោះទៅកាន់តំបន់អាស៊ី។ នេះបើតាមទិន្នន័យពីក្រុមហ៊ុន Kpler។ លោក Yasir al-Rumayyan ជាប្រធានក្រុមហ៊ុនប្រេងដ៏ធំមួយរបស់ អារ៉ាប៊ីសាអូឌីតបាននិយាយកាលពីពេលថ្មីៗថាការប្រើប្រាស់ផ្លូវទឹកសមុទ្រក្រហមដើម្បីនាំចេញប្រេងបានផ្ដល់ខ្យល់ដងើ្ហមដល់សេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត ក្នុងគ្រាដែលច្រកសមុទ្រ Hormuz ត្រូវបានបិទខ្ទប់។ ការបិទខ្ទប់ណាមួយរបស់ក្រុមហ៊ូទីនៅសមុទ្រក្រហមអាចនឹងបង្កផលប៉ះពាល់ប្រហែល ៣ភាគរយនៃទីផ្សារប្រេងពិភពលោក៕










