វិភាគអន្តរជាតិ៖ តើរុស្ស៉ីជួយអ៉ីរ៉ង់វាយប្រហារលើទីតាំង CIA ក្នុងតំបន់ឈូងសមុទ្រឬ?

24-07-2026 20:51

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergey Lavrov កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយមានសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនជារបៀបវារៈកំពូលមួយ។ ប៉ុន្តែកិច្ចប្រជុំរវាងលោក Rubio និងលោក Lavrov បានប្រព្រឹត្តទៅក្រោមស្រមោលនៃសេចក្ដីរាយការណ៍ថារុស្ស៉ីប្រហែលជាបាន និងកំពុងជួយដល់ការវាយប្រហាររបស់អ៉ីរ៉ង់លើទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា។

តាមពិតទៅ សេចក្ដីរាយការណ៍ពីការវាយប្រហាររបស់អ៉ីរ៉ង់លើទីតាំងរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ក៏ធ្លាប់ត្រូវបានចេញផ្សាយដែរក្នុងពេលប៉ុន្មានថ្ងៃដំបូងនៃសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ផ្ទុះឡើងដំបូងកាលពីខែកុម្ភៈ។ ៣ថ្ងៃដំបូងនៃសង្រ្គាម ពោលគឺនៅថ្ងៃទី៣ ខែមីនា កាសែតអាមេរិក Washington Post បានឱ្យដឹងថាស្ថានីយមួយរបស់ CIA នៅក្នុងស្ថានទូតអាមេរិកប្រចាំទីក្រុងរីយ៉ាដបានរងការវាយប្រហារពីអ៉ីរ៉ង់។ ក្រោយមកទៀត នៅថ្ងៃទី៦ ខែមីនា សារព័ត៌មាន CNN ដោយផ្អែកលើប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានរាយការណ៍ថាទីក្រុងមូស្គូបានជួយអ៉ីរ៉ង់ក្នុងការកំណត់ទីតាំងទាហានអាមេរិក និងយន្ដហោះចម្បាំងក្នុងតំបន់ឈូងសមុទ្រ។

ឥលូវ ទីភ្នាក់ងារសារព័ត៌មាន Reuters​ កាលពីថ្ងៃពុធ ទី២២ ខែកក្កដា បានរាយការណ៍ពីការវាយប្រហារដោយដ្រូនអ៉ីរ៉ង់លើទីតាំង CIA ក្នុងតំបន់ឈូងសមុទ្រ។ Reuters និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ ហើយក្រុមមន្ត្រីអាមេរិកក៏បានដឹងដែរថារុស្ស៉ីបានផ្ដល់ការគាំទ្រដល់អ៉ីរ៉ង់ក្នុងការកំណត់គោលដៅ និងផ្ដល់ការគាំទ្រផ្សេងទៀតដើម្បីជួយអ៉ីរ៉ង់វាយប្រហារលើទីតាំងយោធាអាមេរិក ក្នុងតំបន់ឈូងសមុទ្រ។ ការណ៍នេះបានជំរុញឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបើកការស៊ើបអង្កេតមួយដើម្បីកំណត់ថាតើរុស្ស៉ីពិតជាបានជួយអ៉ីរ៉ង់មែន ឬក៏យ៉ាងណា? តាម Reuters យ៉ាងហោចណាស់មានទីតាំង CIA ចំនួន ២ ក្នុងនោះមានមួយស្ថិតក្នុងស្ថានទូតអាមេរិកប្រចាំទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងមួយទីតាំងទៀតស្ថិតនៅភាគខាងជើងប្រទេសអ៉ីរ៉ាក់បានរងការវាយប្រហារ។ ប្រភពមួយចំនួនទៀតថែមទាំងអះអាងទៀតផងថាទីតាំង CIA មួយចំនួនផ្សេងទៀតក៏រងការវាយប្រហារដែរ តែមិនមានការបញ្ជាក់លម្អិតនោះទេ។ ទាំងបេសកកម្មអ៉ីរ៉ង់ប្រចាំ UN ក្រសួងការពារជាតិរុស្ស៉ី និងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនបានឆ្លើយតបទៅនឹងការស្នើសុំការអត្ថាធិប្បាយនោះទេ។

