* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

វិភាគអន្តរជាតិ៖ តើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក-អារ៉ាប៊ីសាអូឌីត មានន័យយ៉ាងណាចំពោះអ៉ីរ៉ង់ និងមជ្ឈិមបូព៌ា?

23-07-2026 21:10

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរស៊ីវិលជាមួយអារ៉ាប៊ីសាអូឌីតដែលនឹងនាំទៅរកការបង្កើតកម្មវិធីនុយក្លេអ៊ែរស៊ីវិល នៅក្នុងប្រទេសឈូងសមុទ្រមួយនេះ។ ទីក្រុងវ៉ាស៊ីនតោនបានទទូចថាកិច្ចព្រមព្រៀងនេះមានរួមបញ្ចូលទាំងការការពារសុវត្ថិភាពប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែរ។ ការប្រកាសពីការឈានដល់កិច្ចព្រមព្រៀងខាងលើកើតមានឡើង ចំពេលសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ដែលបានផ្ទុះឡើងមានហេតុផលមួយផ្នែក ដោយសារតែការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ដែលនៅតែជាបញ្ហាខ្ទាស់ដ៏ធំមួយនៃការខ្វែងគំនិតគ្នារវាងប្រទេសទាំង២ អំឡុងកិច្ចចរចាបានជាប់គាំងរួចទៅហើយនោះ។

តាមក្រសួងថាមពលអាមេរិក កិច្ចព្រមព្រៀងចំនួន២ មួយស្ដីពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរប្រកបដោយសន្តិភាព និងមួយទៀតស្ដីពីការការពារសុវត្ថិភាពជាលក្ខណៈទ្វេភាគី ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright និងសមភាគីរបស់លោក គឺព្រះអង្គម្ចាស់ Abdulaziz bin Salman។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងថាមពលអាមេរិកបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងទាំង២ នឹងបង្កើតជាមូលដ្ឋានច្បាប់សម្រាប់ភាពជាដៃគូយូរអង្វែងរាប់ទសវត្សរ៍មានតម្លៃរាប់ពាន់លានដុល្លារ ដែលនឹងជួយជំរុញអាទិភាពសេដ្ឋកិច្ចជាច្រើន ព្រមទាំងកម្មវត្ថុយុទ្ធសាស្ត្រ ក្នុងនោះរួមមានទាំងការមិនរីកសាយអាវុធនុយក្លេអ៊ែរ។ អត្ថបទទាំងស្រុងនៃកិច្ចព្រមព្រៀងនេះនៅមិនទាន់ត្រូវបានចេញផ្សាយជាសាធារណៈភ្លាមៗនៅឡើយទេ។

តែបើតាមកាសែតអាមេរិក Wall Street Journal ចំណុចមួយដែលមានចែងក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានបើកផ្លូវឱ្យបណ្ដាក្រុមហ៊ុនអាមេរិកសាងសង់រោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ កិច្ចព្រមព្រៀងនេះនឹងមានរយៈពេលកំណត់ ៣០ឆ្នាំ ហើយនឹងមិនអនុញ្ញាតឱ្យប្រទេសទី៣ ចូលរួមក្នុងឧស្សាហកម្មនុយក្លេអ៊ែររបស់អារ៉ាប៊ីសាអូឌីតនោះទេ ពោលគឺអារ៉ាប៊ីសាអូឌីតតម្រូវឱ្យប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកតែមួយគត់។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដបានបើកកិច្ចពិភាក្សាជាច្រើនឆ្នាំលើកិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរដែលនឹងអនុញ្ញាតឱ្យអារ៉ាប៊ីសាអូឌីតចូលទៅប្រើប្រាស់ ឬទទួលបានបច្ចេកវិទ្យាអាមេរិក ហើយក្រុមហ៊ុនអាមេរិកមានឱកាសទទួលបានកុងត្រាមានតម្លៃរាប់ពាន់លានដុល្លារដើម្បីសាងសង់រេអាក់ទ័រនុយក្លេអ៊ែរ។ ជាធម្មតា នៅពេលមានជាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យានុយក្លេអ៊ែរ គេមុខជាបារម្ភមុនគេពីសន្តិសុខ ការរីកសាយអាវុធនុយក្លេអ៊ែរ និងភាពស្មុគស្មាញខាងនយោបាយនៅក្នុងតំបន់មួយដែលពោរពេញដោយអរិភាពដូចជានៅមជ្ឈិមបូព៌ា។

