វិទ្យាស្ថានជាតិអប់រំ ទទួលបានទុនបន្ថែម ដើម្បីពង្រឹងកម្មវិធីបណ្ដុះបណ្ដាលរបស់ខ្លួន ឆ្លើយតបយុគសម័យឌីជីថល
24-07-2026 16:26
(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា បានទទួលទុនបន្ថែម ពាក់ព័ន្ធនឹងបទពិសោធន៍រៀន និងបង្រៀនតាមបែប STEAM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) ក៏ដូចជាការបង្រៀនតាមបែបជប៉ុន ដែលជាធាតុចូលមួយដ៏សំខាន់ សម្រាប់យកទៅកែលម្អ និងពង្រឹងកម្មវិធីបណ្ដុះបណ្ដាលរបស់ខ្លួន ឆ្លើយតបការអភិវឌ្ឍប្រព័ន្ធអប់រំ និងការរួមចំណែកកសាងធនធានមនុស្សក្នុងយុគសម័យឌីជីថល ស្របតាមផែនការយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
នេះបើតាមការលើកឡើងរបស់លោក ម៉ៅ សារឿន ព្រឹទ្ធបុរសមហាវិទ្យាល័យគរុកោសល្យនៃវិទ្យាស្ថានជាតិអប់រំ ក្រោយដឹកនាំក្រុមគ្រូឧទ្ទេសរបស់វិទ្យាស្ថានសរុបចំនួន ២៦រូប ធ្វើដំណើរទស្សនកិច្ចដកបទពិសោធន៍ពីឧត្តមានុវត្តន៍របស់សាលា ជេផេន អុីនធ័រណាសិនណល់ ស៊ីសេហ្វ លីឌ័រ អាខាដេមី (JICLA) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។
ដំណើរទស្សនកិច្ចនេះ ផ្ដោតលើគោលបំណងសំខាន់ៗចំនួន ២ ទី១- ដើម្បីដកស្រង់បទពិសោធន៍ និងរៀនសូត្រពីឧត្តមានុវត្តន៍របស់ JICLA ដោយផ្ដោតទៅលើការកសាងកិច្ចតែងការបង្រៀនតាមបែបជប៉ុន, ការបង្រៀនតាមបែប STEAM និងការបង្រៀនតាមបែបគម្រោង និង ទី២- ការសង្កេតសកម្មភាពនៃការរៀន និងបង្រៀនក្នុងថ្នាក់រៀនផ្ទាល់ ដែលឧត្តមានុវត្តន៍នេះ នឹងអាចដាក់បញ្ចូលក្នុងកម្មវិធីគ្រូបង្រៀននៅវិទ្យាស្ថានជាតិអប់រំ ក៏ដូចជាការរៀបចំលំនាំកិច្ចតែងការបង្រៀនមួយ ដើម្បីធ្វើការបង្រៀនសាកល្បងជូនថ្នាក់ដឹកនាំក្រសួងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ។
លោក ម៉ៅ សារឿន បន្ដថា ក្នុងនាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូកម្រិតឧត្តម បច្ចុប្បន្នវិទ្យាស្ថានជាតិអប់រំ កំពុងខិតខំធ្វើបច្ចុប្បន្នភាព ក៏ដូចជាការកែលម្អកម្មវិធីបណ្ដុះបណ្ដាល និងស្វែងរកវិធីសាស្ដ្របង្រៀនថ្មីៗ រួមទាំងការដាក់បញ្ចូលកម្មវិធីអប់រំឌីជីថល និង AI ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ។ ដូច្នេះបទពិសោធន៍ នៃដំណើរទស្សនកិច្ចខាងលើ នឹងក្លាយជាទុនមួយដ៏សំខាន់ ដែលជួយដល់កម្មវិធីបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានជាតិអប់រំ ឆ្លើយតបនឹងអ្វីដែលជាតម្រូវការរបស់សាលារៀន ក៏ដូចជាចក្ខុវិស័យរបស់ក្រសួងអប់រំ ក្នុងការកសាងធនធានមនុស្សមួយដ៏ពេញលេញ។
ឆ្លៀតឱកាសនោះ លោក ស៊ីណូហារ៉ា កាត់ស៊ូហ៊ីរ៉ូ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នាយកប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាល JICLA បានស្វាគមន៍ និងរីករាយក្នុងកិច្ចសហការជាមួយក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ ក្នុងការចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹងអប់រំ ដើម្បីពង្រឹងបុគ្គលិកអប់រំ ជាផ្នែកមួយដ៏សំខាន់ ក្នុងការបណ្ដុះនូវទំពាំងស្នងឬស្សី ដែលអាចជួយដល់សង្គម និងប្រទេសជាតិឲ្យរីកចម្រើន ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំផងដែរ ក្រោមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ នឹងជំរុញឲ្យវិស័យមួយនេះកាន់តែរីកចម្រើនបន្ថែមទៀត។
សូមរំព្ញកថា ដំណើរទស្សនកិច្ចរបស់ប្រតិភូ គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំខាងលើ ធ្វើឡើងក្រោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអញ្ជើញទស្សនកិច្ចនៅ JICLA កាលពីសប្ដាហ៍មុន ហើយលោកបានគាំទ្រនូវគំនិតផ្ដួចផ្ដើម និងអនុញ្ញាតតាមសំណើរ ៣ចំណុចរបស់ថ្នាក់ដឹកនាំសាលា រួមមាន៖ ១-ការផ្ដល់វគ្គបណ្ដុះបណ្ដាលរយៈពេល ១ឆ្នាំពេញនៅJICLA ដល់គ្រូផ្នែកគណិតវិទ្យា និងវិទ្យាសាស្ដ្រ សរុបចំនួន ៣រូប ដែលមកពីវិទ្យាស្ថានជាតិអប់រំម្នាក់, វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញម្នាក់ និងសាលារៀនជំនាន់ថ្មីម្នាក់ ២-ការអនុញ្ញាតឲ្យសាលា JICLA ចេញសញ្ញាបត្រដោយខ្លួនឯង និងឱកាសចូលរៀននៅសាលាជំនាន់ថ្មី និង ៣-ការទទួលស្គាល់សមមូលសញ្ញាបត្រ ទាំងកម្រិតសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក៏ដូចជាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយក្រសួងអប់រំផងដែរ៕





















