ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញសំណេះសំណាលជាមួយ អាជ្ញាធរក្រុងអរិយក្សត្រ ស្រុកល្វាឯម និងស្រុកខ្សាចកណ្តាល ខេត្តកណ្តាល
24-07-2026 19:49
(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅក្រុងអរិយក្សត្រ រួមជាមួយស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សរុបចំនួន ៣០៦នាក់ នាថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦។
លោក ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាអង្គពិធី និងជម្រាបពីគោលបំណងនាពេលនេះ គឺដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ និងផ្សព្វផ្សាយអំពីសមត្ថផលរបស់ព្រឹទ្ធសភាប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងអនុក្រឹត្យលេខ ៩៦ អនក្រ.បក និងអនុក្រឹត្យលេខ ៧៦ អនក្រ.បក ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈម សំណូមពរនាននៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោកស្រី សួស សារ៉ាម សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចូលរួមមតិសំណេះសំណាល ដោយជម្រាបជូននូវសមិទ្ធផលប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដែលព្រឹទ្ធសភាសម្រេចបាន ព្រមទាំងលើកទឹកចិត្តឱ្យអាជ្ញាធរ និងក្រុមប្រឹក្សាឃុំ សង្កាត់ ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះ លោកស្រី ក៏បានផ្សព្វផ្សាយអំពីអនុក្រឹត្យលេខ ៩៦ អនក្រ.បក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ស្តីពី «សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា» ដោយណែនាំឱ្យអាជ្ញាធរ និងក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មឱ្យបានច្បាស់លាស់ ថាតើសេវាណាដែលត្រូវបង់កម្រៃសេវា និងសេវាណាដែលមិនត្រូវបង់កម្រៃសេវាដើម្បីធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ទន្ទឹមនឹងនោះ លោកស្រី ក៏បានណែនាំឱ្យអាជ្ញាធរឃុំ សង្កាត់ ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។
ជាកិច្ចបន្ត លោក ម៉ម ប៊ុននាង បានផ្សព្វផ្សាយអំពី អនុក្រឹត្យអនុក្រឹត្យលេខ ៧៦ អនក្រ.បក ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព» ដើម្បីឆ្លើយតបនឹងអ្វី ដែលក្រុមប្រឹក្សាឃុំ សង្កាត់បានលើកឡើងពាក់ព័ន្ធនឹងការវិភាជថវិកាជូនថ្នាក់ក្រោមជាតិនៅមានកម្រិត។ ឯកឧត្តមប្រធានក្រុម បានគូសបញ្ជាក់ថា អនុក្រឹត្យលេខ ៧៦ អនក្រ.បក ដែលដាក់ចេញដោយប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦កន្លងមកនេះ គឺមានគោលដៅធានាសមធម៌ និងតម្លាភាពនៃការអភិវឌ្ឍមូលដ្ឋាន ដោយបែងចែកធនធានពីតំបន់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានចំណូលខ្ពស់ ទៅជួយទ្រទ្រង់ដល់រដ្ឋបាលដែលមានសក្តានុពលសេដ្ឋកិច្ច ឬចំណូលទាប ធ្វើយ៉ាងណាដើម្បីបង្កើនសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ដល់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ និងមានកម្រិតស្មើៗគ្នា។
ទន្ទឹមនឹងនេះ លោកប្រធានក្រុម បានអំពាវនាវឱ្យអាជ្ញាធរ និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន បម្រើផលប្រយោជន៍ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ចៀសវាងការប្រព្រឹត្តអំពើពុករលួយ ដើម្បីជំរុញការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុម បានប្រកាសផ្តល់អាហាររូបករណ៍តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការទី១០ព្រឹទ្ធសភា ជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា (E-school) ចំនួន ១០០កន្លែង សម្រាប់ឃុំ សង្កាត់នីមួយៗ ដែលមានបំណងសិក្សាវគ្គចំណេះទូទៅ និងជំនាញផ្សេងៗ តាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះ លោកប្រធានក្រុម បានជម្រាបជូនអង្គពិធីនូវព្រឹត្តការណ៍សំខាន់ៗ ទាក់ទងនឹងការឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា ដោយលើកឡើងថា ថ្នាក់ដឹកនាំកម្ពុជា បានខិតខំប្រយុទ្ធប្រឆាំងយ៉ាងសកម្មតាមរយៈយុទ្ធសាស្ត្រការទូត ដោយចូលរួមកិច្ចប្រជុំអន្តរជាតិធំៗនានា ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន។ ជាលទ្ធផល នាពេលថ្មីៗនេះ ប្រទេសរុស្ស៊ី បានប្រកាសគាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាពការពារជាតិ ដោយរុស្ស៊ីបានប្តេជ្ញាផ្តល់ការបណ្តុះបណ្តាលយោធា និងការគាំទ្រផ្នែកបរិក្ខារយោធាដល់កងទ័ពកម្ពុជាព្រមទាំងកិច្ចប្រជុំមហាសន្និបាទសភាប្រើភាសាបារាំង ជិត១០០ប្រទេស បានចេញសេចក្តីសម្រេចអំពាវនាវឱ្យភាគីថៃ គោរពនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពដែលបង្កឡើងជាឯកតោភាគីពីសំណាក់យោធាថៃផងដែរ។























