ក្រសួងសេដ្ឋកិច្ច បើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការ ស្ដីពី «គណនេយ្យសាធារណៈ» ជូនរជ្ជទេយ្យករបុរេប្រទាន និង រជ្ជទេយ្យករបុរេប្រទានរងនៃរដ្ឋបាលក្រុងស្រុកនៃខេត្តចំនួន៥
23-07-2026 10:31
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការ ស្តីពី គណនេយ្យសាធារណៈ ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និង ខេត្តកំពង់ឆ្នាំង។
ពិធីបើកវគ្គនេះបានប្រព្រឹត្តទៅ ក្រោមការដឹកនាំរបស់លោកបណ្ឌិត សឹង រេត អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក ស្រេង ហុង អភិបាលរងខេត្តបាត់ដំបង, អនុរដ្ឋលេខធិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាម សរុបប្រមាណ ១០២ នាក់។
ថ្លែងនៅក្នុងពិធីនោះ លោកបណ្ឌិតអនុរដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះ, ម៉្យាង, រួមចំណែកដល់ការគាំទ្រ និង ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចគោលដៅដែលបានកំណត់ និង, ម៉្យាងទៀត, រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និង មូលធនមនុស្ស, ស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និង ប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង, បទពិសោធ, និង ថាមពល, ដែលយុទ្ធសាស្ត្រនេះកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដែលក្នុងនោះ ការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពខ្ពស់បំផុតសម្រាប់ជំរុញសម្ទុះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោកបណ្ឌិតអនុរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈយ៉ាងមុតស្រួចតាំងពីឆ្នាំ២០០៤មក ដោយបានធ្វើទំនើបកម្មក្របខ័ណ្ឌគតិយុត្ត និងបានដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុ ឬ ហៅថា FMIS ដើម្បីធ្វើឌីជីថលូបនីយកម្មលើការអនុវត្តថវិកា។ ទន្ទឹមនេះ ក្នុងបរិបទនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្ត្រស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា ២០២១-២០៣១» ដោយបាននិងកំពុងផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធគណនេយ្យសាធារណៈមូលដ្ឋានសាច់ប្រាក់ទៅជាប្រព័ន្ធគណនេយ្យសាធារណៈមូលដ្ឋានបង្គរ និង បានកំណត់យកឆ្នាំ២០៣១ ជាបង្គោលចរសម្រាប់ការអនុវត្តស្តង់ដាគណនេយ្យសាធារណៈមូលដ្ឋានបង្គរពេញលេញ, ដែលនៅពេលនោះ កម្ពុជានឹងមានក្របខ័ណ្ឌរបាយការណ៍ហិរញ្ញវត្ថុជាតិមួយ ដែលអាចផលិតបាននូវព័ត៌មានហិរញ្ញវត្ថុប្រកបដោយតម្លាភាព ភាពអាចជឿទុកចិត្តបាន ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និង បរិបទជាក់ស្តែងរបស់កម្ពុជា ជាពិសេស ធានាបាននូវគណនេយ្យភាពចំពោះប្រជាជនលើការប្រើប្រាស់ធនធាន និង ការផ្តល់សេវាសាធារណៈ ជូនប្រជាជនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និង បរិយាបន្ន។
លោកបណ្ឌិតអនុរដ្ឋលេខាធិការ បានរំលេចជូនអង្គពិធីថា ផ្អែកតាមបទពិសោធនៃការអនុវត្តជាអន្តរជាតិ, ការអនុវត្តស្តង់ដាគណនេយ្យសាធារណៈមូលដ្ឋានបង្គរ ផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដូចជា៖
*(១). ការផ្តល់ព័ត៌មានហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ ដោយសាររបាយការណ៍ហិរញ្ញវត្ថុមូលដ្ឋានបង្គរផ្តល់នូវព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសមិទ្ធកម្មហិរញ្ញវត្ថុ និង ថ្លៃដើមនៃសកម្មភាពរបស់រដ្ឋាភិបាល ដោយរាប់បញ្ចូលទាំងប្រតិបត្តិការសាច់ប្រាក់ និង មិនមែនសាច់ប្រាក់,
*(២). ការគ្រប់គ្រងទ្រព្យសកម្ម និង បំណុលបានល្អប្រសើរ តាមរយៈការជួយឱ្យរដ្ឋាភិបាលក្នុងនាមជាអ្នកដាក់ចេញគោលនយោបាយ (Policymaker) និង សាធារណជន យកចិត្តទុកដាក់កាន់តែខ្លាំងលើការគ្រប់គ្រងទ្រព្យសកម្ម និង បំណុល,
*(៣). ការផ្តល់ព័ត៌មានពេញលេញអំពីស្ថានភាពហិរញ្ញវត្ថុ តាមរយៈការបង្ហាញព័ត៌មានគ្រប់ជ្រុងជ្រោយអំពីស្ថានភាពហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល និង អង្គភាពទាំងអស់របស់រាជរដ្ឋាភិបាល,
*(៤). ការបង្កើនគុណភាពទិន្នន័យ ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព ភាពអាចជឿទុកចិត្តបាន និង សុចរិតភាព នៃទិន្នន័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល,
