* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កសិដ្ឋានចិញ្ចឹមជ្រូក២កន្លែងនៅកំពត រកឃើញល្មើសច្បាប់បរិស្ថាន និងបង្កក្លិនស្អុយ

25-07-2026 09:03

(កំពត)៖ មន្ត្រីជំនាញក្រសួងបរិស្ថានបានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ២កន្លែង នៅក្នុងភូមិសាស្ត្រឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត បានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន និងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ការរកឃើញនេះធ្វើឡើងបន្ទាប់ពីក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន រួមជាមួយមន្ទីរបរិស្ថានខេត្តកំពត បានចុះត្រួតពិនិត្យកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

កសិដ្ឋានទាំងពីររួមមាន កសិដ្ឋានចិញ្ចឹមជ្រូក ហែម ម៉ាច និងកសិដ្ឋានចិញ្ចឹមជ្រូក អ៊ុត ប៊ុនហេង ដែលត្រូវបានរាយការណ៍ថា បានបង្កក្លិនស្អុយ និងបង្ហូរសំណល់កខ្វក់ប៉ះពាល់ដល់ដីស្រែ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

តាមការចុះពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញថា កសិដ្ឋាន ហែម ម៉ាច បានបង្ហូរសំណល់រាវចេញពីស្រះស្តុកចូលដីស្រែប្រជាពលរដ្ឋ បង្កក្លិនស្អុយ និងបានដំណើរការអាជីវកម្មដោយពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង។

ចំណែកឯកសិដ្ឋាន អ៊ុត ប៊ុនហេង ក៏បានបង្កឱ្យមានក្លិនស្អុយភាយចេញពីរោងចិញ្ចឹមជ្រូក និងដំណើរការអាជីវកម្មដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូងដូចគ្នា។

ជាវិធានការ ក្រសួងបរិស្ថានបានតម្រូវឱ្យកសិដ្ឋានទាំងពីរត្រូវបិទភ្ជិតចំណុចប្រសព្វជាមួយប្រឡាយសាធារណៈក្បែរកសិដ្ឋានជាបន្ទាន់ ធ្វើការសម្អាតរោងជ្រូក និងរកវិធីសាស្ត្របំបាត់ក្លិន។

លើសពីនេះ កសិដ្ឋានត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដាក់ជូនក្រសួងពិនិត្យ និងផ្តល់យោបល់។ ករណីមិនមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺជាការល្មើសនឹងមាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ការបញ្ចេញសំណល់រាវចូលដីស្រែប្រជាពលរដ្ឋ ល្មើសនឹងមាត្រា១៥៦ និងការបង្កក្លិនស្អុយ ល្មើសនឹងមាត្រា១៦១ នៃក្រមដដែល។ ក្រសួងក៏បានតម្រូវឱ្យកសិដ្ឋានទាំងពីរផ្តល់សំណងផលប៉ះពាល់ និងការខូចខាតបរិស្ថានផងដែរ ដើម្បីធានាបាននូវបរិស្ថានស្អាត និងការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាពលរដ្ឋ។