លោកស្រី Nicole Grajewski ជាសាស្ត្រាចារ្យរងម្នាក់នៅមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ នៃសាកលវិទ្យាល័យ Sciences Po ក្នុងទីក្រុងប៉ារីស បានពន្យល់ថាការចូលរួមរបស់រុស្ស៉ីនៅក្នុងការកំណត់គោលដៅវាយប្រហាររបស់អ៉ីរ៉ង់គឺជារឿងមួយអាចទៅរួច ក៏ព្រោះការវាយប្រហារជាច្រើនរបស់អ៉ីរ៉ង់កាន់តែមានប្រសិទ្ធភាពខ្លាំងជាងមុន ទាំងដែលអ៉ីរ៉ង់មិនមានផ្កាយរណបទំនើបដូចរុស្ស៉ីទេ។ លោកស្រីបន្តថា បើធ្វើការប្រៀបធៀបជាមួយរុស្ស៉ី អ៉ីរ៉ង់មិនមានផ្កាយរណបយោធាទំនើបៗនោះទេ។ ដូច្នេះវាមើលទៅដូចជាអ៉ីរ៉ង់ទំនងជាបានចុះកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៉ី។ តែយ៉ាងណាក៏ដោយ លោកស្រី Grajewski បានបញ្ជាក់ថាអ៉ីរ៉ង់ក៏មានបណ្ដាញទីភ្នាក់ងារស៊ើបការណ៍ផ្ទាល់ខ្លួនប្រមូលព័ត៌មានតាមរយៈមនុស្សផងដែរ តែត្រូវបានគេមើលរំលងនៅពេលគេនិយាយដល់គោលដៅដែលអ៉ីរ៉ង់ជ្រើសរើស ដើម្បីវាយប្រហារនៅក្នុងតំបន់។

*ការគាំទ្ររបស់រុស្ស៉ីសម្រាប់អ៉ីរ៉ង់

ខណៈកំពុងជាប់ដៃធ្វើសង្រ្គាម និងជាប់ទណ្ឌកម្មអាមេរិកដូចគ្នា ទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់បានពង្រឹងទំនាក់ទំនងយោធាយ៉ាងជិតស្និទ្ធ។ ក្រុមអ្នកវិភាគជាច្រើនបានអះអាងថាទំនាក់ទំនងរវាងប្រទេសទាំង២ មិនមានលក្ខណៈជាសម្ព័ន្ធមិត្តពេញលេញទេ តែសម្លឹងឃើញផលប្រយោជន៍រួមប្រឆាំងនឹងលោកខាងលិច។ ប៉ុន្តែ លោកស្រី Grajewski យល់ឃើញផ្សេងពីនេះ។ «រុស្ស៉ី និងអ៉ីរ៉ង់មានទស្សនៈយល់ឃើញដូចគ្នាថាពួកគេជាតួអង្គកំពុងប្រឈមនឹងការគំរាមកំហែងតែមួយនៅលើឆាកអន្តរជាតិ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២បានកើនឡើងយ៉ាងពិតប្រាកដ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ហើយកាន់តែជិតស្និទ្ធក្នុងពេលថ្មីៗនេះ និងកាន់តែពឹងផ្អែកគ្នាទៅវិញទៅមក»។ នេះជាការយល់ឃើញរបស់លោកស្រី ​Grajewski។ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែនដែលផ្ទុះឡើងតាំងពីឆ្នាំ២០២២ បានជំរុញឱ្យរុស្ស៉ី និងអ៉ីរ៉ង់កាន់តែរត់រកគ្នាខាងផ្នែកយោធា បន្ទាប់ពីតេហេរ៉ង់បានផ្ដល់ទៅឱ្យមូស្គូនូវអាវុធសំខាន់ៗ រួមមានទាំងដ្រូន Shahed និងមីស៊ីលបាលិស្ទីគ Fateh-110 ដើម្បីគាំទ្រដល់សង្រ្គាមរបស់រុស្ស៉ី។