*(៥). ការលើកកម្ពស់ប្រសិទ្ធភាពនៃការសម្រេចចិត្ត ដោយជួយដល់ការធ្វើសេចក្តីសម្រេចចិត្តបានកាន់តែត្រឹមត្រូវ និង ចំគោលដៅ,
*(៦). ការបង្កើនសមត្ថភាពប្រៀបធៀបជាអន្តរជាតិ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព ក្នុងការប្រៀបធៀបរបាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងបណ្តាប្រទេសនានាដែលអនុវត្តស្តង់ដាគណនេយ្យមូលដ្ឋានបង្គរដូចគ្នា,
*និង (៧). ការឆ្លុះបញ្ចាំងអំពីស្ថាភាពប្រតិបត្តិការជាក់ស្តែង ព្រោះថាស្តង់ដាគណនេយ្យមូលដ្ឋានបង្គរឆ្លុះបញ្ចាំងនូវលទ្ធផលចំណេញ-ខាត និង ស្ថានភាពប្រតិបត្តិការជាក់ស្តែង ដោយហេតុថាចំណូល និង ចំណាយត្រូវបានកត់ត្រានៅពេលចំណូល និង ចំណាយនោះកើតឡើង និង មានការផ្សារភ្ជាប់គ្នាច្បាស់លាស់។
លោកបណ្ឌិតអនុរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ជានិច្ច លើការកសាងនិងការអភិវឌ្ឍសមត្ថភាព លើជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង បានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ ដើម្បីតម្រង់ទិសការរៀបចំនិងការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលនិងវិក្រឹតការ ជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងស្ថាប័ននិងអង្គភាពជំនាញក្រោមឱវាទ អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ឆ្នាំ២០២៣ និង អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤។
ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការបណ្តុះបណ្តាល និង ប្រសិទ្ធភាពនៃវគ្គបណ្តុះបណ្តាលនាពេលនេះ និង អនាគត ក៏ដូចជាលើកកម្ពស់ផលិតភាពការងារ, លោកបណ្ឌិតអនុរដ្ឋលេខាធិការ ផ្តល់នូវទស្សនៈមួយចំនួន ដូចខាងក្រោម៖
*ទី១. វគ្គបណ្ដុះបណ្ដាលរយៈពេល ៣ ថ្ងៃនេះ នឹងផ្តល់ឱកាសដ៏ល្អជូនដល់សិក្ខាកាម ក្នុងការចាប់យកចំណេះដឹង និង បទពិសោធជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈរៀងៗខ្លួន។ ក្នុងន័យនេះ សូមសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ និង ស្វែងយល់ចំពោះគ្រប់បទឧទ្ទេស ព្រមទាំងចូលរួមការពិភាក្សា និង ការផ្លាស់ប្តូរគំនិតយោបល់ ឱ្យបានផុសផុលជាមួយឧទ្ទេសាចារ្យ ដើម្បីចាប់យកចំណេះដឹង និង ចំណេះធ្វើជាក់ស្តែងឱ្យបានច្រើនជាអតិបរមា សម្រាប់យកទៅអនុវត្តការងារនៅក្នុងអង្គភាពរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
*ទី២. ជាមួយនឹងចំណេះដឹងទទួលបានពីវគ្គបណ្តុះបណ្តាលនេះ, សិក្ខាកាមទាំងអស់សូមបន្ដស្វ័យសិក្សាបន្ថែមទៀត ដើម្បីបង្កើន និង ពង្រឹងចំណេះដឹងឱ្យកាន់តែខ្ពស់តាមដែលអាចធ្វើទៅបាន និង សូមខិតខំអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឌីជីថលស្របតាមឯកទេសកម្មរៀងៗខ្លួន សំដៅទាញយកផលប្រយោជន៍ជាសុភបរមាពីបរិវត្តកម្មឌីជីថល និង រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលផ្អែកលើជំនាញ បច្ចេកវិទ្យា និង នវានុវត្តន៍។
*ទី៣. សូមលើកទឹកចិត្តឱ្យបង្កើតនូវវប្បធម៌នៃការផ្ទេរចំណេះដឹងដល់សហការី ក្នុងការអនុវត្តការងារបម្រើប្រទេសជាតិជាទីស្នេហានៃយើង, ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ», ដែលក្នុងប្រព័ន្ធនេះ តួអង្គនីមួយគួរបំពេញមុខងារ និង ភារកិច្ច ដោយសហការ និង ការសម្របសម្រួលល្អ ប្រកបដោយភាពរស់រវើក សហថាមពល និង បំពេញឱ្យគ្នាទៅវិញទៅមក។ គួរផ្តល់ឱកាស និង ការគាំទ្រពេញលេញសម្រាប់សហការី និង មន្ត្រីទាំងអស់ ដើម្បីអនុញ្ញាតឱ្យពួកគាត់អាចសម្រេចសក្តានុពលរៀងៗខ្លួនឱ្យបានខ្ពស់បំផុត។
*ទី៤. សូមលើកទឹកចិត្តឱ្យមានការលើកកម្ពស់ស្មារតីបុរេសកម្ម ព្រោះថាយើងមិនអាចសម្រេចបានសមិទ្ធិកម្មកាន់តែប្រសើរបានឡើយ បើយើងរក្សានូវរបៀបរបបអនុវត្តការងារនៅដដែលនោះ ។
*ទី៥. សូមខិតខំធ្វើការវិភាជន៍ពេលប្រចាំថ្ងៃសមស្រប ដើម្បីហាត់កីឡាសម្រាប់ពង្រឹងសុខភាពល្អ។ សុខភាពល្អនាំមកនូវការវិនិយោគលើការអប់រំ លើកកម្ពស់ផលិតភាពការងារ និង បង្កើនភាពងាយស្រួល ក្នុងការចាប់បាននូវចំណេះដឹងពីការបណ្តុះបណ្តាល និង ការស្វ័យសិក្សាដោយខ្លួនឯង ព្រមទាំងការផ្ទេរចំណេះដឹង និង បច្ចេកវិទ្យាថ្មីៗ ផ្សេងទៀត៕













