កម្លាំងនគរបាលក្រុងតាខ្មៅ ចាប់ខ្លួនក្មេងទំនើង៧នាក់ ដែលប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក
24-07-2026 21:22
(កណ្ដាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានធ្វើការឃាត់ខ្លួនក្មេងទំនើង២ក្រុមមានគ្នាចំនួន៧នាក់ ដែលវាយតប់គ្នាទាំងកណ្ដាលអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវ២១ ជិតស្តុប១១០ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៖៣០នាទី កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍ទាំង១០ ចេញល្បាតតាមមូលដ្ឋាន ពួនស្ទាក់មុខសញ្ញា មកដល់ចំណុចតាមបណ្តោយផ្លូវលេខ២១ជិតស្តុប១១០ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានឃើញជនសង្ស័យចំនួន២ក្រុម កំពុងនាំគ្នាវាយតប់គ្នាទៅវិញទៅមក។ ភ្លាមនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម រួមទាំងវត្ថុតាងយកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២ក្រុម បានឆ្លើយខ្លួនពិតជាធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក នៅតាមបណ្តោយផ្លូវលេខ២១ ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕






















