អភិបាលស្រុកតាំងគោក បើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហម ២គីឡូម៉ែត្រ តភ្ជាប់ពីភូមិបុស្សល្វា ទៅកាន់ភូមិទួលពភ្លា ស្ថិតនៅក្នុងឃុំស្រឡៅ
23-07-2026 11:48
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែងសរុប ២,០០០ម៉ែត្រ តភ្ជាប់ពីភូមិបុស្សល្វា ទៅកាន់ភូមិទួលពភ្លា ស្ថិតនៅក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ដែលកើតចេញពីមូលនិធិឃុំ ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសដ៏ថ្លៃថ្លានោះដែរលោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងក្តីនឹកលឹកអំពីសំណាក់ថ្នាក់ដឹកនាំរួមមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរជាប្រចាំអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ទន្ទឹមនឹងនេះលោកអភិបាលស្រុក ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដី ថ្នាក់ដឹកនាំភូមិ-ឃុំ និងប្រជាពលរដ្ឋក្នុងឃុំស្រឡៅ ដែលបានបង្ហាញពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ និងបានរួមគ្នាកសាងអភិវឌ្ឍន៍ផ្លូវជាច្រើនខ្សែនាពេលកន្លងមក និងបានគូសបញ្ជាក់ថា ការបើការដ្ឋានសាងសង់ផ្លូវថ្មីប្រវែង ២,០០០ម៉ែត្រនេះ បានចេញជារូបរាងឡើងតាមរយៈថវិកាមូលនិធិឃុំ ដែលជាកញ្ចប់ថវិកាដ៏មានសារសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការទម្លាក់មកថ្នាក់មូលដ្ឋានដោយផ្ទាល់ ដើម្បីឆ្លើយតប និងបម្រើឱ្យតម្រូវការក៏ដូចជាសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
លោក ហាក់ ម៉ុងហួត ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃផ្លូវគ្រួសក្រហមនេះ ដែលនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការតភ្ជាប់ភូមិទាំងពីរ ព្រមទាំងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារបានទាន់ពេលវេលា និងកាត់បន្ថយការចំណាយ។ ការអភិវឌ្ឍន៍ផ្លូវថ្នល់ គឺជាអាទិភាពចម្បងមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវការរីកចម្រើនគ្រប់វិស័យ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះលោកអភិបាលស្រុក បានគូសបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវមួយខ្សែនេះមិនមែនជារបស់បុគ្គលណាម្នាក់ឡើយ គឺជារបស់យើងទាំងអស់គ្នា ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាក្នុងការការពារ និងថែរក្សាផ្លូវនេះឱ្យបានគង់វង្ស ដើម្បីអាចប្រើប្រាស់បានយូរអង្វែងជាប្រយោជន៍រួមសម្រាប់កូនចៅ។
លោកអភិបាលស្រុក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិបុស្សល្វា និងភូមិទួលពភ្លា ទាំងអស់ ឱ្យចូលរួមសហការសម្រួលដល់ក្រុមការងារបច្ចេកទេស ដើម្បីឱ្យការដ្ឋានសាងសង់នេះដំណើរការទៅដោយរលូន និងបានសម្រេចតាមផែនការដែលបានកំណត់៕




















