នាយឧត្តមសេនីយ៍ សឹង សំណាង ដង្ហែរទៀនព្រះវស្សាប្រគេនព្រះសង្ឃនៅវត្តនិគ្រោធារាម ហៅវត្តជ្រៃបាក់ ស្រុករលាប្អៀរ

25-07-2026 14:49

(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី ជាពុទ្ធសាសនូបត្ថម្ភ និងជាអ្នកទ្រទ្រង់សាសនាប្រកបទឹកចិត្តជ្រះថ្លាជាទីបំផុត រួមជាមួយលោក លោកស្រី នាយទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានមូលមតិគ្នាដង្ហែរទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃនៅវត្តនិគ្រោធារាម ហៅវត្តជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងវត្តចំនួន៦ទៀត ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ។

នាយឧត្តមសេនីយ៍ និងលោកស្រីភរិយា តែងតែរៀបចំទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់តាមទីអារាមក្នុងស្រុករលាប្អៀរ នៅមុនពេលបុណ្យចូលកាន់ព្រះវស្សាជារៀងរាល់ឆ្នាំ ។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានសម្រាប់ព្រះសង្ឃត្រៀមចូលព្រះវស្សានាពេលខាងមុខនេះ ត្រូវបានអញ្ជើញរៀបចំផ្ដួចផ្ដើមឡើងដោយ នាយឧត្តមសេនីយ៍ សឹងសំណាង និងលោកស្រី អ៊ូ សិទ្ធិរី រួមជាមួយនាយទាហានកងទ័ពជើងអាកាស។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដីស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋ និងប្រជាការពារ ព្រមទាំងញាតិមិត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

ក្នុងពិធីបុណ្យសាសនាដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានោះ នាយឧត្តមសេនីយ៍ សឹង សំណាង និងលោកស្រីបានបូជាទៀនធូបផ្កាភ្ញី ដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ និងឧទ្ទិស មគ្គផលជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានបាត់បង់ជីវិតដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពដែនដី។ ពិធីបុណ្យ បានប្រព្រឹត្តទៅតាមពិធីសាសនា និងការវេរប្រគេនទៀនព្រះវស្សា និងទេយ្យទានមានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ប៊ីចេង និងបច្ច័យមួយចំនួនប្រគេន និងជូនព្រះសង្ឃ និងគណ:កម្មាធិការវត្តទាំង៧វត្ត។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះការចូលរួមប្រកបដោយសទ្ធាជ្រះថ្លារបស់អស់លោក លោកស្រីជានាយទាហាន នាយទាហានរង
ពលទាហានកងទ័ពជើងអាកាស និងពុទ្ធបរិស័ទបានរួបរួមគ្នា ដង្ហែទៀនព្រះវស្សា មកប្រគេនព្រះសង្ឃគង់នៅវវត្តទាំង ៧ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រៅពីការប្រគេនទៀនព្រះវស្សា និងទេយ្យទានរួចហើយ ក៏មានការរៀបចំចែកទានដល់លោកយាយ លោកតា តាអាចារ្យ គណៈកម្មការវត្តផងដែរ ក្នុងនាយឧត្តមសេនីយ៍ និងលោកស្រីបានផ្ដល់អំណោយជាគ្រឿងឧបភោគ និងថវិកាជូនក្រុមគ្រួសារក្រីក្រ និងពិការភាពផងដែរ។ ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏សែនសប្បាយរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លា៕