ខួប១ឆ្នាំ! ផលប៉ះពាល់សេដ្ឋកិច្ច និងពាណិជ្ជកម្មថៃ ចំពោះទង្វើឈ្លានពានយ៉ាងកំរោលរបស់យោធាថៃ មកលើទឹកដីកម្ពុជា ! (Video inside)
25-07-2026 10:45
(ភ្នំពេញ)៖ គិតមកដល់ពេលនេះមានរយៈពេល ១ឆ្នាំហើយ ដែលពួកយោធាថៃ បានឈ្លានពានយ៉ាងកំរោលមកលើទឹកដីកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនដែលបំភ្លេចឡើយ។
ក្នុងឱកាសខួប ១ឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជានេះ លោក ម៉ៅ វុត្ថា ម្ចាស់អាជីវកម្ម «ផ្ទះត្រីសាល់ម៉ុន» ដែលជាអ្នកតាមដានស្ថានការសង្គម ពិសេសពាក់ព័ន្ធសង្គមថៃ សរសេរអត្ថបទមួយសម្លឹងមើលពីជ្រុងសេដ្ឋកិច្ច និងពាណិជ្ជកម្មថៃ ដែលបាន និងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីការបិទព្រំដែនគោក និងការឈ្លានពានលើកម្ពុជា។
ពេលនេះ Fresh News សូមលើកយកអត្ថបទទាំងស្រុងរបស់លោក ម៉ៅ វុត្ថា មកចែកជូនអ្នកអានទាំងស្រុងដូចខាងក្រោម៖
ថ្ងៃនេះគឺជាថ្ងៃគម្រប់ខួប ១ ឆ្នាំ នៃឈ្លានពានទឹកដីរបស់ពួកចោរសៀម ហើយខ្ញុំសូមចែករំលែកអត្ថបទប្រែសម្រួលពីបណ្តាសារព័ត៌មានសៀមទាក់ទងនឹងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលរងផលប៉ះពាល់ ដូចតទៅ៖
* ប៉ះពាល់ពាណិជ្ជកម្មនៅតាមព្រំដែនរាប់ពាន់លានដុល្លារ ឯវៀតណាម និងចិនកំពុងតែចូលមកគ្រប់គ្រងទីផ្សារជំនួសទំនិញថៃនៅលើទីផ្សារកម្ពុជា
ការបិទច្រកព្រំដែនផ្លូវគោកទាំងអស់រវាងប្រទេសទាំងពីរបានបណ្តាលឱ្យតួលេខពាណិជ្ជកម្មតាមព្រំដែនដែលធ្លាប់តែបង្កើតប្រាក់ចំណូលជូនប្រទេសជាតិត្រូវធ្លាក់ចុះមកនៅត្រឹម «សូន្យ»។ បណ្តាអាជីវករ និងអ្នកនាំចេញត្រូវប្រឈមមុខនឹងវិបត្តិកង្វះប្រាក់ចំណូល និងត្រូវរ៉ាប់រងបន្ទុកបំណុល ក្នុងពេលដែលចំណែកទីផ្សារនៃទំនិញថៃនៅប្រទេសកម្ពុជា កំពុងត្រូវជំនួសដោយទំនិញមកពីប្រទេសចិន វៀតណាម ឬម៉ាឡេស៊ី។
ក្រុមការងារចម្រុះរបស់រដ្ឋសភាថៃកាលពីពេលថ្មីៗនេះ បានចុះផ្ទាល់ដល់តំបន់ព្រំដែន ដើម្បីសិក្សាពីបញ្ហាច្បាប់ កិច្ចការយុត្តិធម៌ និងផលប៉ះពាល់លើសិទ្ធិប្រជាពលរដ្ឋពីស្ថានការណ៍ព្រំដែនថៃ-កម្ពុជា ដោយបានបើកការទទួលស្តាប់ព័ត៌មានពីផលប៉ះពាល់សេដ្ឋកិច្ចពីតំណាងអាជីវករក្នុងតំបន់។
* តួលេខពាណិជ្ជកម្មតាមព្រំដែន៖ ពី ៩ ម៉ឺនលានបាត មកនៅត្រឹម «សូន្យបាត»
