មួយឆ្នាំ នៃការឈឺចាប់ និងការភ័យខ្លាចរបស់ជនភៀសសឹកនៅអូរស្មាច់ ដោយសារការឈ្លានពានរបស់យោធាថៃ (Video inside)
24-07-2026 14:55
(ឧត្តរមានជ័យ)៖ ការឈឺចាប់ និងការភ័យខ្លាចរបស់ជនភៀសសឹកនៅអូរស្មាច់ គឺជាសក្ខីភាពមួយដែលបង្ហាញពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ នៃការរំលោភបំពានព្រំដែនរបស់ទាហានថៃ។ កម្ពុជានៅតែបន្តប្រកាន់ជំហរទាមទារយុត្តិធម៌ និងបូរណភាពទឹកដីរបស់ខ្លួនតាមរយៈមធ្យោបាយការទូត និងច្បាប់អន្តរជាតិ។
អ៊ុំស្រី អ៉ីន សុខា អាយុ៦៣ឆ្នាំ ជាជនភៀសសឹកពីតំបន់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ រៀបរាប់ពីព្រឹត្តិការណ៍ដែលយោថៃ ឈ្លានពានមកលើផ្ទះសម្បែងរបស់គាត់ដោយប្រើប្រាស់កាំភ្លើងធំ និងគ្រាប់បែកទម្លាក់ពីលើ យន្តហោះ បំផ្លាញភូមិឋានពលរដ្ឋស្លូតត្រង់មិនញញើតដៃ។
ជម្រះស្មៅនៅក្នុងច្បារដំណាំបណ្តើរ រៀបរាប់ទាំងអួលដើមកបណ្តើរ, ស្ត្រីវ័យចំណាស់រូបនេះ បានឱ្យដឹងថា ការឈ្លានពានរបស់យោធាថៃ បានបំផ្លាញកិច្ចខិតខំប្រឹងប្រែងរកស៉ីចិញ្ចឹមទាំងស្រុង ពោលគឺផ្ទះសម្បែង ដីស្រែចម្ការ និងទ្រព្យសម្បត្តិត្រូវរលាយមួយប៉ព្រិចភ្នែក។
អ៊ុំស្រី អ៉ីន សុខា បច្ចុប្បន្ននេះ កំពុងរស់នៅភូមិស្រះកែវ ឃុំថ្មី ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅតែបន្តក្តីសង្ឃឹមមកលើរាជរដ្ឋាភិបាល ក្នុងដោះស្រាយទំនាស់ជាមួយភាគីថៃ និងអាចទាមទារទឹកដីដែលយោធាថៃ ចូលមកកាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញ បើបីជារង់ចាំរយៈពេលយូរក៏ដោយ។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួបមួយឆ្នាំនៃការចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ដែលបានបន្សល់ទុកនូវការឈឺចាប់ និងភាពភ័យខ្លាចយ៉ាងជ្រាលជ្រៅសម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសជនភៀសសឹកមកពីតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ។ ទោះបីជាពេលវេលាកន្លងផុតទៅមួយឆ្នាំហើយក៏ពិតមែន ក៏សំឡេងទ្រហូរយំ និងភាពក្តុកក្តួលនៅតែដិតដាមក្នុងចិត្តរបស់ប្រជាពលរដ្ឋដែលរងគ្រោះ។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កងកម្លាំងប្រដាប់អាវុធថៃបានបន្តរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន។ ជាក់ស្តែងចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើការជីកដីលើកទំនប់ និងរាយបន្លាលួស តាមទិសពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៥ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សកម្មភាពទាំងនេះបានបង្កឱ្យមានការភ័យខ្លាច និងបង្ខំឱ្យប្រជាពលរដ្ឋជាច្រើនត្រូវជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃ ដែលជាទង្វើខុសច្បាប់អន្តរជាតិ។ ជនភៀសសឹកជាច្រើនបានរៀបរាប់ពីការបាត់បង់ ទ្រព្យសម្បត្តិ និងការរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ពួកគេនៅតែមានក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ហើយទាមទារឱ្យភាគីថៃដកកងកម្លាំង និងសំណង់នានាចេញពីទឹកដីកម្ពុជា ដោយគោរពតាមច្បាប់អន្តរជាតិ។
ការឈឺចាប់ និងការភ័យខ្លាចរបស់ជនភៀសសឹកអូរស្មាច់ គឺជាសក្ខីភាពមួយដែលបង្ហាញពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការរំលោភបំពានព្រំដែន។ កម្ពុជានៅតែបន្តប្រកាន់ជំហរទាមទារយុត្តិធម៌ និងបូរណភាពទឹកដីរបស់ខ្លួន តាមរយៈមធ្យោបាយការទូត និងច្បាប់អន្តរជាតិ៕











































