* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ដើម្បីទាក់ទាញវិនិយោគិនអាម៉េរិកមកកម្ពុជា

23-07-2026 15:43

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក (ឯកអគ្គរដ្ឋទូតចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃ US-ABC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចធុរកិច្ចជាផ្លូវការនៅកម្ពុជា។

សមាសភាពចូលរួមអមលោកឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបនេះរួមមានលោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃ ក.អ.ក. និងមានការចូលរួមផងដែរពីសំណាក់​លោកស្រី Aleksandra Zittle ភារធារី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនកម្រិតអន្តរជាតិដែលជាសមាជិក US-ABC ជាច្រើនស្ថាប័ន។

ជាការចាប់ផ្តើមកិច្ចសន្ទនានេះលោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅជូនចំពោះគណៈប្រតិភូ US-ABC ទាំងអស់ដែលបានមកបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា និងបានរំលេចអំពីសាវតាប្រវត្តិសាស្ត្រនៃ វិមានរាជរដ្ឋាភិបាល ដែលជាអគារទីស្តីការ ក.អ.ក. បច្ចុប្បន្ន ព្រមទាំងបានជម្រាបអំពីបេសកកម្ម ទស្សនវិស័យ និងតួនាទីស្នូលរបស់ស្ថាប័ន ក.អ.ក. ក្នុងការសម្របសម្រួល និងស្រូបទាញការវិនិយោគ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកអំពីសន្ទុះនៃការអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានកើនឡើងនិងបំបែកកំណត់ត្រាពីរឆ្នាំស្ទួន (២០២៤-២០២៥)។

ទន្ទឹមនឹងនេះលោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវលទ្ធផលផ្លែផ្កានៃបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគ នៅសហរដ្ឋអាម៉េរិកនាពេលកន្លងមក និងបានលើកឡើងដោយសង្ខេបអំពីសមិទ្ធផលការងារសំខាន់ថ្មីៗ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន៖

១៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (Agreement on Reciprocal Trade - ART) ដែលកម្ពុជាគឺជាប្រទេសទី១ ក្នុងតំបន់ដែលបានសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ,
២៖ ការចុះកិច្ចសន្យាហោះហើរតាមផ្លូវអាកាស (Air Transport Agreement /Open Skies) ដែលភាគីទាំងពីរទើបតែបានសម្រេចការចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន,
៣៖ ការសម្រេចផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុពី សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិ (DFC) របស់សហរដ្ឋអាម៉េរិក ដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។

ដើម្បីគាំទ្រដល់វិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការសន្ទនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមយ៉ាងមានប្រសិទ្ធភាព រួមានដូចជា៖ វេទិការាជរដ្ឋាភិបាល-វិស័យឯកជន (G-PSF), វេទិកាកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន (P-PSD), ពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចរវាងរដ្ឋ និងវិស័យឯកជន(P-PSBB) ព្រមទាំងបានជម្រាបអំពីគំនិតផ្តួចផ្តើមថ្មីចុងក្រោយបង្អស់គឺកម្មវិធី "Open Day with DPM" ដើម្បីផ្តល់ឱកាសជូនវិនិយោគិនចូលជួបពិភាក្សា ប្រឹក្សាយោបល់ដោយផ្ទាល់។

បន្ថែមលើនេះលោក ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការធ្វើកំណែទម្រង់ផ្ទៃក្នុងយ៉ាងស៊ីជម្រៅនៅ ក.អ.ក. ដើម្បីបង្កើនឧត្តមភាពនៃការអនុវត្តការងារ ធ្វើឱ្យការផ្តល់កិច្ចសម្របសម្រួលវិនិយោគជូនវិស័យឯកជនកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងភាពទាក់ទាញខ្ពស់ សំដៅធ្វើឱ្យកាន់តែប្រសើឡើងនូវបរិយាកាសធុរកិច្ច ដើម្បីបង្កើនភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

ជាការឆ្លើយតបលោក Brian D. McFeeters ព្រមទាំងគណៈប្រតិភូ US-ABC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការផ្តល់ព័ត៌មានស៊ីជម្រៅ ច្បាស់លាស់ និងចាំបាច់ជាច្រើនពាក់ព័ន្ធនឹងកាលានុវត្តភាព និងគោលនយោបាយវិនិយោគនៅកម្ពុជា។ គណៈប្រតិភូបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចធុរកិច្ចផ្លូវការនៅកម្ពុជានាឱកាសនេះ ដែលពិតជាបានហុចផ្លែផ្កាយ៉ាងត្រចះត្រចង់ និងបានបង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុនអាម៉េរិក និងស្ថាប័នរដ្ឋកម្ពុជា។

ក្នុងអង្គពិភាក្សាដែលប្រកបដោយភាពរស់រវើកនេះ តំណាងក្រុមហ៊ុនជាសមាជិក US-ABC បានសម្តែងនូវទស្សនៈ និងការយល់ឃើញជាវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពការងារយ៉ាងសកម្មរបស់ស្ថាប័ន ក.អ.ក. តាំងពីដើមរៀងមក ព្រមទាំងបានផ្លាស់ប្តូរយោបល់ និងពិភាក្សាយ៉ាងផុលផុសអំពីទិសដៅការងារនាពេលខាងមុខ ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ចដ៏ទូលំទូលាយរបស់កម្ពុជា។

ភាគីទាំងពីរក៏បានបង្ហាញនូវឆន្ទៈរួមយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ បង្កើតបណ្តាញទំនាក់ទំនងផ្ទាល់រវាង ក.អ.ក. និង US-ABC និងរួមគ្នាជម្រុញការផ្លាស់ប្តូរព័ត៌មានវិនិយោគជាប្រចាំ ដើម្បីទាក់ទាញវិនិយោគិនអាម៉េរិកមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ៕