មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងារ ក្រមសីលធម៌វិជ្ជាជីវៈ របៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សា និងគណៈអភិបាល នៅខេត្តស្ទឹងត្រែង
24-07-2026 21:40
(ស្ទឹងត្រែង)៖ លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្តីពីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ការអនុវត្តការងារ ក្រមសីលធម៌វិជ្ជាជីវៈ របៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សា និងគណៈអភិបាល រាជធានីខេត្ត ក្រុង ស្រុកខណ្ឌ នៅខេត្តស្ទឹងត្រែង។
ពិធីនេះ មានការចូលរួមពីលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ក្រុមប្រឹក្សាក្រុងស្រុកទាំង៦ អភិបាលក្រុងស្រុកទាំង៦ ក្រុមប្រឹក្សាឃុំសង្កាត់ទាំង៣៤ ស្មៀនឃុំសង្កាត់ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា សម្រាប់រដ្ឋបាលខត្តស្ទឹងត្រែង គឺបានដាក់ចេញនូវការងារសំខាន់ៗ ដើម្បីពង្រឹងកិច្ចសហការ និងអភិវឌ្ឍមូលដ្ឋាន រួមមាន ការលើកកម្ពស់សហប្រតិបត្តិការផ្ទៃក្នុង ការពង្រឹងសីលធម៌មន្ត្រី និងការជំរុញសក្តានុពលខេត្ត។
លោកបន្ដថា មន្ដ្រីក្រោមឱវាទបានគោរពម៉ោងការងាររដ្ឋបាល បំពេញតួនាទីភារកិច្ច និងសមត្ថកិច្ចទទួលខុសត្រូវតាមឋានានុក្រម គោរពវិន័យរដ្ឋបាល ក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបថសមរម្យ រួសរាយរាក់ទាក់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ និងគុណភាព និងបង្កើនប្រសិទ្ធភាពការងារ និងរួមគ្នាអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង កាន់តែមានភាពរីកចម្រើន ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
ក្នុងឱកាសនោះ លោក អ៊ុំ ម៉ារ៉ា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការអនុវត្តតួនាទី ភារកិច្ច និងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធការងារជាច្រើន ជាពិសេសការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាពប្រសិទ្ធភាព បរិយាបន្ន និងសមធម៌សង្គម។
លោកបានគូសបញ្ជាក់ទៀតថា កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងារ ក្រមសីលធម៌វិជ្ជាជីវៈ របៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាយន្តការដ៏សំខាន់របស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងពង្រឹងគុណភាពការងារ និងរក្សាសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ៕
























