លោកបណ្ឌិត ប្រាំង ជលសា ជំរុញឱ្យកម្លាំងស្នូលមូលដ្ឋានពង្រឹងសាមគ្គីភាព ត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅបោះឆ្នោតឆ្នាំ២០២៧ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលចំពោះបញ្ហាព្រំដែន
24-07-2026 14:52
(ពោធិ៍សាត់)៖ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវត្តកោះរំដួល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្រុមកីឡាករ កីឡាការិនី ក្រុមពិគ្រោះយោបល់ អាជ្ញាធរមូលដ្ឋាន ប្រជាការពារ និងយុវជនសាខាបក្ស ប្រមាណ ៣៥០នាក់។
ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពី លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង ផងដែរ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកបណ្ឌិត ប្រាំង ជលសា បានគូសបញ្ជាក់ថា ការចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនកម្លាំងស្នូលនៅពេលនេះ គឺដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ ខាងមុខនេះ ដើម្បីបន្តរក្សាភាពជោគជ័យ និងកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត។
លោកបណ្ឌិត ប្រាំង ជលសា បានពន្យល់ និងសង្កត់ធ្ងន់ជុំវិញបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ ដោយបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ខ្ជាប់ជានិច្ចនូវការដោះស្រាយដោយសន្តិវិធី និងឆ្លងតាមយន្តការច្បាប់អន្តរជាតិ។ លោកបណ្ឌិត បានអំពាវនាវ និងសូមឱ្យសមាជិក សមាជិកាសាខាបក្សទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ ជឿទុកចិត្តលើការដឹកនាំដ៏ឈ្លាសវៃ និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដែលអាចបង្កឱ្យបាត់បងអាយុជីវិតកម្លាំងការពារព្រំដែន និងប្រជាពលរដ្ឋស្លូតត្រង់ទាំងសង្ខាង។
លោកបណ្ឌិត បានលើកឡើងពីសមិទ្ធផលជាច្រើនដែលបាន និងកំពុងកើតមានឡើងនៅក្នុងឃុំ ដែលជាផ្លែផ្អែកនៃការខិតខំប្រឹងប្រែងពីសំណាក់ លោក អេង គន្ធា រួមមាន៖ ផ្លូវកៅស៊ូខ្វាត់ខ្វែងតភ្ជាប់ការធ្វើដំណើរ, រមណីយដ្ឋានវប្បធម៌ធម្មជាតិ ភ្នំនាគស និងទំនប់ស្ទាក់ទឹកអ្នកតាធំ។ លោកបណ្ឌិត ក៏បានជំរុញឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ផ្សព្វផ្សាយបន្តជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប និងចូលរួមថែរក្សាការពារសមិទ្ធផលទាំងនេះទាំងអស់គ្នា។
ទន្ទឹមនឹងនេះ លោកបណ្ឌិត បានគូសបញ្ជាក់ពី សមិទ្ធផលលេចធ្លោដ៏មានតម្លៃ គឺប្រព័ន្ធសូឡាបំភ្លឺតាមដងផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ ចាប់ពីព្រំប្រទល់ឃុំអន្សាចំបក់ ជាប់ខេត្តកំពង់ឆ្នាំង ដល់ព្រំប្រទល់ឃុំស្វាយដូនកែវ ជាប់ខេត្តបាត់ដំបង ដែលធ្វើឱ្យមជ្ឈដ្ឋានទូទៅអបអរសាទរយ៉ាងខ្លាំង និងកោតសរសើរថា «ខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម»។ ភាពស្រស់ស្អាតនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយគំនិតច្នៃប្រឌិតរបស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះមូលដ្ឋានទាំងអស់។
បន្ថែមពីលើនេះ លោកបណ្ឌិត បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំចូលរួមចលនា ដាំដើមឈើ ដាំឱ្យរស់ និងដាំឱ្យមានសោភណ្ឌភាពស្រស់ស្អាតនៅតាមលំនៅឋាន និងទីសាធារណៈ។ ចូលរួមថែរក្សាការពារដីរដ្ឋ រួមមាន បឹងបួរ ទីទួលបុរាណ និងរមណីយដ្ឋាន ទុកជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយ។
ក្នុងឱកាសនោះ លោកបណ្ឌិត ប្រាំង ជលសា ក៏បានប្រគល់បាល់ទាត់ និងបាល់បោះ ជូនដល់កីឡាករ កីឡាការិនី, ប្រគល់វិទ្យុទាក់ទង ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអញ្ជើញដាំដើមឈើជានិម្មិតរូប លើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខវត្តកោះរំដួល។ ក្នុងថ្ងៃដដែលនោះ លោកបណ្ឌិតក៏បានបន្តចុះពិនិត្យការអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងស្រុកក្រគរ រួមមាន៖ ការពង្រីកច្រកផ្លូវចូលទៅឃុំកំពង់លួង ទំនប់ទ្វារទឹក និងខ្សែផ្លូវក្រាលកៅស៊ូមួយចំនួនទៀតផងដែរ៕











