តំណាងគយថៃ បានបង្ហាញទិន្នន័យស្ថិតិពាណិជ្ជកម្មថា នៅក្នុងឆ្នាំ២០២៤ មុនពេលកើតមានជម្លោះ ខេត្តស្រះកែវ (Sra Keo) មានទំហំពាណិជ្ជកម្មតាមព្រំដែនជាមធ្យម ១០,០០០ លានបាត (ជាង៣៣០លានដុល្លារ) ក្នុងមួយខែ។ ក្រោយពីមានការបិទច្រកពាណិជ្ជកម្មចាប់ពីខែកក្កដា ឆ្នាំ២០២៥មក ទំហំពាណិជ្ជកម្មសរុបប្រចាំឆ្នាំមានចំនួន ៩០,១០០ លានបាត ដោយបែងចែកជាការនាំចូលទំនិញពីកម្ពុជា ២៣,៥០០ លានបាត និងការនាំចេញទំនិញរបស់ថៃជាង ៦០,០០០ លានបាត ដែលធ្វើឱ្យថៃមានចំណេញជញ្ជីងពាណិជ្ជកម្មជារៀងរហូតមក។ ទំនិញនាំចេញសំខាន់ៗ រួមមាន រថយន្ត និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ។ សម្រាប់ ស្ថិតិពាណិជ្ជកម្មតាមព្រំដែនថៃ-កម្ពុជា នៅក្នុងឆ្នាំ២០២៦ បច្ចុប្បន្នមានទំហំនៅសល់ «០ បាត»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ប្រទេសចិនក្តោបក្តាប់ភាគរយនៃការនាំចូលទំនិញ មកកាន់កម្ពុជាខ្ពស់ជាងគេគឺពី ៤០% ទៅ ៤៨% នៃទំនិញនាំចូលសរុប បន្ទាប់មកគឺវៀតណាម និងថៃ។ វៀតណាមផ្តោតលើការនាំចេញផលិតផលកសិកម្ម អាហារកែច្នៃ សម្ភារសំណង់ និងវត្ថុតាំងដើមសម្លៀកបំពាក់ ឯថៃមានភាពលេចធ្លោ លើផ្នែកទំនិញប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងភេសជ្ជៈ ប្រេងឥន្ធនៈកែច្នៃ និងយានយន្ត។ បច្ចុប្បន្ន ទំនិញថៃកំពុងរងការរារាំងមិនឱ្យនាំចូល ដែលធ្វើឱ្យមានការព្យាករណ៍ថា ភាគរយទីផ្សារនឹងធ្លាក់ទៅលើដៃវៀតណាម និងចិន ឬម៉ាឡេស៊ី ទោះបីជាទំនិញថៃទទួលបានការនិយម និងមានគុណភាពសមរម្យជាង ក៏ដោយ។
* អាជីវកម្មនៅតាមព្រំដែនឈានទៅដួលរំលំ
តំណាងក្រុមហ៊ុននាំចេញទំនិញប្រើប្រាស់បានលើកឡើងនៅក្នុងអង្គប្រជុំថា កន្លងមកក្រុមអាជីវករត្រូវផ្លាស់ប្តូរផ្លូវដឹកជញ្ជូននាំចេញទៅតាមច្រកព្រំដែនឆុងម៉េក (Chong Mek) ប្រទេសឡាវ ដើម្បីឆ្លងចូលទៅច្រកស្ទឹងត្រែង ប្រទេសកម្ពុជា ដែលធ្វើឱ្យត្រូវចំណាយប្រាក់បន្ថែមពី ១០០,០០០ ទៅ ១៥០,០០០ បាត ក្នុងជើងដឹកជញ្ជូននីមួយៗ ហើយការលក់បានធ្លាក់ចុះនៅសល់ត្រឹមតែ ២០% ទៅ ៣០% ប៉ុណ្ណោះ។ ស្ថានការណ៍បានវិវត្តកាន់តែធ្ងន់ធ្ងរឡើងនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅពេលដែលកម្ពុជាបានហាមឃាត់ការ នាំចូលទំនិញតាមផ្លូវគោកពីប្រទេសថៃ រួមទាំងច្រកដែលឆ្លងកាត់តាមប្រទេសឡាវផងដែរ។ វិធានការនេះ បានធ្វើឱ្យអាជីវករថៃទទួលបាន ប្រាក់ចំនេញស្មើនឹង ០ និងបង្កជាបញ្ហាមិនអាចបង់ប្រាក់ដើម និងការប្រាក់ឥណទានជូនធនាគារបាន។ តំណាងអាជីវករបានឆ្លុះបញ្ចាំងថា ការស្វែងរកទីផ្សារថ្មីជារឿងលំបាកខ្លាំង ដោយសារតែមិនមែនជាតំបន់ដែលធ្លាប់ស្គាល់ ហើយមានអាជីវករចាស់ៗកំពុងគ្រប់គ្រងទីផ្សាររួចទៅហើយ។
