គយកម្ពុជា និងសមាគមសភាពាណិជ្ជកម្មចិន សម្ពោធដាក់ឲ្យដំណើរការយន្តការសហប្រតិបត្តិការរួមគ្នា

24-07-2026 17:29

(ប៉េកាំង)៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ រាជធានីភ្នំពេញ, ពិធីសម្ពោធដាក់ឲ្យដំណើរការយន្តការសហប្រតិបត្តិការ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង សមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា រួមនឹង សិក្ខាសាលា ស្តីពីគោលនយោបាយ និង បទបញ្ញត្តិគយ ត្រូវបានរៀបចំធ្វើឡើង ក្រោមធិបតីភាព ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំង មានការចូលរួមពីតំណាងសហគ្រាសនានា និង ភ្ញៀវកិត្តិយស ជាច្រើនរូបផ្សេងទៀត។

លោក Lin Shiqiang ប្រធានសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជាបានលើកឡើងថា សភាពាណិជ្ជកម្មនឹងពឹងផ្អែកលើ បណ្តាញសហការនេះ ដើម្បីអនុវត្តការងារបីយ៉ាង៖ បើកច្រកទំនាក់ទំនងទ្វេទិសរវាងរដ្ឋ និងសហគ្រាស, រៀបចំការបណ្តុះបណ្តាលអនុលោមភាពគយជាប្រចាំ និងណែនាំសហគ្រាសឱ្យដាក់ពាក្យស្នើសុំស្ថានភាព កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច បានទទួលការអនុញ្ញាត ឬ AEO ដោយប្រើគុណវុឌ្ឍិឥណទានសហគ្រាស ដើម្បីកាត់បន្ថយហានិភ័យ នៃការស៊ើបអង្កេតពាណិជ្ជកម្មក្រៅប្រទេស និង រក្សាបាននូវអត្ថប្រយោជន៍ពន្ធអាកររបស់សហគ្រាស។

ឯកឧត្តម Wang Wenbin បានថ្លែងការអបអរសាទរចំពោះការដាក់ឱ្យដំណើរការយន្តការសហប្រតិបត្តិការនេះ។ ឯកឧត្តម មានប្រសាសន៍ថា ចិន និងកម្ពុជាមានទំនាក់ទំនងជាអ្នកជិតខាងល្អជាយូរមកហើយ ហើយការផ្លាស់ប្តូរថ្នាក់ដឹកនាំជាន់ខ្ពស់ កាន់តែជិតស្និទ្ធ។ ការកសាងសហគមន៍វាសនារួមគ្រប់កាលៈទេសៈចិន-កម្ពុជា ក្នុងយុគសម័យថ្មី កំពុងរីកចម្រើនប្រកបដោយស្ថិរភាព ហើយ ភាគីទាំងពីរបន្តពង្រឹងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ «ឆកោណត្បូងពេជ្រ»

ឯកឧត្តម បានស្នើថា យន្តការសហការរវាងរដ្ឋ និងសហគ្រាសនេះ ត្រូវបំពេញតួនាទីបីយ៉ាងជាក់ស្តែង ៖ ទីមួយ «ផ្លូវល្បឿនលឿន» សម្រាប់បញ្ជូនសំណូមពរដោយផ្ទាល់ ដោយបង្កើតបណ្តាញទំនាក់ទំនងប្រចាំថ្ងៃរវាងសហគ្រាស និងគយ ប្រមូលសំណូមពររបស់សហគ្រាសពាក់ព័ន្ធនឹងការបោសសម្អាតគយ និងការកំណត់ដើមកំណើតទំនិញ ដើម្បីកាត់បន្ថយថ្លៃដើមក្នុងការបំពេញការងាររបស់សហគ្រាស; ទីពីរ «ស្ពានភ្ជាប់ចិត្ត» សម្រាប់ការសម្របសម្រួល គោលនយោបាយ ដោយរួមគ្នាអនុវត្តការបណ្តុះបណ្តាលស្តីពីបទប្បញ្ញត្តិ ជួយសហគ្រាសឱ្យយល់ច្បាស់ពី តម្រូវការគ្រប់គ្រងរបស់គយ និងប្រមូលមតិរបស់សហគ្រាស ដើម្បីផ្តល់ជាឯកសារយោងសម្រាប់គយ ក្នុងការកែលម្អសេវាគ្រប់គ្រង; ទីបី «ឧបករណ៍បង្កើនល្បឿន» សម្រាប់លំហូរពាណិជ្ជកម្ម ដោយផ្តល់សេវាបោសសម្អាតគយ ជាក់លាក់សម្រាប់ឧស្សាហកម្ម និងគម្រោងសំខាន់ៗ ធានាឱ្យសម្ភារៈខ្សែសង្វាក់ឧស្សាហកម្មហូរឆ្លងកាត់ដោយរលូន និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនគុណភាព និងបរិមាណ។

ឯកឧត្តមបន្តថា ការដាក់ដំណើរការ យន្តការសហប្រតិបត្តិការរួមគ្នានេះ ធ្វើឡើង ចំពេលដែលប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ១៤ឆ្នាំជាប់ៗគ្នា។ ក្នុងឆមាសទីមួយ នៃឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបាន ១១.៦៣ពាន់លានដុល្លារអាមេរិក កើនឡើង២៥.៤%។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគ្រាសចិន ក្នុងការជំរុញការងារក្នុងមូលដ្ឋាន, បង្កើនចំណូលពន្ធ និង ពង្រឹងខ្សែសង្វាក់ឧស្សាហកម្ម។ ឯកឧត្តមបានបញ្ជាក់ដែរថា ការបង្កើតបណ្តាញទំនាក់ទំនងរយៈពេលវែងនេះ គឺជាវិធានការជាក់ស្តែងរបស់ភាគីកម្ពុជា ដើម្បីកែលម្អបរិយាកាសធុរកិច្ចសម្រាប់វិនិយោគបរទេស។

បើតាម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ការដាក់ឱ្យដំណើរការយន្តការសហប្រតិបត្តិការនេះ សម្គាល់ថា ការសម្របសម្រួលរវាងរដ្ឋ និងសហគ្រាស និងការងារសម្រួលពាណិជ្ជកម្មរវាងចិន និងកម្ពុជា បានឈានចូលដំណាក់កាល មានស្តង់ដារ និងជាប្រចាំ។ ជំហានបន្ទាប់ ភាគីនានានឹងបំពេញតួនាទីបីយ៉ាងរបស់យន្តការនេះ ឱ្យបានពេញលេញ គឺផ្លូវល្បឿនលឿន សម្រាប់ការអនុវត្តគោលនយោបាយ ស្ពានភ្ជាប់ចិត្តសម្រាប់ការទំនាក់ទំនងរវាងរដ្ឋ និងសហគ្រាស និងឧបករណ៍បង្កើនល្បឿនសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម។ ភាគីទាំងពីរ នឹងបន្តការផ្សព្វផ្សាយគោលនយោបាយ ការចុះសួរសុខទុក្ខសហគ្រាស និងកិច្ចពិភាក្សាតាមវិស័យ ដើម្បីកាត់បន្ថយថ្លៃដើមប្រតិបត្តិការឆ្លងដែនរបស់សហគ្រាសជាក់ស្តែង ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាក់ស្តែងរវាងចិន និងកម្ពុជា ជាបន្តបន្ទាប់ និងជំរុញការកសាងសហគមន៍ វាសនារួមគ្រប់កាលៈទេសៈចិន-កម្ពុជា ក្នុងយុគសម័យថ្មីឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង៕

វិទ្យុមិត្តភាពកម្ពុជាចិន