ប្រតិភូអ្នកសារព័ត៌មាន រួមជាមួយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងសហគមន៍ ដាំដើមឈើបង្កើនភាពបៃតងនៅភ្នំខ្នងផ្សារ
23-07-2026 10:44
(កំពង់ស្ពឺ)៖ ប្រតិភូអ្នកសារព័ត៌មានចំនួន ១៥ស្ថាប័ន ស្មើនឹង ២០ នាក់ បានអញ្ជើញមកដល់តំបន់ភ្នំខ្នងផ្សារ ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីការអភិវឌ្ឍគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ។
គម្រោងនេះត្រូវបានបង្កើតឡើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងផ្តល់ឱកាសដល់សហគមន៍មូលដ្ឋានក្នុងការអភិវឌ្ឍជីវភាពគ្រួសារ និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។
ក្នុងឱកាសនោះ ប្រតិភូអ្នកសារព័ត៌មានក្នុងស្រុក បានចូលរួមដាំដើមក្ងោកជាច្រើនដើម អមសងខាងផ្លូវចេញពីវត្តតាំងបំពង់ ឆ្ពោះទៅដំណាក់ដំរី ជើងភ្នំខ្នងផ្សារ។
លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សកម្មភាពដាំដើមឈើនេះ មានគោលបំណងបង្កើនសោភ័ណភាព បង្កើតម្លប់ និងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ការពារធម្មជាតិ។ ការដាំដើមឈើនេះក៏ឆ្លើយតបទៅនឹងសសរស្តម្ភទី២ គឺ «ភាពបៃតង» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលក្រសួងបរិស្ថានកំពុងជំរុញការបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋរាប់លានដើមក្នុងមួយឆ្នាំៗ ដើម្បីបណ្តុះស្មារតីស្រឡាញ់ និងថែរក្សាធនធានធម្មជាតិ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គម្រោងលម្ហែបៃតងភ្នំខ្នងផ្សារ បានបង្កើតហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើន រួមមានផ្លូវធ្វើដំណើរ កន្លែងសម្រាកដំណាក់ដំរី មណ្ឌលព័ត៌មាន ចំណតឡាន ហាងកាហ្វេ បន្ទប់ទឹក ផ្សារសហគមន៍ ផ្លូវថ្មើរជើងឡើងទៅលើភ្នំ និងតំបន់ទេសភាពចំនួន ៧ ដំណាក់។ គម្រោងនេះផ្តល់ជម្រើសមុខរបរថ្មីសម្រាប់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ដើម្បីបម្រើសេវាកម្មទេសចរណ៍។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានជំរុញការដាំដើមឈើបន្ថែមទៀត ជាពិសេសដើមក្ងោកចំនួន ១៤០០ ដើម ត្រូវដាំអមតាមដងផ្លូវចូលពីភូមិតាំងបំពង់ មកដំណាក់ដំរី ជើងភ្នំខ្នងផ្សារ។ ការពង្រីកចលនាដាំដើមឈើនេះ នឹងជួយពង្រឹងប្រព័ន្ធអេកូឡូស៊ី បង្កើនភាពស្អាត និងភាពបៃតងសម្រាប់ការរស់នៅប្រកបដោយចីរភាព៕



