* ឧស្សាហកម្មទេសចរណ៍នៅខេត្តជាប់ព្រំដែនគាំង
តំណាងសភាឧស្សាហកម្មទេសចរណ៍ខេត្តស្រះកែវ បានផ្តល់ព័ត៌មានថា អាជីវកម្មសណ្ឋាគារ និងទេសចរណ៍នៅក្នុងតំបន់បានខកខានប្រាក់ចំណូលពេញ ១ឆ្នាំកន្លងមកនេះ។ ខេត្តស្រះកែវដែលធ្លាប់ជាតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងកើត ដែលពឹងផ្អែកលើកម្លាំងទិញពីមនុស្សខាងក្រៅ បច្ចុប្បន្នគ្មានអ្នកធ្វើដំណើរចូលមកនោះទេ ប៉ុន្តែអាជីវករនៅតែត្រូវរ៉ាប់រងដើមទុន និងចំណាយដដែល។ សេដ្ឋកិច្ចក្នុងខេត្តបានឈានចូលដល់ភាពជាប់គាំង ទោះបីជាក្នុងរយៈកាល ២០ឆ្នាំកន្លងមក តំបន់នេះទទួលបានប្រយោជន៍យ៉ាងច្រើន ពីពាណិជ្ជកម្មជាមួយកម្ពុជា រួមទាំងការពឹងផ្អែកលើពលករក្នុងវិស័យកសិកម្មផងដែរ។
* វិបត្តិកង្វះពលករ៖ ប្រសិនបើបណ្តោយទុក១-២ឆ្នាំទៀត ក្រុមអាជីវកម្មប្រឈមនឹងការដកខ្លួនចេញ
នៅក្នុងផ្នែកពលករ ប្រធានសមាគមពាណិជ្ជកម្មអភិវឌ្ឍន៍សមត្ថភាពអ្នកនាំចូលពលកររដូវកាល បានផ្តល់ព័ត៌មានថា នៅក្នុងឆ្នាំ២០២៤ មានពលករកម្ពុជាក្នុងទម្រង់វិលត្រឡប់តាមរដូវកាលចំនួន ៤៤,៧៧១នាក់ និងពលករក្នុងប្រព័ន្ធ MOU ចំនួន ៥៦៤,៣៥៧ នាក់ ដែលជិតគ្រប់កំណត់អាជ្ញាប័ណ្ណធ្វើ ការនៅក្នុងឆ្នាំ២០២៦ នេះ។ សមាគមបានស្នើទៅកាន់គណៈកម្មាធិការ ឱ្យពិចារណាពន្យារពេលអាជ្ញាប័ណ្ណធ្វើការជូនពលករកម្ពុជា ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ ដើម្បីជួយទប់ទល់អាជីវកម្មរបស់អ្នកប្រកបរបរ ដែលចាំបាច់ត្រូវប្រើប្រាស់ពលករ។
បច្ចុប្បន្ន បញ្ហាបានរីករាលដាលពីការបិទច្រកពាណិជ្ជកម្ម ទៅជាការរារាំងខាងពាណិជ្ជកម្ម និងការស្អប់ខ្ពើមពូជសាសន៍។ ភាគីរដ្ឋ និងភាគីនយោបាយត្រូវពិចារណាលើវិធានការ ជួយជ្រោមជ្រែងភាគីអាជីវកម្មតាមព្រំដែនឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងការផ្អាកបង់បំណុល ការលើកលែងពន្ធ និងវិធានការស្តារសេដ្ឋកិច្ចឡើងវិញ។ ប្រសិនបើគ្មាននយោបាយគាំទ្រក្នុងអំឡុងពេល ១ ទៅ ២ ឆ្នាំខាងមុខទេ ក្រុមអាជីវកម្មនៅក្នុងតំបន់មាននិន្នាការនឹងបញ្ឈប់សកម្មភាព និងដកខ្លួនចេញ ដែលនឹងនាំទៅរកភាពស្ងប់ស្ងាត់ នៃសេដ្ឋកិច្ចតាមព្រំដែនក្នុងរយៈពេលវែង។