ដូចគ្នាទៅនឹងប្រទេសជាហត្ថលេខីទាំងអស់នៃសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ អារ៉ាប៊ីសាអូឌីតបានប្ដេជ្ញាចិត្តថានឹងមិនផលិតអាវុធនុយក្លេអ៊ែរឡើយ ហើយបើកទូលាយចំពោះការធ្វើអធិការកិច្ចពីអន្តរជាតិ។ ប៉ុន្តែជាប្រពៃណី ទីក្រុងវ៉ាស៊ីនតោនតែងតែបន្ថែមលក្ខខណ្ឌ។ រដ្ឋបាលលោក ត្រាំ កាលពីថ្ងៃពុធ បាននិយាយថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអារ៉ាប៊ីសាអូឌីតត្រូវបានដាក់ជូនសភាទាំង២របស់សហរដ្ឋអាមេរិក រួចរាល់ហើយ។ អ្នកតំណាងរាស្ត្រអាមេរិកមានរយៈពេល៩០ថ្ងៃ ដើម្បីសម្រេចចិត្តថាតើត្រូវបោះឆ្នោតអនុម័ត ឬជំទាស់។ ប៉ុន្តែដើម្បីអាចរារាំងកុំឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានបាន សភាអាមេរិកត្រូវប្រមូលឱ្យបានសំឡេងភាគច្រើន ២ភាគ៣ ដើម្បីអាចលុបចោលអំណាចវេតូរបស់ប្រធានាធិបតី។

នៅពេលសហរដ្ឋអាមេរិកចុះកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយអេមីរ៉ាតអារ៉ាប់រួម និងបានចូលជាធរមានក្នុងឆ្នាំ២០០៩ វាមានភ្ជាប់ការរឹតត្បិតយ៉ាងតឹងរ៉ឹង។ អេមីរ៉ាតអារ៉ាប់រួមបើកទូលាយសម្រាប់ការធ្វើអធិការកិច្ច និងបានចុះហត្ថលេខាលើពិសារបន្ថែមជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ព្រមទាំងយល់ព្រមបោះបង់ចោលសិទ្ធិផលិតឥន្ធនៈនុយក្លេអ៊ែរដោយខ្លួនឯង ដែលនេះជាលុបបំបាត់ចោលនូវលទ្ធភាពដែលអេមីរ៉ាតអារ៉ាប់អាចមានហេដ្ឋារចនាសម្ព័ន្ធដើម្បីផលិតអាវុធនុយក្លេអ៊ែរ។ កិច្ចព្រមព្រៀងបែបនេះត្រូវបានគេស្គាល់ថា «ស្ដង់ដាមាស» (Gold standard) សម្រាប់ការមិនរីកសាយអាវុធនុយក្លេអ៊ែរ។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតមិនមានបញ្ចូលស្ដង់ដាមាសដែលនឹងហាមឃាត់អារ៉ាប៊ីសាអូឌីតពីការចម្រាញ់អ៊ុយរ៉ាញ៉ូម និងការកែច្នៃឥន្ធនៈនុយក្លេអ៊ែរ ជាជំហានសំខាន់២ឆ្ពោះទៅរកការផលិតសម្ភារៈសម្រាប់ក្បាលគ្រាប់នុយក្លេអ៊ែ ឬក៏ពិធីសារបន្ថែមនៃការធ្វើអធិការកិច្ចពីអន្តរជាតិនោះទេ។

ចន្លោះប្រហោងទាំងនេះឯងបាន និងកំពុងបង្កការព្រួយបារម្ភដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានទាំងអ៉ីស្រាអែល ហើយបង្កើនឱ្យមានការចោទសួរពីតម្លាភាព ដ្បិតអាមេរិកបានសម្រេចចិត្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ដោយសារតែតេហេរ៉ង់មិនព្រមបោះបង់ចោលកម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូម តែបែរជាអនុញ្ញាតឱ្យអារ៉ាប៊ីសាអូឌីតចម្រាញ់អ៊ុយរ៉ាញ៉ូម។ កិច្ចព្រមព្រៀងនេះក៏ទទួលរងការរិះគន់ និងការប្រឆាំងជំទាស់ពីក្រុមអ្នកតំណាងរាស្ត្រអាមេរិកមួយចំនួនដែលទាមទារឱ្យមានការរឹតត្បិតយ៉ាងតឹងរ៉ឹង។

*ហេតុអ្វីអារ៉ាប៊ីសាអូឌីតចង់បានកម្មវិធីនុយក្លេអ៊ែរ ហើយមានន័យយ៉ាងណាចំពោះអ៉ីរ៉ង់ និងមជ្ឈិមបូព៌ា?

ក្នុងនាមជាប្រទេសនាំចេញប្រេងធំជាងគេបំផុតនៅលើពិភពលោក និងមានប្រេងដ៏មហាសាល អារ៉ាប៊ីសាអូឌីតត្រូវបានគេមើលឃើញថាប្រហែលជាមិនចាំបាច់ត្រូវការថាមពលនុយក្លេអ៊ែរទេ។ ក៏ប៉ុន្តែនៅក្រោមផែនការសេដ្ឋកិច្ចរបស់ព្រះអង្គម្ចាស់ Mohammed bin Salman អារ៉ាប៊ីសាអូឌីតកំពុងព្យាយាមស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក និងជំរុញការនាំចេញប្រេងឱ្យបានកាន់តែច្រើន។ បច្ចុប្បន្ន ថាមពលអគ្គិសនី នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតភាគច្រើនលើសលុបត្រូវបានផលិតតាមរយៈចំហេះប្រេងឥន្ធនៈ និងឧស្ម័ន។ ម្លោះហើយ ថាមពលនុយក្លេអ៊ែរអាចជំនួសការផលិតថាមពលទាំងនេះដែលត្រូវបានការជាចាំបាច់សម្រាប់ដំណើរការប្រព័ន្ធចម្រាញ់ទឹកប្រៃទៅទឹកសាប និងម៉ាស៊ីនត្រជាក់ ដែលនេះនឹងអនុញ្ញាតឱ្យអារ៉ាប៊ីសាអូឌីតសន្សំសំច្ចៃប្រេង និងឧស្ម័នដើម្បីការបង្កើនការនាំចេញ រកចំណូលឱ្យបានកាន់តែច្រើន។