កាលពីឆ្នាំ២០២៥ រុស្ស៉ី និងអ៉ីរ៉ង់បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមានរយៈពេល ២០ឆ្នាំ ដែលនៅក្រោមសន្ធិសញ្ញានេះប្រទេសទាំង២ បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការខាងការពារជាតិ។ ទោះជាយ៉ាងណានេះក្ដី សារព័ត៌មាន Moscow Times បានរាយការណ៍ថាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Andrey Rudenko បានប្រាប់សភារុស្ស៉ីថាសន្ធិសញ្ញានេះមិនមែនមានន័យថាជា «ការបង្កើតសម្ព័ន្ធយោធាផ្លូវការជាមួយអ៉ីរ៉ង់ ឬក៏តម្រូវឱ្យការពារគ្នាទៅវិញទៅមកនោះឡើយ»។ រុស្ស៉ីក៏ត្រូវបានគេចោទប្រកាន់ដែរថាបានជួយទីក្រុងតេហេរ៉ង់ក្នុងការបង្កើនប្រសិទ្ធភាពវាយប្រហាររបស់ដ្រូន Shahed-136 តាមរយៈការផ្គត់ផ្គង់ប្រព័ន្ធទប់ស្កាត់រលកសញ្ញារំខាន Kometa-M។ បើតាមសេចក្ដីរាយការណ៍កាលពីខែមីនា បំណែកដែលត្រូវបានគេប្រមូលបានបន្ទាប់ពីការប៉ុនប៉ងវាយប្រហារដោយដ្រូនរបស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាកាសអង់គ្លេស នៅក្នុងប្រទេសស៊ីប វាត្រូវបានគេបញ្ជាក់ថាជាបំណែកប្រព័ន្ធអាវុធរុស្ស៉ីបំពាក់លើដ្រូន Shahed-136 មួយគ្រឿង។

រុស្ស៉ីបានទាត់ចោលសេចក្ដីរាយការណ៍នេះដែលធ្វើឡើងដោយកាសែតអាមេរិក Wall Street Journal ដែលថាប្រព័ន្ធ Kometa-M ត្រូវបានបំពាក់ លើដ្រូនអ៉ីរ៉ង់ជាព័ត៌មានក្លែងក្លាយ។ ក៏ប៉ុន្តែលោកស្រី Grajewski បានពន្យល់ថាសង្រ្គាមរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់ បានផ្ដល់ផលប្រយោជន៍មួយចំនួនដល់រុស្ស៉ី ក្នុងនោះមានដូចជាការបង្វែរចំណាប់អារម្មណ៍អាមេរិក និងអន្តរជាតិចេញពីសង្រ្គាមអ៊ុយក្រែន ហើយអាចមានលទ្ធភាពនៃការចុះខ្សោយនៃអំណាចរបស់សហរដ្ឋអាមេរិក។ សម្រាប់លោកស្រី Grajewski រុស្ស៉ីសម្លឹងឃើញថាទាំងសង្រ្គាមអ៊ុយក្រែន និងអ៉ីរ៉ង់ គឺជាសមរភូមិយ៉ាងធំមួយដើម្បីសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយ ហើយក៏មើលឃើញដែរថាសង្រ្គាមទាំងនេះអាចនឹងជួយជំរុញការចុះខ្សោយនៃអំណាចអាមេរិក។

ម្យ៉ាងវិញទៀត រុស្ស៉ីមិនចង់ឃើញអ៉ីរ៉ង់ដួលរលំនោះទេ។ តែព្រមពេលជាមួយគ្នា រុស្ស៉ីក៏មើលមិនឃើញពីភាពចាំបាច់ត្រូវធ្វើអន្តរាគមន៍ ឬលូកដៃជួយអ៉ីរ៉ង់ដោយផ្ទាល់ប្រឆាំងនឹងសហរដ្ឋអាមេរិកនោះដែរ។ ជំនួសមកវិញ រុស្ស៉ីជ្រើសរើសយកវិធីសាស្ត្រមួយ នោះគឺទុកឱ្យអ៉ីរ៉ង់ប្រឈមមុខជាមួយសហរដ្ឋអាមេរិកតែម្នាក់ឯង ខណៈផ្ដល់ការគាំទ្រដែលធានាឱ្យបានថារបបដឹកនាំអ៉ីរ៉ង់អាចបន្តមានជីវិតរស់នៅ ឬឆ្លងផុតដំណាក់កាលដ៏គ្រោះថ្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