ធុរជនចិនទស្សនកិច្ចកសិដ្ឋានចិញ្ចឹមគោ DP នៅខេត្តកំពង់ឆ្នាំង ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ

24-07-2026 18:52

(កំពង់ឆ្នាំង)៖ ធុរជនចិនជាច្រើនរូប នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានទស្សនកិច្ចសិក្សា នៅកសិដ្ឋានចិញ្ចឹមគោ DP នៅខេត្តកំពង់ឆ្នាំង (DP Machas Chamka) ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ។ នៅកសិដ្ឋាននេះ ពួកគាត់បានឈ្វេងយល់ពីចិញ្ចឹមគោសាច់, ចិញ្ចឹមគោពូជ, ចិញ្ចឹមគោ Premium, ស្មៅ, ដំណាំដូង និងរោងចក្រជី។

ដំណើរនេះ ដឹកនាំដោយ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា និងលោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគចិន។

សូមជម្រាបថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគ បានដឹកនាំសហគ្រិនឆ្នើមៗ ចំនួន ៧៤នាក់ មាន ៦០ក្រុមហ៊ុន ទស្សនកិច្ចនៅកម្ពុជា ដែលមកពីតំបន់ជាច្រើនដូចជា ក្វាងស៊ី, ក្វាងទុង, ស៊ីឈួន, ហ្វូចៀន, ប៉េកាំង, ឆុងឈីង និងហុងកុង ដោយគ្របដណ្តប់លើវិស័យជាច្រើនរួមមានថាមពល និងថាមពលកកើតឡើងវិញ, យានយន្តថាមពលថ្មី និងការផលិតយានយន្ត, កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, សុខភាព និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល, ការផលិតបែបឧស្សាហកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការប្លង់ និងការរចនាស្ថាបត្យកម្ម, ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន (E-commerce), ឡូជីស្ទីកទំនើប និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ឧស្សាហកម្មទេសចរណ៍ និងសណ្ឋាគារ, សេវាកម្មហិរញ្ញវត្ថុ និងវិជ្ជាជីវៈផ្សេងៗទៀត៕