* ពេលនេះយើងងាកមកមើលវិញម្តង នូវបណ្តាធុរកិច្ចនានារបស់សៀម ដែលប្រកបអាជីវកម្មនៅកម្ពុជាអាចនឹងដកខ្លួនចេញ ម៉ាកធំៗត្រៀមរកទីផ្សារថ្មី
មកដល់ពេលនេះជម្លោះព្រំដែនកម្ពុជាថៃ ដែលបង្កឡើងដោយមហិច្ឆិតាឈ្លានពានរបស់យោធាចោរសៀម បាននៅបន្តអូសបន្លាយជាង១ឆ្នាំមកហើយដែលធ្វើឱ្យធុរកិច្ច និងអាជីវកម្មនានារបស់ក្រុមហ៊ុនសៀមនានា ដែលកំពុងរកស៊ីនៅក្នុង និងជាមួយកម្ពុជាឈានទៅដល់ដំណាក់កាលរលំរលាយ -បរាជ័យ-រំសាយផែនការវិនិយោគចោល ដែលក្នុងភាសាសៀមហៅថា "ផ" ទាំង៣គឺ "พัง-พ่าย-พับแผน"។ សម្រាប់ក្រុមហ៊ុនធំៗម៉ាកល្បីៗក៏កំពុងតែស្វែងរកទីផ្សារថ្មី ដើម្បីធានាការលូតលាស់របស់ខ្លួននៅក្រៅពីកម្ពុជា ព្រោះស្ថានភាពអាជីវកម្មដែលកន្លងមកធ្លាប់រឹងមាំខ្លាំង កំពុងប្រឈមនឹងវិបត្តិជំនួញយ៉ាងធ្ងន់ធ្ងរដោយសារចលនាពហិការនៅកម្ពុជា។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អាជីវកម្មចម្បងៗរបស់សៀម ដែលមានទីផ្សារនៅកម្ពុជាបានជួបវិបាកកម្មយ៉ាងធ្ងន់ធ្ងរ ហើយនឹងនៅតែបន្តអូសបន្លាយ ដោយមិនទាន់មានសញ្ញាវិជ្ជមាននៃភាពធូរស្បើយនោះទេ។
- ក្រុមហ៊ុនមី ម៉ាម៉ា បានសម្រេចចិត្តដាក់មេប្រូចមុនគេពីអាជីវកម្មក្នុងស្រុកខ្មែរ ហើយងាកទៅសម្លឹងមើលទីផ្សារនៅវៀតណាម កូរ៉េខាងត្បូង ចិន ឥណ្ឌា និងម៉ិកស៊ិក។
- ក្រុមហ៊ុនគ្រឿងសម្អាង មីសទីន Mistine កាត់បន្ថយនូវសកម្មភាពផ្នែកទីផ្សារទាំងអស់ ហើយក៏មិនប្រឹងកសាងម៉ាកថ្មីៗដែរ។ ផលិតផលជាច្រើនប្រភេទបានបញ្ឈប់ការបន្ថែមស្តុក ហើយប្រឹងបញ្ចេញស្តុកចាស់ៗសិនដោយសង្ឃឹមថាស្ថានការណ៍នឹងធូរស្រាលនាពេលអនាគត។
- ចំណែកក្រុមហ៊ុន OR ដែលប្រតិបត្តិការលើអាជីវកម្មប្រេងឥន្ធនៈ និងឧស្ម័ន ពិសេសគឺស្ថានីយ PTT កំពុងរាប់ថយក្រោយនូវជំហ៊ានចាកចេញ ដោយប្រាក់ចំណូលត្រីមាសទី១ធ្លាក់ចុះ៧២%។ បណ្តាធនាគារថៃ បានជ្រើសរើសវិធីទប់ទល់អាជីវកម្មនៅកម្ពុជា ដោយផ្តោតលើការរក្សាជំហរ «មិនបិទសាខា-រក្សាអតិថិជនចាស់»។
ស្ថានភាពអស្ថិរភាពនៃទំនាក់ទំនងប្រទេសទាំងពីរ ដែលនៅតែបន្តកើតមាន កំពុងបង្កផលប៉ះពាល់ដល់វិស័យអាជីវកម្មថៃទាំងអស់ ដែលមានទំនាក់ទំនងនឹងកម្ពុជា ធុរកិច្ចមួយចំនួនធំ ដែលបានមានគម្រោងវិនិយោគរួចហើយនោះ បានបង្អង់ដំណើរ ហើយក៏មានខ្លះទៀតកំពុងតែត្រៀមខ្លួន ចូលក្នុងដំណាក់កាលដកការវិនិយោគទាំងស្រុង នៅខណៈពេលដែលការប្រមើលស្ថានភាពនៅមិនប្រាកដប្រជា មិនទាន់មានសញ្ញានៃការបញ្ចប់ដោយសុខដុមរមនា។
* ក្រុមហ៊ុនដែលត្រៀមបើករោងចក្រ ត្រូវពន្យាពេលបើក រីឯក្រុមហ៊ុនដែលមានប្រតិបត្តិការស្រាប់ហើយចាំបាច់ត្រូវប្តូរម៉ាកមកជាកម្ពុជាវិញ
ប្រភពព័ត៌មានពីខាងឧស្សាហកម្មភេសជ្ជៈ (ខាងថៃ) បានបង្ហាញថា បញ្ហាជម្លោះនេះវាបានប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មរបស់ថៃ។ ដើមឡើយក្រុមហ៊ុន ThaiBev ដែលជាម្ចាស់របស់ស្រាបៀរឆាង បានដាក់គ្រោងការរួចហើយចូលទៅវិនិយោគសាងសង់រោងចក្របិត និងផលិតស្រាបៀរនៅកម្ពុជា ដោយមានថវិកាវិនិយោគប្រមាណជាង ១០០លានដុល្លារដែលបានគ្រោងបើកនៅចុងឆ្នាំ២០២៥ ប៉ុន្តែពេលនេះគេត្រូវពន្យាពេលដោយគ្មានកំណត់។
ក្រុមហ៊ុនខារ៉ាបាវ (Carabao) ដែលនាំចូលមកកម្ពុជានូវបណ្តាភេសជ្ជៈប៉ូវកម្លាំង និងស្រា បៀរ បានរាយការណ៍ក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ការលក់នៅទីផ្សារក្រៅប្រទេសជាពិសេស គឺនៅកម្ពុជាមានការធ្លាក់ចុះប្រមាណជាង៤០% សរុបប្រមាណ៥១៨ លានបាត។ កាលពីឆ្នាំ២០២៤ ក្រុមហ៊ុនខារ៉ាបាវបានចំណេញយ៉ាងខ្លាំងពីទីផ្សារ CLMV ហើយមាន គម្រោងបង្កើតរោងចក្រនៅកម្ពុជា សម្រាប់ចែកចាយក្នុងតំបន់ផ្សេងៗផងដែរ ប៉ុន្តែពេលនេះត្រូវពន្យាពេល ហើយក្រុមហ៊ុនចាំបាច់ត្រូវកែប្រែផ្លាស់់ប្តូរកលយុទ្ធថ្មីដោយ កែប្រែម៉ាក យីហោមកជាកម្ពុជាវិញ។
អាជីវកម្មដែលបានបិទទ្វារដកខ្លួនចេញពីកម្ពុជាមួយទៀត គឺក្រុមហ៊ុនរោងកុនម៉េជ័រ ស៊ីនីផ្លិច Major Cineplex បានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ក្រោយប្រតិបត្តិការជាប្រវត្តិសាស្ត្រ១២ឆ្នាំ នៃរោងកុនទំនើបនៅកម្ពុជា។ គិតមកនៅត្រឹមចុងឆ្នាំ២០២៥ Major Cineplex មានរោងកុននៅកម្ពុជាចំនួន៦សាខា មាន៣៣រោងបញ្ជាំង។
មកដល់ពេលនេះគឺក្រុមហ៊ុនថាមពល OR ដែលជាមានស្ថានីយប្រេង PTT ជាប្រតិបត្តិករ បានប្រកាសពីលក់ប្រេងធ្លាក់ចុះ មកនៅត្រឹមតែ៤៦លានលីត្រប៉ុណ្ណោះក្នុងត្រីមាសទី១ ដែល ត្រូវនឹងប្រមាណ៧២%។ ដោយមុនពេលមានបញ្ហានោះចំពោះតួលេខប្រេង PTT លក់មកឱ្យកម្ពុជានោះគឺប្រមាណជាង ១៥០លានលីត្រឯណោះក្នុងមួយត្រីមាស។ នាពេលនេះក្រុហ៊ុន OR កំពុងវាយតម្លៃលើ៣ដំណាក់កាលគឺ: ទី១. គឺការវាយតម្លៃសភាពការណ៍ក្រុមហ៊ុន ទី២. ការបន្ថយចំណាយ និងកែសម្រួលប្រតិបត្តិការ និងវិនិយោគ ទី៣.គឺដកចេញ ឬ Exit Strategy តែម្តង។ ក្រុមហ៊ុនធ្លាប់បានចាត់ទុកកម្ពុជាថាប្រៀបប្រដូចថាជាផ្ទះទី២តែពេលនេះគឺអ្វីផ្លាស់ប្តូរអស់ហើយ។
