* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ដំណើការម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើប ចំនួន ៤គ្រឿង ដែលជំរុញដល់ការបម្រើសេវាសុខាភិបាលជូនប្រជាជនកាន់តែមានប្រសិទ្ធភាព និងទំនុកចិត្ដខ្ពស់

24-07-2026 19:43

(ភ្នំពេញ)៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីនទំនើបៗចំនួន ៤គ្រឿងបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាព និងផ្ដល់ទំនុកចិត្ដកាន់តែខ្ពស់ ប្រកបដោយភាពកក់ក្ដៅជូនដល់ប្រជាជន។ ពិធីខាងលើនេះបានធ្វើឡើងក្រោមវត្ដមាន លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។

លោកនាយកមនី្ទរពេទ្យជាតិ តេជោសន្តិភាព បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីនទាំងនេះ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀត ក្នុងការលើកកម្ពស់គុណភាពសេវាពិនិត្យ និងព្យាបាលជំងឺ របស់មន្ទីរពេទ្យជាតិ តេជោសន្តិភាពយើង ឱ្យកាន់តែមានភាពទំនើប សុក្រឹត និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមការវិវត្តនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រសកល។

លោកបន្ដថា «សមិទ្ធផលដែលយើងទទួលបាននៅថ្ងៃនេះ គឺកើតចេញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍជាប្រចាំរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកគ្រប់រូប ហើយសមិទ្ធផលនេះជាមោទនភាពរួម ដែលប្រសូតចេញពីឆន្ទៈតែមួយ គឺការតម្កល់សុខុមាលភាព និងអាយុជីវិតរបស់អ្នកជំងឺជាអាទិភាព និងការរួមដៃគ្នាកសាងមន្ទីរពេទ្យឱ្យក្លាយជាទីពឹងដ៏កក់ក្តៅ និងផ្តល់សេចក្តីសង្ឃឹមយ៉ាងពិតប្រាកដសម្រាប់អ្នកជំងឺ»។

នាឱកាសនោះលោកវេជ្ជបណ្ឌិត បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់វេជ្ជបណ្ឌិត និងបុគ្គលិកទាំងអស់សូមសហការគ្នាប្រើប្រាស់ម៉ាស៊ីទាំងនេះឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងចូលរួមថែរក្សាឱ្យបានល្អ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើផលប្រយោជន៍អ្នកជំងឺ។ ជាងនេះទៅទៀតជំរុញឱ្យបន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទាំងនេះ ដើម្បីផ្តល់នូវសេវាព្យាបាលដែលល្អបំផុត។ លោកបានសង្កត់ធ្ងន់ថា «សូមបងប្អូនយើងជាគ្រូពេទ្យទាំងអស់គ្នា បន្តបម្រើប្រជាពលរដ្ឋដោយស្នាមញញឹម ពាក្យសម្ដីទន់ភ្លន់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺ ស្របតាមពាក្យស្លោក អ្នកជំងឺជាអាទិភាពចម្បងរបស់យើង»។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត អោម ណាវុធ ប្រធានការិយាល័យបច្ចេកទេស នៃមនី្ទរពេទ្យជាតិ តេជោសន្តិភាព ម៉ាស៊ីនដែលបានដាក់ឱ្យប្រើប្រាស់នៅពេលនេះរួមមាន៖

១៖ ម៉ាស៊ីន ERCP (Endoscopic Retrograde Cholangiopancreatography) គឺជាបច្ចេកវិទ្យាវេជ្ជសាស្ត្រឯកទេស ដែលរួមបញ្ចូលការឆ្លុះប្រព័ន្ធរំលាយអាហារ និងការថត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺនៃបំពង់ទឹកប្រមាត់ និងបំពង់លំពែង។ តាមរយៈបច្ចេកទេសនេះ ក្រុមគ្រូពេទ្យអាចយកគ្រួសចេញពីបំពង់ទឹកប្រមាត់ ពង្រីកតំបន់ដែលមានការរួមតូច ដាក់រ៉ឺស័រ (Stent) និងដោះស្រាយការស្ទះ ឬការឆ្លងមេរោគនៃផ្លូវទឹកប្រមាត់បានទាន់ពេលវេលា ដោយកាត់បន្ថយតម្រូវការ វះកាត់បើកពោះ កាត់បន្ថយហានិភ័យ និងជួយឱ្យអ្នកជំងឺឆាប់ស្ដារសុខភាពឡើងវិញ។

