មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកពីសក្ដានុពល និងឱកាសវិនិយោគក្នុងវិស័យឌីជីថលនៅកម្ពុជា ជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន
24-07-2026 20:21
(ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។
ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ និងលោក Brian D. McFeeters បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបតិ្តការទំនាក់ទំនងធុរកិច្ចរវាងក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងក្រសួងលើវិស័យសំខាន់ៗ រួមមានវិស័យប្រៃសណីយ៍ វិស័យបច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាយប័រ និងវិស័យទូរគមនាគមន៍ ជាដើម។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍សួនឌីជីថលរបស់ប្រទេសកម្ពុជា ដែលនឹងក្លាយជាឱកាសក្នុងការទាក់ទាញអ្នកវិនិយោគបរទេសក្នុងការសហការ ក៏ដូចជាវិនិយោគទុនតាមរយៈយន្តការគាំទ្រ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។
លោករដ្ឋលេខាធិការ បានបញ្ជាក់ពីក្រសួងក្នុងការអភិវឌ្ឍវិស័យឌីជីលនៅកម្ពុជា រួមមានការបង្កើតសួនឌីជីថល, ការអនុវត្តគម្រោងអ៊ីនធឺណិតល្បឿនលឿនជាដើម ដែលជាការគាំទ្រដល់ SME នៅកម្ពុជា។
ក្នុងកិច្ចជំនួបនេះ លោករដ្ឋលេខាធិការ បានលើកឡើងអំពីសក្ដានុពល និងឱកាសក្នុងការវិនិយោគជាច្រើនក្នុងវិស័យទាំង៣ខាងលើ ហើយក៏បានបញ្ជាក់អំពីការកិច្ចសហប្រតិបត្តិការក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕














