សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម ថ្ងៃទី២៧-២៩ ខែកក្កដា

24-07-2026 17:34

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមការប្រកាសរបស់អគ្គលេខាធិការរដ្ឋសភា។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»

អំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងនោះរួមមាន ការជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ លោក តូ ឡឹម (TO Lam) អគ្គលេខាធិការបក្សកុម្មុយនីស និងជាប្រធានរដ្ឋវៀតណាម លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម និង លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាមផងដែរ។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ក៏គ្រោង អញ្ជើញទស្សនកិច្ចនៅក្នុងតំបន់ឧស្សាហកម្ម តំបន់វប្បធម៌ ទេសចរណ៍ និងមន្ទីរពេទ្យនៃប្រទេសវៀតណាមមួយចំនួន ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងពិនិត្យសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សុខាភិបាល អប់រំ និងវិស័យនានា ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ ប្រទេស និងប្រជាជនទាំងពីរ៕