មួយឆ្នាំនៃការឈឺចាប់ និងក្តីសង្ឃឹម៖ ពលរដ្ឋភៀសសឹកនៅឧត្តរមានជ័យ ទន្ទឹងរង់ចាំយុត្តិធម៌ និងជឿជាក់លើរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
24-07-2026 21:19
(ឧត្តរមានជ័យ)៖ មួយឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីព្រឹត្តិការណ៍ឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា ដែលបានបន្សល់ទុកនូវរបួសផ្លូវចិត្តយ៉ាងជ្រាលជ្រៅ និងការឈឺចាប់មិនអាចបំភ្លេចបានសម្រាប់ពលរដ្ឋភៀសសឹកជាច្រើនគ្រួសារនៅខេត្តឧត្តរមានជ័យ ជាពិសេសនៅតំបន់អូរស្មាច់។
ពួកគេនៅតែចងចាំយ៉ាងច្បាស់ពីទិដ្ឋភាពផ្ទះសម្បែងត្រូវបានបំផ្លាញដោយកាំភ្លើងធំ និងគ្រាប់បែកទម្លាក់ពីលើយន្តហោះ ព្រមទាំងការកាន់កាប់ដីធ្លីដែលពួកគាត់ធ្លាប់រស់នៅតជំនាន់មកហើយ។
ការឈឺចាប់ និងការភ័យខ្លាចទាំងនេះ, អ៊ុំស្រី មាស សុខេន អាយុ៦៧ឆ្នាំ ជាពលរដ្ឋភៀសសឹកមកពីតំបន់អូរស្មាច់ ក្រុងសំរោង ខេត្តបន្ទាយមានជ័យ បានរៀបរាប់ប្រាប់ក្រុមការងារបណ្តាញព័ត៌មាន Fresh News ដែលចុះទៅផ្តិតយកទិដ្ឋដោយផ្ទាល់នៅជម្រកស្នាក់បណ្តោះអាសន្ននៅភូមិស្រះកែវ ឃុំថ្មី ស្រុកចុងកាល់ ខេត្តបន្ទាយមានជ័យថា ពួកនៅតែបន្តរក្សាទុកនូវក្តីសង្ឃឹមយ៉ាងមុតមាំ និងទន្ទឹងរង់ចាំយុត្តិធម៌ ដើម្បីអាចវិលត្រឡប់ទៅកាន់លំនៅឋាន និងប្រកបរបរចិញ្ចឹមជីវិតធម្មតារបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ស្ត្រីវ័យចំណាស់រូបនេះ បានរៀបរាប់ទាំងអួរដើមករថា៖ «និយាយទៅខ្ញុំនិយាយមិនចេញទេ មិននឹកស្មានថាវាធ្វើដល់ថ្នាក់ហ្នឹង បើទោះបីជួបការលំបាករយៈ១ឆ្នាំនេះក្តី តែខ្ញុំនៅតែជឿជាក់លើសម្តេច ដើម្បីដោះស្រាយទាមទារទឹកដីត្រឡប់មកវិញ»។
ជនភៀសសឹកទាំងអស់សង្ឃឹមថា បញ្ហាព្រំដែននេះនឹងត្រូវបានដោះស្រាយឆាប់រហ័ស ដើម្បីឱ្យពួកគេអាចបញ្ចប់ជីវិតជាជនភៀសសឹក និងចាប់ផ្តើមជីវិតថ្មីនៅលើទឹកដីកំណើតរបស់ខ្លួនឡើងវិញ។
រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្រកាន់ជំហរទាមទារយុត្តិធម៌ និងបូរណភាពទឹកដីរបស់ខ្លួនតាមរយៈមធ្យោបាយការទូត និងច្បាប់អន្តរជាតិ។ ការបន្តតវ៉ាចំពោះទង្វើបំពានច្បាប់របស់កងទ័ពថៃ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារផលប្រយោជន៍ និងសិទ្ធិរបស់ប្រជាពលរដ្ឋ។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួបមួយឆ្នាំគត់ចាប់តាំងពីសកម្មភាពឈ្លានពានដោយយោធាថៃ មកលើបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ដ៏សោកសៅនេះ បានបន្សល់ទុកនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មរតកប្រាង្គប្រាសាទបុរាណ ដែលជាបេះដូងនៃអត្តសញ្ញាណជាតិ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងទ្រព្យសម្បត្តិឯកជនជាច្រើននៅក្នុងទឹកដីកម្ពុជា។
ការប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជា គឺជាអំពើខុសច្បាប់ជាអន្តរជាតិ ដែលមិនអាចទទួលស្គាល់បានឡើយ ហើយក៏មិនអាចបង្កើតសិទ្ធិណាមួយលើទឹកដីកម្ពុជាបានឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើនេះ និងបានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនឱ្យបានគង់វង្សជានិច្ច។
ប្រជាជនកម្ពុជាទាំងអស់នៅតែចងចាំជានិច្ចនូវសោកនាដកម្មនេះ ហើយបានរួមគ្នាបង្ហាញពីស្មារតីសាមគ្គីភាព និងការតស៊ូដើម្បីស្តារ និងកសាងប្រទេសជាតិឡើងវិញ៕





























