* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្រ្តី៖ កម្មសិទ្ធិបញ្ញាជាក្បាលម៉ាស៊ីនដ៏មានថាមពល ​ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងជាតិ ក្នុងយុគសម័យឌីជីថល (Video inside)

24-07-2026 16:36

(ភ្នំពេញ)៖ លោកស្រី ពៅ វរលក្ម្សណ៍ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានគូសបញ្ជាក់ថា កម្មសិទ្ធិបញ្ញាមិនមែនគ្រាន់តែជាកិច្ចការពារផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ក្បាលម៉ាស៊ីន» ដ៏មានថាមពលក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ជាតិ។

​លោកស្រី ពៅ វរលក្ម្សណ៍ លើកឡើងបែបនេះ ធ្វើឡើងឱកាស​បើកវគ្គបណ្ដុះបណ្ដាល ស្តីពី «ការចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្រាប់ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម និងផែនការយុទ្ធសាស្ត្រប្រកាសនីយបត្រតក្កកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាកលវិទ្យាល័យ» នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម នៃអគ្គនាយកដ្ឋានឧស្សាហកម្ម សហការជាមួយអង្គភាពរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិចិន (CNIPA) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។

វគ្គ​បណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ​មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកជំនាញអន្តរជាតិ រួមមាន៖ លោក ង៉ែត វិបុល ទីប្រឹក្សាក្រសួង MISTI, លោក ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម, លោកស្រី ឱ វណ្ណឌីម៉ា ប្រធាននាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម, និង សាស្ត្រាចារ្យបណ្ឌិត ហាប់ ផល្ធី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ RULE​។

ជាពិសេសក៏មានការចូលរួមពីប្រតិភូជំនាញមកពីអង្គភាពរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិចិន ដឹកនាំដោយលោក Mr. LI Cong អនុប្រធាននាយកដ្ឋានផ្នែកផែនការយុទ្ធសាស្ត្រ នៃនាយកដ្ឋានប្រកាសនីយបត្រតក្កកម្មចិន នៃអង្គភាព CNIPA ព្រមទាំងវាគ្មិនជំនាញនៃក្រសួង MISTI។

នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ លោកស្រី ពៅ វរលក្ម្សណ៍ ​បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងបដិវត្តន៍ឧស្សាហកម្ម ៤.០ កម្មសិទ្ធិបញ្ញា (Intellectual Property) មិនមែនគ្រាន់តែជាកិច្ចការពារផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ក្បាលម៉ាស៊ីន» ដ៏មានថាមពលក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ជាតិ។ លោកស្រីបានបន្ថែមថា ប្រកាសនីយបត្រតក្កកម្ម (Patents) និងគំនូរឧស្សាហកម្ម (Industrial Designs) គឺជាទ្រព្យសកម្មអរូបីដ៏មានតម្លៃមហាសាល ទាំងសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសម្រាប់គ្រឹះស្ថានឧត្តមសិក្សា។

លោកស្រីបានសង្កត់ធ្ងន់​ថា​ «សម្រាប់សាកលវិទ្យាល័យ ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស និងជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា ជួយការពាររាល់ស្នាដៃបង្កើតថ្មីរបស់សាស្ត្រាចារ្យ និងនិស្សិតមិនឱ្យរងការលួចចម្លង និងអាចបំប្លែងលទ្ធផលស្រាវជ្រាវទាំងនោះ ទៅជាផលិតផល ឬសេវាកម្មពាណិជ្ជកម្មនៅលើទីផ្សារជាក់ស្តែង (Commercialization)។

ដោយឡែកសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ការយល់ដឹងពីរបៀបការពារគំនិតច្នៃប្រឌិត និងការរៀបចំផែនការយុទ្ធសាស្ត្រប្រកាសនីយបត្រតក្កកម្ម គឺជាខែលការពារយុទ្ធសាស្រ្តអាជីវកម្ម ជួយបង្កើនតម្លៃម៉ាកយីហោ ទាក់ទាញវិនិយោគិន និងពង្រីកទីផ្សារទាំងក្នុងនិងក្រៅប្រទេសដោយភាពជឿជាក់»។
​​
លោកស្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងចិន លើវិស័យកម្មសិទ្ធិបញ្ញា តាមរយៈអង្គភាព CNIPA ដែលជាស្ថាប័នឈានមុខគេមួយលើពិភពលោកក្នុងការចុះបញ្ជី និងការប្រើប្រាស់យុទ្ធសាស្ត្រប្រកាសនីយបត្រតក្កកម្ម។ ការចូលរួមចែករំលែកដោយផ្ទាល់ពីសំណាក់អ្នកជំនាញជាន់ខ្ពស់របស់ CNIPA នាពេលនេះ គឺជាកាលានុវត្តភាពដ៏វិសេសវិសាលក្នុងការផ្តល់នូវពុទ្ធិ យុទ្ធសាស្ត្រ និងបទពិសោធន៍ល្អៗកម្រិតអន្តរជាតិ ដល់សិក្ខាកាមកម្ពុជា។

លោក ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម បានឱ្យដឹងថា ​​ក្រសួងឧស្សាហកម្មបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការធ្វើទំនើបកម្មប្រព័ន្ធកម្ម សិទ្ធិឧស្សាហកម្មនៅកម្ពុជា​ តាមរយៈការពង្រឹងក្របខណ្ឌច្បាប់ ការលើកកម្ពស់ការយល់ដឹង ជាសាធារណៈ ការអភិវឌ្ឍប្រព័ន្ធចុះបញ្ជីឌីជីថល ព្រមទាំងការបើកទូលាយនូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអន្តរជាតិធំៗ ជាដើម ដើម្បីធានាថាប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់យើងដើរទាន់ស្តង់ដារថ្នាក់ តំបន់ និងសកលលោក។

លោកបញ្ជាក់ថា កម្មសិទ្ធិបញ្ញាមិនមែនត្រឹមតែជាគោលការណ៍ច្បាប់តែប៉ុណ្ណោះទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការគាំទ្រការច្នៃប្រឌិត ការជំរុញការវិនិយោគ និងធានាក្នុងការផ្តល់អត្ថប្រយោជន៍ដល់ជាតិទាំងមូល និងពិភពលោក ក្នុងការទទួលបាននូវបច្ចេកវិទ្យាថ្មីៗ។ លោកបានជំរុញឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីគោរពនូវច្បាប់កម្មសិទ្ធិបញ្ញា ការពារស្នាដៃ សមិទ្ធផល និងការចូលរួមចំណែកនវានុវត្តន៍ របស់អ្នកដែលច្នៃប្រឌិត សហគ្រិដែលធ្វើការ ស្រាវជ្រាវរកនូវបច្ចេកវិទ្យាថ្មីៗ។ ​

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ ដែលជាម្ចាស់សហគ្រាស SMEs និស្សិត និងអ្នកស្រាវជ្រាវ នឹងក្រេបជញ្ជក់យកចំណេះដឹងដ៏មានតម្លៃទាំងនេះទៅអនុវត្តផ្ទាល់ ដើម្បីជំរុញការស្រាវជ្រាវ បង្កើតនវានុវត្តន៍ និងពង្រឹងអាជីវកម្មរបស់ខ្លួន ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមយុគសម័យឌីជីថល៕