បេក្ខជន និងសកម្មជន៥៤នាក់របស់គណបក្សភ្លើងទៀន នៅខេត្តកណ្ដាល ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

24-07-2026 21:48

(កណ្តាល)៖ បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀន ចំនួន៥៤នាក់ ជាសមាជិកគណបក្សភ្លើងទៀន មកពីឃុំទឹកឃ្លាំង ឃុំថ្មគរ ស្រុកល្វាឯម ចំនួន៩នាក់, ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ចំនួន៤៥នាក់ ខេត្តកណ្ដាល បានបន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្ត, លោក លី ស៊ីផាន់ និងលោក បាន រតនា ប្រធាន អនុប្រធានក្រមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជា ចុះស្រុកស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល បានឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ថា ដោយមានការយកចិត្តទុកដាក់ពីលោក យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ភឺន ផល្លា ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធាន/អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សរាជធានី/ខេត្ត បានផ្ដល់ភាពកក់ក្តៅដល់បេក្ខជនសកម្មជនរបស់គណបក្សនយោបាយនានានៅខេត្តកណ្ដាល ដែលបានចុះចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល និងក្រុមការងារបានចុះជួបផ្ទាល់ជាមួយសមាជិក ដែលមកពីគណបក្សប្រឆាំងនៅខេត្តកណ្ដាល សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកបណ្ឌិតបានបន្តថា ពួកគេបានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាផងដែរ។

ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទនុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្រុមសកម្មជនទាំងអស់ បានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់ សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ពួកគេក៏បានអំពាវនាវអ្នកបម្រើបក្សប្រឆាំងទាំងអស់ឲ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿង៕