លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវឱ្យអ្នកច្នៃប្រឌិតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ រួមទាំងក្បាច់លើស្បៃ សូមថែរក្សានូវរចនាបថខ្មែរ ដែលដូនតាបន្សល់ទុក (Video inside)
24-07-2026 15:58
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា បច្ចុប្បន្ននេះសង្គមយើងកំពុងតែរីកចម្រើន ខណៈបច្ចេកវិទ្យាកាន់តែទំនើប ការតុបតែងក៏កាន់តែមានភាពច្នៃប្រឌិត សេវាកម្មកាន់តែសម្បូរបែប ហើយយុវជន និងយុវនារីយើងក៏មានគំនិតថ្មីៗជាច្រើននៅក្នុងការរៀបចំពិធីមង្គលការរបស់ខ្លួន។ នេះគឺជាជោគជ័យដែលបង្ហាញពីភាពរស់រវើក និងការកែច្នៃប្រឌិតនៃសង្គមយើង ប៉ុន្តែយើងត្រូវចងចាំថា ការច្នៃប្រឌិតទាំងអស់នេះ គឺត្រូវតែមានឫសគល់របស់យើង ដោយការធ្វើទំនើបកម្ម គឺមិនត្រូវភ្លេចអត្តសញ្ញាណដើមដាច់ខាត ហើយការកែច្នៃ មិនគួរប្រែទៅជាការកែបោះបង់ចោលនូវអត្ថន័យដើម នៃប្រពៃណីរបស់យើងនោះទេ។
លោកជំទាវបណ្ឌិត បានថ្លែងទៀថាយើងអាចធ្វើឱ្យមង្គលការខ្មែរយើងកាន់តែទាន់សម័យ កាន់តែស្រស់ស្អាត និងសមរម្យទៅតាមបរិបទសម័យបច្ចុប្បន្នរបស់យើងបាន ប៉ុន្តែយើងត្រូវរក្សាឱ្យជាប់នូវព្រលឹងខ្មែរ, រចនាបថខ្មែរ, សុជីវធម៌ខ្មែរ, និងអត្ថន័យដើមដែលដូនតាយើងបានបន្សល់ទុក។សម្លៀកបំពាក់ដែលប្រើនៅក្នុងការរៀបអាពាហ៍ពិពាហ៍បច្ចុប្បន្ន ដូចជា ស្បៃ, ចងក្បិន, ហូល, គ្រឿងប្រដាប់តែងកូនកម្លោះ កូនក្រមុំនេះ គឺមានភាពកែច្នៃ មានភាពល្អប្រណីត ជាងការជំនាន់មុន ជាពិសេស ក្បាច់ដែលដាក់នៅលើស្បៃ គឺមានភាពច្នៃប្រឌិតជាងមុនល្អជាងមុន ហើយល្អិតល្អន់ជាងមុន។
«ប៉ុន្តែទោះបីជាមានការច្នៃប្រឌិតយ៉ាងណាក៏ដោយ នាងខ្ញុំសូមអំពាវនាវ ឱ្យអ្នកដែលច្នៃប្រឌិតទាំងនោះ រួមទាំងក្បាច់ សូមឱ្យថែរក្សានូវរចនាបថខ្មែរ កុំឱ្យគេហៅថា រប៉េចរប៉ោះខ្លាំងពេក ក្រែងលោវាខុសពីប្រព័ន្ធរចនាបថរបស់យើង ។ដូចនេះត្រូវរៀបចំទម្រង់ខ្មែរ រក្សានូវអត្ថន័យដើមរបស់យើង ជាពិសេសគឺការស្លៀកពាក់ សូមឱ្យថែរក្សានូវទម្រង់ជាខ្មែរ»។
លើសពីនោះលោកជំទាវបណ្ឌិត បានលើកទឹកចិត្ត ជាពិសេសដល់បងប្អូនដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងសេវារៀបចំមង្គលការ សូមបងប្អូនគិតថា បងប្អូនមិនត្រឹមតែជាអ្នកផ្តល់សេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែសូមបងប្អូនធ្វើជាអ្នកចូលរួមចំណែកបន្ត និងថែរក្សានូវវប្បធម៌ខ្មែរ។ អ្នករៀបចំកម្មវិធី អ្នកតុបតែង អ្នករៀបចំសម្លៀកបំពាក់ អ្នកផាត់មុខ អ្នករៀបចំការ អ្នកថតរូប អ្នកលេងភ្លេង អ្នករៀបចំម្ហូបអាហារ និងអ្នកផ្តល់សេវាកម្មគ្រប់ផ្នែកដែលពាក់ព័ន្ធទាំងអស់ គឺសុទ្ធតែមានចំណែកនៅក្នុងការធ្វើឱ្យមង្គលការខ្មែរ នៅតែមានភាពសម្បូណ៌បែប នៅតែមានអត្តសញ្ញាណដើម និងនៅតែមានតម្លៃដើមរបស់ខ្មែរយើង។
សម្រាប់គូស្វាមីភរិយាថ្មី យុវជន យុវនារីយើង ក៏សូមផ្តាំផ្ញើថា មុននឹងជ្រើសរើសម៉ូដសម្លៀកបំពាក់ ទីតាំងថតរូប ឬរចនាបថតុបតែង សូមកុំភ្លេចសួរខ្លួនឯងថា ពិធីនេះមានអត្ថន័យអ្វីសម្រាប់គ្រួសារយើង! កិច្ចការណាខ្លះដែលយើងគួររក្សា!តើយើងអាចធ្វើឱ្យពិធីមានភាពស្រស់ស្អាត ដោយមិនបាត់បង់អត្តសញ្ញាណខ្មែរយើងបានយ៉ាងដូចម្តេច! ពីព្រោះថារូបថត ឬវីដេអូនៅក្នុងថ្ងៃមង្គលការរបស់យើង នឹងក្លាយទៅជាប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយរបស់យើង។
ការអំពាវនាវយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធបើកការតាំងពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដែលប្រព្រឹត្ដទៅនៅដឹព្រីមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។
នាឱកាសនោះលោកជំទាវបណ្ឌិតក៏បានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន៖
១៖ ក្រសួងស្ថាប័នដែលពាក់ព័ន្ធ សូមបន្តការស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយចំណេះដឹងអំពីអាពាហ៍ពិពាហ៍ខ្មែរឱ្យបានកាន់តែទូលំទូលាយ ច្បាស់លាស់ និងងាយយល់ ជាពិសេសសម្រាប់យុវជន យុវនារី និងអ្នកដែលផ្តល់សេវារៀបចំមង្គលការ។
២៖ អ្នកដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងមង្គលការទាំងអស់ សូមបន្តច្នៃប្រឌិតដោយមានការគោរពចំពោះទម្រង់ដើម។ សូមប្រើភាពច្នៃប្រឌិត ដើម្បីធ្វើឱ្យប្រពៃណីខ្មែររបស់យើងកាន់តែស្រស់ស្អាត ប៉ុន្តែមិនមែនធ្វើឱ្យអត្ថន័យដើមបាត់បង់នោះទេ។
៣៖ យុវជន យុវនារី និងគូស្រករថ្មី សូមសិក្សាស្វែងយល់អំពីអត្ថន័យនៃកិច្ច ឬ ពិធីសំខាន់ៗ មុននឹងរៀបចំពិធីមង្គលការរបស់ខ្លួន។ ការយល់ដឹងនេះ នឹងធ្វើឱ្យថ្ងៃមង្គលការមានអត្ថន័យកាន់តែជ្រាលជ្រៅ ពោលគឺមិនមែនសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឪពុកម្តាយ គ្រួសារ និងកូនចៅជំនាន់ក្រោយផងដែរ។
៤៖ សូមលើកទឹកចិត្តចំពោះការបន្តប្រើប្រាស់ផលិតផលខ្មែរ ផ្កាខ្មែរ ផ្លែឈើខ្មែរ សិប្បកម្មខ្មែរ និងស្នាដៃរបស់អ្នកជំនាញខ្មែរ ក្នុងការរៀបចំមង្គលការ។ ការធ្វើបែបនេះគឺមិនត្រឹមតែជួយលើកស្ទួយវប្បធម៌របស់យើងនោះទេ ប៉ុន្តែក៏ជួយដល់សេដ្ឋកិច្ច ជួយដល់សហគ្រិនខ្មែរ សិប្បករខ្មែរ និងអ្នកប្រកបអាជីវកម្មតូច មធ្យមផងដែរ។
៥៖ ក្រុមហ៊ុនរៀបចំពិព័រណ៍ និងបណ្តាដៃគូទាំងអស់ សូមបន្តធ្វើឱ្យពិព័រណ៍នេះក្លាយជាវេទិកាមួយដែលមិនមែនត្រឹមតែជាការបង្ហាញផលិតផលនិងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក្លាយទៅជាវេទិកាមួយសម្រាប់ការរៀនសូត្រ ការផ្សព្វផ្សាយ និងការបន្តរួបរួមគ្នាអភិរក្សដង្ហើមនៃប្រពៃណីពិព័រណ៍អាពាហ៍ពិពាហ៍ខ្មែរយើង។
សូមជម្រាបថានេះជាលើកទី៣ហើយដែលពិព័រណ៍អាពាហ៍ពិពាហ៍ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ការរៀបអាពាហ៍ពិពាហ៍ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យស្គាល់អំពីអត្តសញ្ញាណ អរិយធម៌ លក្ខណៈ រចនាបថខ្មែរ ។ស្របទៅនឹងគោលនយោបាយប្រជាជនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិព័រណ៍នេះក៏មានគោលបំណងលើកកម្ពស់តម្លៃគ្រួសារ លើកទឹកចិត្តដល់គូស្រករថ្មីបង្កើតគ្រួសារស្របតាមច្បាប់ទម្លាប់ប្រពៃណីខ្មែរ ការបន្តពូជពង្សវង្សត្រកូលខ្មែរ ដើម្បីរក្សាតុល្យភាពរវាងរចនាសម្ព័ន្ធប្រជាជន និងធានាធនធានមនុស្សកម្ពុជាឱ្យសម្បូរបែបក្នុងនាមជាកម្លាំងចលករអភិវឌ្ឍជាតិ៕















