ក៏ប៉ុន្តែបើគេនៅចាំមិនភ្លេចទេ ព្រះអង្គម្ចាស់ Mohammed bin Salman ធ្លាប់បាននិយាយថាប្រសិនបើអ៉ីរ៉ង់មាន ឬកាន់កាប់អាវុធនុយក្លេអ៊ែរ នោះអារ៉ាប៊ីសាអូឌីតក៏ត្រូវតែមានអាវុធនុយក្លេអ៊ែរដែរ។ ការលើកឡើងបែបនេះត្រូវបានគេមើលឃើញថាមានចេតនាដាក់សម្ពាធលើតេហេរ៉ង់ តែព្រមពេលជាមួយគ្នា វាក៏បានដុតបញ្ឆេះការព្រួយបារម្ភពីមហិច្ឆតារបស់អារ៉ាប៊ីសាអូឌីតដែរ។ «កិច្ចព្រមព្រៀងនេះនឹងជំរុញឱ្យមានការរត់ប្រណាំងនុយក្លេអ៊ែរនៅក្នុងតំបន់ ហើយវានឹងកាន់តែធ្វើឱ្យអ៉ីរ៉ង់គ្មានហេតុផលអ្វីត្រូវរឹតត្បិត ឬបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ»។ នេះជាការលើកឡើងរបស់លោក Chris Murphy ជាសមាជិកព្រឹទ្ធសភាម្នាក់មកពីគណបក្សប្រជាធិបតេយ្យ។

លោកស្រី Dina Esfandiary ជាអ្នកជំនាញភូមិសាស្ត្រសេដ្ឋកិច្ចនៃតំបន់មជ្ឈិមបូព៌ារបស់ Bloomberg Economics បាននិយាយថាប្រសិនបើកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតចូលជាធរមានពិតមែន នោះវានឹងក្លាយជាការផ្លាស់ប្ដូរយ៉ាងធំមួយនៅក្នុងគោលនយោបាយមិនរីកសាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ក្នុងបរិបទមួយដែលក្រុមមន្ត្រីរដ្ឋបាលលោក ត្រាំ បានអះអាងថាពួកគេបានប្ដេជ្ញាចិត្តរារាំងមិនឱ្យអ៉ីរ៉ង់ផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរ។ យល់ឃើញស្រដៀងគ្នានេះដែរ លោកស្រី Karen Young ជាអ្នកជំនាញសេដ្ឋកិច្ច និងនយោបាយមកពីមជ្ឈមណ្ឌលស្ដីពីគោលនយោបាយថាមពលសកល នៃសាកលវិទ្យាល័យ Columbia University បានកត់សម្គាល់ថាកិច្ចព្រមព្រៀងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីតនឹងជំរុញឱ្យប្រទេសដៃក្នុងតំបន់មជ្ឈិមបូព៌ាចាប់អារម្មណ៍ចង់បានបច្ចេកវិទ្យានុយក្លេអ៊ែរដែរ។

លោកស្រី Kristin Diwan មកពីវិទ្យាស្ថាន Arab Gulf States Institute បាននិយាយថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរគឺជាជោគជ័យដ៏ធំចំពោះសេដ្ឋកិច្ចអាមេរិក ដ្បិតក្រុមហ៊ុនអាមេរិកនឹងមានឱកាសទទួលបានកិច្ចព្រមព្រៀងរាប់ពាន់លានដុល្លារ និងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក។ ចំណែក អារ៉ាប៊ីសាអូឌីត ក្រៅពីប្រយោជន៍សេដ្ឋកិច្ច កិច្ចព្រមព្រៀងនេះកាន់តែធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតកាន់តែជិតស្និទ្ធ។ ក្នុងន័យនេះអារ៉ាប៊ីសាអូឌីតប្រហែលជាសម្លឹងឃើញថានៅពេលដែលមានរោងចក្រនុយក្លេអ៊ែរ ឬមានផលប្រយោជន៍ផ្សេងទៀតផ្សារភ្ជាប់ជាមួយសហរដ្ឋអាមេរិកនៅលើទឹកដីរបស់ខ្លួន នោះវ៉ាស៊ីនតោននឹងកាន់តែមានឆន្ទៈក្នុងការការពារសន្តិសុខអារ៉ាប៊ីសាអូឌីត។ តែយ៉ាងណា លោកស្រី Kristin Diwan យល់ថាការខូចខាតចំពោះគោលនយោបាយមិនរីកសាយអាវុធនុយក្លេអ៊ែរគឺជារឿងមួយដ៏សំខាន់ដែលគេមិនត្រូវមើលរំលង៕