លោក នាង ផាត ជំរុញសមាជិកក្រុមប្រឹក្សាឃុំ ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ បង្កើនការយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនពលរដ្ឋ
24-07-2026 21:51
(កំពង់ធំ)៖ លោក នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៨ បានជំរុញ និងលើកទឹកចិត្តដល់សមាជិក សមាជិកាឃុំទាំងអស់ខិតខំបន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានល្អ និងមានប្រសិទ្ធភាព។ លោកថ្លែងដូចនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
លោក នាង ផាត បានលើកឡើងថា កិច្ចការនេះមន្ដ្រីទាំងអស់អនុវត្តបានល្អហើយ ប៉ុន្តែត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបំពេញនូវចំណុចខ្វះខាត និងដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ លោកបន្តថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាគោលការណ៍គ្រឹះដ៏សំខាន់ និងរឹងមាំសម្រាប់អនុវត្តប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ។
លោកបន្ថែមថា ការផ្ដល់សេវាសាធារណៈបានល្អប្រសើរ ដល់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបង្ហាញនូវការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមផ្តល់នូវការជឿទុកចិត្ត និងគុណតម្លៃថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារថ្នាក់មូលដ្ឋានផ្ទាល់។ លោកសង្ឃឹមយ៉ាងមុតមាំថា សមាជិកក្រុមប្រឹក្សាទាំងអស់ នឹងបន្តកិច្ចសហការគ្នា ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកបានឧបត្ថម្ភដល់សមាជិកចូលរួម ក្នុងម្នាក់ៗ ទទួលបានសារុង១, ក្រមា១ និងថវិកា៥០,០០០រៀល៕



