បើងាកមើលលើវិស័យវាយនភ័ណ្ឌ និងសំលៀកបំពាក់វិញ កាលពីប៉ុន្មានថ្ងៃមុននេះរោងចក្រថៃដ៏ធំមួយទៀត Hi Tech មានមូលដ្ឋាននៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត បានសម្រេចបិទទ្វារ ចាប់ ពីខែសីហាតទៅ គឺដោយសារតែការបិទច្រកព្រំដែន ដែលធ្វើឱ្យប៉ះពាល់ដល់ការនាំចូល និងនាំចេញទំនិញ រួមទាំងវត្ថុធាតុដើមសម្រាប់ដំណើរការក្នុងក្រុមហ៊ុន។ ក្រុមហ៊ុននេះមាន បុគ្គលិកកម្មកររាប់ពាន់នាក់ធ្វើការ។
* ផលិតផលថៃជួបបញ្ហាដោយការពហិការ ជាតិនិយម និងយុទ្ធនាការតាមបណ្តាញសង្គមប្រឆាំងនឹងទំនិញសៀម
លើសពីខ្សែចង្វាក់ផលិតកម្ម និងឧស្សាហកម្ម ការលក់ទំនិញនានាគ្រឿងឧបភោគបរិភោគ ក៏រងឥទ្ធិពលយ៉ាងដំណំផងដែរ។ បណ្តាអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencer) បានបង្កើតយុទ្ធនាការពហិការប្រឆាំងសៀម ដោយប្រសិនបើមានហាងណារបស់ជនជាតិកម្ពុជាណាមួយលក់ទំនិញសៀម គេនឹងចូលទៅថតហើយបញ្ឆេះកំហឹង និងបង្កើនការស្អប់ខ្ពើម(Hate content) ដែលបច្ចុប្បន្នបានរាលដាលដល់កុមារតូចៗ កម្រិតមត្តេយ្យសិក្សាផងដែរ។ ផលប៉ះពាល់ដែលកើតឡើងចំពោះម៉ាកយីហោផលិតផលសៀមដែលល្បីៗ និងម៉ាកសៀមពិតប្រាកដកាន់តែរងផលប៉ះពាល់ខ្លាំង។ ចំណែកម៉ាកដែលនៅអាចរស់បាន គឺជាម៉ាកដែលទើបចូលទីផ្សារ ហើយប្រែកាឡាខ្លួននៅក្នុងទីផ្សារដើម្បីដង្ហើមរស់។ ទំនិញចាំបាច់មួយចំនួនត្រូវតែកាត់បន្ថយភាពខ្លាំងក្នុងការធ្វើ ផ្នែកទីផ្សារ និងការកសាងម៉ាកឲ្យតិចតួចបំផុត រួមទាំងការវេចខ្ចប់ដែលអាចត្រូវការប្រអប់មកបិទបាំងម៉ាកយីហោផងដែរ។
ក្នុងវិស័យនេះអ្វីឆ្លើយតបបានប្រសើរបំផុតនោះ គឺករណី 711. Makro, BigC etc. ចំពោះករណី 7-11, Makro, Big C ខ្ញុំនឹងនិយាយដាច់ដោយឡែកទៀត។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃសម្រេចបានទឹកប្រាក់សរុប ៦៩៦លានដុល្លារអាមេរិកដែលធ្លាក់ចុះជិត ៤០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដោយសារបញ្ហាបិទព្រំដែន។ ក្នុងនោះ កម្ពុជានាំចេញទៅថៃមានតម្លៃជាង ២៩៦លានដុល្លារ ហើយនាំចូលទំនិញពីថៃវិញមានតម្លៃ ៨៥៤លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅអាននៅ: bangkokbiznews, standard wealth, business watch, etc




