អគ្គនាយកនិយ័តករបរធនបាលកិច្ច លើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម និងវិនិយោគិន ស្វែងយល់ និងប្រើប្រាស់យន្តការ បរធនបាលកិច្ចឱ្យបានត្រឹមត្រូវ
24-07-2026 17:06
(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយសក្នុងវេទិតា Cambodia Leadership Summit 2026 (CLS2026) ដែលរៀបចំឡើងដោយ Corporate Connections Cambodia នៅសណ្ឋាគារ SUN & MOON, Riverside Hotel ដោយបានធ្វើការចែករំលែកអំពីប្រធានបទ «បរធនបាលកិច្ច ជាថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និងអនុលោមភាពច្បាប់»។
វេទិកានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំ ម្ចាស់អាជីវកម្ម វិនិយោគិន និងអ្នកជំនាញមកពីវិស័យផ្សេងៗ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនវិស័យ អំពីភាពជាអ្នកដឹកនាំ ការអភិវឌ្ឍធុរកិច្ច និងការបង្កើនភាពប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងផ្លាស់ប្តូរ។
តាមរយៈការចែករំលែកអំពីប្រធានបទខាងលើ លោក សុខ ដារ៉ា បានពន្យល់អំពីគោលគំនិត និងយន្តការបរធនបាលកិច្ច ដោយគូសបញ្ជាក់ថា បរធនបាលកិច្ច (Trust) មិនមែនគ្រាន់តែជាទំនាក់ទំនងគតិយុត្តប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការដ៏សំខាន់មួយដែលជួយពង្រឹងទំនុកចិត្ត អភិបាលកិច្ច តម្លាភាព ការគ្រប់គ្រងហានិភ័យ និងអនុលោមភាពច្បាប់ ក្នុងប្រតិបត្តិការធុរកិច្ច និងការគ្រប់គ្រងទ្រព្យសម្បត្តិ។
លោកក៏បានលើកឡើងថា ការប្រើប្រាស់យន្តការបរធនបាលកិច្ច អាចរួមចំណែកដល់ការកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងការទូទាត់ ការគ្រប់គ្រងទ្រព្យសម្បត្តិ អភិបាលកិច្ច អនុលោមភាព និងការប្រើប្រាស់មូលនិធិប្រកបដោយតម្លាភាព។
ជាមួយគ្នានេះ លោកបានចែករំលែកអំពីវឌ្ឍនភាពនៃវិស័យបរធនបាលកិច្ចនៅកម្ពុជា ដោយបានបង្ហាញថា វិស័យនេះបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្រោមការរៀបចំក្របខណ្ឌច្បាប់ បទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ ន.ប.ធ.។
គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាមានបរធនបាលកិច្ចដែលបានចុះបញ្ជីសរុបចំនួន ១,៩៩៧ ករណី ដែលក្នុងនោះមានបរធនបាលកិច្ចពាណិជ្ជកម្មចំនួន ១,៩៧២ ករណី និងទំហំទ្រព្យសម្បត្តិបរធនសរុបប្រមាណ ២,០៥៩ លានដុល្លារអាមេរិក។
បច្ចុប្បន្ន ន.ប.ធ. បានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ដល់តួអង្គទីផ្សារសំខាន់ៗ រួមមាន ក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្តបុគ្គល ធនាគារពាណិជ្ជដែលផ្តល់សេវារក្សាទុក ក្រុមហ៊ុនសវនកម្ម និងក្រុមហ៊ុនវាយតម្លៃ ដែលរួមចំណែកពង្រឹងទំនុកចិត្ត និងការអភិវឌ្ឍទីផ្សារបរធនបាលកិច្ចនៅកម្ពុជា។
លោកក៏បានសង្កត់ធ្ងន់ថា បរធនបាលកិច្ចគឺជាយន្តការដែលគាំទ្រដល់ការអភិវឌ្ឍធុរកិច្ចប្រកបដោយចីរភាព តាមរយៈការបង្កើនទំនុកចិត្ត ការកាត់បន្ថយហានិភ័យ ការពង្រឹងអភិបាលកិច្ច និងការគោរពអនុលោមភាពច្បាប់។
ក្នុងន័យនេះ លោកបានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម និងវិនិយោគិនស្វែងយល់ និងប្រើប្រាស់យន្តការបរធនបាលកិច្ចឱ្យបានត្រឹមត្រូវ ដើម្បីគាំទ្រដល់ការគ្រប់គ្រងទ្រព្យសម្បត្តិ ការវិនិយោគ និងការអភិវឌ្ឍអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕


















