ឧបករណ៍វេជ្ជសាស្ត្រទំនើប និងឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម ដែលមានតម្លៃប្រមាណជា ៣៥ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់

24-07-2026 19:58

(ពោធិ៍សាត់)៖ ឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម ដែលមានតម្លៃប្រមាណជា ៣០ម៉ឺនអឺរ៉ូ (ឬប្រមាណជា ៣៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក) ក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងក្រសួងរ៉ែ និងថាមពល និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ត្រូវបានប្រគល់ជូនក្រសួងរ៉ែនិងថាមពល លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់លើកកម្ពស់សេវាសុខាភិបាល បង្កើនសុវត្ថិភាព ការពារសន្តិសុខ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

ពិធីប្រគល់-ទទួល ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ក្រោមអធិបតីភាព លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

លោក Ronald Pacheco ប្រធានផ្នែកគ្រប់គ្រងប្រភពវិទ្យុសកម្ម នៃទីភ្នាក់ងារ IAEA បានគូសបញ្ជាក់ថា ការផ្ដល់ជំនួយនេះ គឺជាសក្ខីភាពបញ្ជាក់ពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និង IAEA ក្នុងការលើកកម្ពស់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទាន់ពេលវេលា ព្រមទាំងការពង្រឹងសុវត្ថិភាព និងសន្តិសុខវិទ្យុសកម្មនៅកម្ពុជា។

លោកបានបន្ថែមថា ឧបករណ៍ដែលបានប្រគល់ជូននាពេលនេះ គិតជាថវិកាសរុបប្រមាណជា ៣០ម៉ឺនអឺរ៉ូ (ឬប្រមាណជា ៣៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក) រួមមាន៖

*ម៉ាស៊ីនអេកូសាស្ត្រពណ៌ឌីជីថល (Digital Colour Doppler Ultrasound System - Mindray MX7): ជួយក្នុងការពិនិត្យផ្នែកពោះ សរសៃឈាម សម្ភព រោគស្ត្រី បេះដូង និងករណីសង្គ្រោះបន្ទាន់ ដែលមានលក្ខណៈចល័ត និងជួយវាយតម្លៃលំហូរឈាម ដើម្បីធ្វើរោគវិនិច្ឆ័យបានឆាប់រហ័ស។

*ម៉ាស៊ីនថតកាំរស្មីអ៊ិចឌីជីថលចល័ត (Digital Radiographic Mobile X-ray System): អនុញ្ញាតឱ្យថតនៅក្បែរគ្រែអ្នកជំងឺផ្ទាល់ ដែលមានសារៈសំខាន់ខ្លាំងសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ អ្នកពិបាកធ្វើចលនា ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ឬតំបន់ដាច់ស្រយាល។

*ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មប្រភេទកាបូបស្ពាយ (ចំនួន ៩ឈុត):សម្រាប់រាវរក កំណត់អត្តសញ្ញាណប្រភពវិទ្យុសកម្ម ពង្រឹងការត្រួតពិនិត្យនៅទីវាល ការការពារវិទ្យុសកម្ម និងការឆ្លើយតបគ្រាអាសន្ន។

*ឧបករណ៍វាស់កម្រិតវិទ្យុសកម្មប្រភេទដៃ (ចំនួន ៤ឈុត): សម្រាប់វាស់កម្រិតវិទ្យុសកម្មទាំងក្នុងគ្រឹះស្ថាន និងទីវាល ដើម្បីធានាសុវត្ថិភាពក្នុងការប្រើប្រាស់ប្រភពវិទ្យុសកម្ម និងឧបករណ៍កាំរស្មីអ៊ិច។

លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទីភ្នាក់ងារ IAEA ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធដល់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានគូសបញ្ជាក់ថា ការទទួលបានឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍រាវរកសារធាតុវិទ្យុសកម្មទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងការពង្រឹងសមត្ថភាពជាតិលើការគ្រប់គ្រង និងធានាសុវត្ថិភាពសន្តិសុខវិទ្យុសកម្ម ប្រកបដោយស្តង់ដារអន្តរជាតិ។

គួរជម្រាបជូនថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ត្រូវបានបង្កើតឡើងជាធរមាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៥៧ ក្នុងគោលបំណងលើកកម្ពស់ និងគ្រប់គ្រងការប្រើប្រាស់ថាមពលបរមាណូឱ្យប្រកបដោយសុវត្ថិភាព មានសន្តិសុខ និងក្នុងគោលបំណងសន្តិភាពនៅក្នុងក្របខ័ណ្ឌសកលលោក។

កម្ពុជាបានចូលជាសមាជិក IAEA ជាធរមានលើកដំបូងនៅក្នុងឆ្នាំ១៩៥៨ និងបានចូលជាសមាជិកឡើងវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៩ ដោយមានក្រសួងរ៉ែ និងថាមពល ជាស្ថាប័នទំនាក់ទំនងថ្នាក់ជាតិ។

ពិធីប្រគល់-ទទួល ឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍រាវរកសារធាតុវិទ្យុសកម្ម នាពេលនេះ គឺជាជានិមិត្តរូបនៃមិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងទីភ្នាក់ងារ IAEA ហើយក៏ជាភស្តុតាងជាក់ស្តែងបង្ហាញថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អាចត្រូវបានប្រើប្រាស់ដើម្បីផលប្រយោជន៍សាធារណជន និងជួយឱ្យប្រជាពលរដ្ឋមានទំនុកចិត្តយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចបវរធបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់បំផុតលើសុខភាព សន្តិសុខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