២៖ ម៉ាស៊ីន SIRIUS 60W Thulium Fiber Laser ជាបច្ចេកវិទ្យាឡាស៊ែរជំនាន់ថ្មី សម្រាប់គាំទ្រការព្យាបាលជំងឺប្រព័ន្ធទឹកនោមដោយបច្ចេកទេសរាតត្បាតតិចតួច។ ឧបករណ៍នេះអាចប្រើប្រាស់សម្រាប់ បំបែកគ្រួសក្នុងតម្រងនោម បង្ហួរនោម និងប្លោកនោម ព្រមទាំងគាំទ្រការព្យាបាលជំងឺរីកក្រពេញប្រូស្តាត តាមសូចនាករវេជ្ជសាស្ត្រសមស្រប។ ការប្រើប្រាស់បច្ចេកវិទ្យានេះ អាចជួយកាត់បន្ថយការហូរឈាម ការឈឺចាប់ និងរយៈពេលសម្រាកពេទ្យ ព្រមទាំងជួយឱ្យអ្នកជំងឺឆាប់វិលត្រឡប់ទៅប្រកបការងារប្រចាំថ្ងៃ។

៣៖ ម៉ាស៊ីន DEXA Scan ជាឧបករណ៍វាស់កំហាប់ឆ្អឹងដែលមានភាពត្រឹមត្រូវខ្ពស់ សម្រាប់ជួយធ្វើរោគវិនិច្ឆ័យជំងឺពុកឆ្អឹង វាយតម្លៃហានិភ័យនៃការបាក់ឆ្អឹង និងតាមដានប្រសិទ្ធភាពនៃការព្យាបាល។ ម៉ាស៊ីននេះមានសារៈសំខាន់ជាពិសេសសម្រាប់មនុស្សវ័យចំណាស់ ស្ត្រីក្រោយអស់រដូវ អ្នកជំងឺដែលប្រើថ្នាំបង្កើនហានិភ័យនៃការបាត់បង់កំហាប់ឆ្អឹង និងអ្នកដែលមានកត្តាហានិភ័យផ្សេងៗ។ ការរកឃើញជំងឺបានទាន់ពេលវេលា អាចជួយបង្ការ និងកាត់បន្ថយផលវិបាកធ្ងន់ធ្ងរដែលបណ្តាលមកពីការបាក់ឆ្អឹង។

៤៖ ម៉ាស៊ីនឆ្លុះត្រចៀក ច្រមុះ និងបំពង់ក (ENT Endoscopy System) ជាបច្ចេកវិទ្យាឆ្លុះត្រចៀក ច្រមុះ និងបំពង់ក ដែលបំពាក់ដោយប្រព័ន្ធរូបភាពកម្រិតច្បាស់ខ្ពស់ (HDI) និងប្រភពពន្លឺទំនើប។ ម៉ាស៊ីននេះអនុញ្ញាតឱ្យវេជ្ជបណ្ឌិតពិនិត្យមើល រចនាសម្ព័ន្ធខាងក្នុងបានច្បាស់លាស់ ជួយបង្កើនភាពត្រឹមត្រូវនៃការធ្វើរោគវិនិច្ឆ័យ ការកត់ត្រារូបភាព និងការពិគ្រោះជាមួយអ្នកជំងឺ។ វាអាចគាំទ្រការស្វែងរក និងតាមដានជំងឺដូចជារលាកឆ្អឹងប្រហោងមុខ (sinus) រ៉ាំរ៉ៃ ដុះសាច់ក្នុងច្រមុះ ជំងឺនៃបំពង់សំឡេង និងបញ្ហាផ្សេងៗនៃត្រចៀក ច្រមុះ និងបំពង់ក ព្រមទាំងគាំទ្រនីតិវិធី ព្យាបាលមួយចំនួនប្រកបដោយសុវត្ថិភាព។

លោកវេជ្ជបណ្ឌិត អោម ណាវុធ បានថ្លែងទៀតថា ការបំពាក់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឧបករណ៍វេជ្ជសាស្ត្រទំនើបទាំងនេះ មិនត្រឹមតែជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយទៀតរបស់មន្ទីរពេទ្យជាតិ តេជោសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែ ជាការពង្រឹងប្រព័ន្ធសេវាទាំងមូល ដែលតម្រូវឱ្យមានការអភិវឌ្ឍសមត្ថភាពបុគ្គលិក ការអនុវត្តតាមគោលការណ៍ណែនាំ និងនីតិវិធីប្រតិបត្តិការស្តង់ដារ ការថែទាំបច្ចេកទេសឧបករណ៍ និងការតាមដាន គុណភាព និងសុវត្ថិភាពជាប្រចាំ។ ការងារទាំងនេះនឹងធានាឱ្យការប្រើប្រាស់ឧបករណ៍មានប្រសិទ្ធភាព ចីរភាព និងផ្តល់អត្ថប្រយោជន៍អតិបរមាជូនអ្នកជំងឺ៕