គិតត្រឹមឆ្នាំ២០២៥ កម្ពុជា មានប្រព័ន្ធធារាសាស្ត្រ អាចស្រោចស្រពផ្ទៃដីជាង ២លានហិកតា

24-07-2026 22:27

(ភ្នំពេញ)៖ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិ ធ្វើឱ្យ​កម្ពុជាមានប្រព័ន្ធធារាសាស្ត្រកាន់តែច្រើនសម្រាប់បម្រើដល់ការប្រកបរបរកសិកម្មរបស់ប្រជាពលរដ្ឋ។ គិតត្រឹមឆ្នាំ២០២៥ កម្ពុជា មានប្រព័ន្ធធារា​សាស្ត្រ​សរុប​​ជាង ២ពាន់ប្រព័ន្ធ ហើយមានលទ្ធភាពស្រោចស្រពផ្ទៃដី​បានជាង​២​លានហិកតា។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បាន​ពិនិត្យរបាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការ​ត្រៀម​លក្ខណៈ​ឆ្លើយតបបាតុភូតអែលនីញ៉ូ។

ក្រសួងធនធានទឹក និងឧតុនិយម បានដាក់​ចេញ​ផែនការយុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​ន៍​លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានរៀបចំយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ ១. ពង្រឹងអភិបាលកិច្ចស្ថាប័ន អភិវឌ្ឍន៍ធនធានមនុស្ស សហប្រតិបត្តិការ និងគោលនយោបាយ​គ្រប់គ្រង​ទឹក ២. បង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធការងារទឹក និងអនុត្តរភាពប្រព័ន្ធ​ធារាសាស្ត្រប្រកបដោយគុណភាពនិងភាពធន់ ៣. ពង្រឹងសន្តិសុខទឹក និង​ការ​គ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបង្កើនភាពធន់នឹងការប្រែប្រួល​អាកាស​ធាតុ ៤. ពង្រឹងការគ្រប់គ្រង ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍លើ​ប្រព័ន្ធព័ត៌មានទិន្នន័យធនធានទឹក និងឧតុនិយម និង៥. បង្កើនប្រសិទ្ធភាព​ការគ្រប់គ្រង និងការអភិរក្សធនធានទឹក។

របាយការណ៍ បានបង្ហាញថា ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម តាមរយៈការជួសជុល ស្តារឡើង​វិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រ​គ្រប់​ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និង​ទំនប់ការពារទឹកប្រៃ បានជួយកាត់​បន្ថយ​គ្រោះ​មហន្តរាយ ដែលបង្កឡើង​ដោយ​​ធម្មជាតិ និងធានាដល់សន្តិសុខទឹក ដោយធ្វើការផ្គត់ផ្គង់ទឹកសម្រាប់​ជីវភាពរស់នៅប្រចាំថ្ងៃ ការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម ជលផល អេកូ​ទេសចរណ៍ ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងការបង្កបង្កើនផលស្រូវ និង​ដំណាំគ្រប់ប្រភេទ ដែលជាផ្នែកមួយជួយឱ្យសម្រេចបាននូវគោល​នយោបាយ​ជាតិស្ដីពីសន្តិសុខស្បៀង និង យុទ្ធសាស្ត្រនាំស្រូវ-អង្ករចេញ​របស់រាជ​រដ្ឋា​ភិ​បាល។

គិតត្រឹមឆ្នាំ២០២៥ កម្ពុជាមានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ២ ៣៥៤ប្រព័ន្ធ មានលទ្ធភាពស្រោចស្រពបានប្រមាណចំនួន ២ ០០៦ ៧២២ហិកតា (ស្រូវ​វស្សា ១ ៤០៤ ៧៩១ ហិកតា និងស្រូវប្រាំង ៦០១ ៩៣១ហិកតា) និងដំណាំ​រួម​ផ្សំចំនួន ១២ ២៤២ហិកតា។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមាន​អាង​ស្តុកទឹកចំនួន ១ ៦៥៩អាង ដែលមានសមត្ថភាពស្តុកទឹកអតិបរមា​ប្រមាណ ៤ ០០០លានម៉ែត្រគូប។

ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការតាមដានធាតុអាកាសប្រចាំថ្ងៃ ក្រសួងធនធានទឹក និងឧតុនិយម បានបង្កើតកម្មវិធី MOWRAM APP សម្រាប់ដំឡើងក្នុងទូរសព្ទដៃ និងផ្ញើសារជូនដំណឹងតាមប្រព័ន្ធ ទូរសព្ទ (SMS) ដល់ប្រជាពលរដ្ឋរស់នៅតំបន់រងឥទ្ធិពលព្យុះនានា ឱ្យមានកា​រ​ប្រុង​ប្រយ័ត្នខ្ពស់ជាប្រចាំ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានដាក់ចេញវិធានការ​ត្រៀមលក្ខណៈ​ឆ្លើយតបបាតុភូតអែលនីញ៉ូ (El Niño)។ បាតុភូត​នេះ ជាទូទៅតែងតែនាំមក​នូវ សីតុណ្ហភាពកាន់តែក្តៅខ្លាំង លក្ខខណ្ឌស្ងួត​ហែង​អូសបន្លាយ ការថយចុះ​នៃបរិមាណទឹកភ្លៀង ព្រមទាំងការកើនឡើង នូវហានិភ័យនៃគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ។

ដើម្បីឆ្លើយតបទៅនឹងបាតុភូតអែលនីញ៉ូ ក្រសួងធនធានទឹក និងឧតុនិយម បានដាក់ចេញនូវវិធានការ និងការត្រៀមលក្ខណៈ ដូចជា ១. ការជួសជុល ស្តារ និងថែទាំប្រព័ន្ធ ធារាសាស្ត្រ និងអាងស្តុកទឹក ២. ការគ្រប់គ្រងទឹក និង​អភិរក្សប្រភពទឹក ៣. ការជួសជុល ស្តារ និងថែទាំស្ថានីយ ជលសាស្ត្រ និង​ឧតុ​និយម ៤. ការត្រៀមលក្ខណៈអន្តរាគមន៍បន្ទាន់ និងការឆ្លើយ​តបជាក់​ស្ដែង ៥. ការផ្សព្វផ្សាយ ការយល់ដឹង និង៦. កិច្ចសហប្រតិបត្តិការជា​មួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធ៕