លោកបណ្ឌិត ប្រាំង ជលសា៖ ស្រុកកណ្តៀងលែងព្រួយបារម្ភរឿងខ្វះទឹក ឬទឹកលិចទៀតហើយ ក្រោយទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ចាប់ផ្តើមដំណើរការ

24-07-2026 21:42

(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាឃុំ ក្រុមពិគ្រោះយោបល់ អាជ្ញាធរមូលដ្ឋាន ប្រជាការពារ និងយុវជនសាខាបក្សឃុំស្រែស្តុក ប្រមាណជាង៥០០នាក់។

ពិធីត្រូវបានធ្វើឡើង នៅបរិវេណវត្តក្តីឧត្តម ឃុំស្រែស្តុក ស្រុកកណ្តៀង ដោយមានការអញ្ជើញចូលរួមពី លោក អេង គន្ធា អគ្គនាយករងអគ្គសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង។

លោកបណ្ឌិត ប្រាំង ជលសា បានគូសបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីជំរុញ និងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ។ លោកបណ្ឌិតបានបន្តថា សមិទ្ធផលនានា ដែលបាននិងកំពុងកើតមានក្នុងឃុំស្រែស្តុក ផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ជាន់ថ្នាក់ ដូចជា ផ្លូវកៅស៊ូ ផ្លូវប៉េតុង ប្រឡាយខ្វាត់ខ្វែង ការស្តារ និងអភិរក្សបឹងទន្លេអ៊ុំ ព្រមទាំងប្រព័ន្ធភ្លើងសូឡាជាដើម។

លោកបណ្ឌិត បានគូសបញ្ជាក់ពីសមិទ្ធផលលេចធ្លោរ គឺភ្លើងសូឡាបំភ្លឺតាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលទទួលបានការអបអរសាទរយ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅថា ខេត្តពោធិ៍សាត់មានសោភ័ណភាពស្អាត និងគ្មានសំរាម ក្រោមការខិតខំប្រឹងប្រែងរបស់ លោក ខូយ រីដា អភិបាលខេត្ត ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះមូលដ្ឋាន។

លោកបណ្ឌិត ប្រាំង ជលសា បានលើកឡើងថា ឃុំស្រែស្តុក ស្រុកកណ្តៀង គឺជាឃុំលេខ១ ដែលឈ្នះដាច់ក្នុងការបោះឆ្នោតសកលកន្លងមក។ នាពេលខាងមុខ លោកមិនចង់ឃើញស្រុកកណ្តៀងជួបប្រទះបញ្ហាខ្វះទឹកនារដូវប្រាំង និងលើសទឹកនារដូវវស្សាទៀតឡើយ ព្រោះពេលដែលទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ចាប់ផ្តើមស្ទាក់ទឹកចូលផ្ទៃអាង វានឹងជួយការពារហានិភ័យទឹកជំនន់ក្នុងរដូវវស្សា និងធានាបានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ ឬប្រើប្រាស់ប្រចាំថ្ងៃក្នុងរដូវប្រាំង។ លោកបានជំរុញឱ្យប្រជាពលរដ្ឋខិតខំចូលរួមចលនាដាំដើមឈើឱ្យបានច្រើន រក្សាអនាម័យបរិស្ថាន ព្រមទាំងការពារដីរដ្ឋ បឹងបួរ និងទីទួលបុរាណឱ្យបានគង់វង្ស។

ក្នុងឱកាសនោះ លោកបណ្ឌិត ក៏បានប្រគល់សម្ភារឧបត្ថម្ភ រួមមាន បាល់ទាត់ និងបាល់បោះ ជូនដល់លោកគ្រូ អ្នកគ្រូ និងប្រគល់វិទ្យុទាក់ទង ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងបានដឹកនាំដាំកូនឈើជានិម្មិតរូប នៅបរិវេណបឹងទន្លេអ៊ុំផងដែរ។

គួររំលឹកផងដែរថា ក្នុងថ្ងៃដដែលនោះ លោកបណ្ឌិត ប្រាំង ជលសា ក៏បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអញ្ជើញដាំកូនឈើជានិម្មិតរូប នៅវត្តកោះជុំ ឃុំកោះជុំ ស្រុកក្រគរ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