មួយឆ្នាំនៃការចងចាំ! រណ្តៅគ្រាប់បែក MK84 បំផ្លាញផ្លូវជាតិលេខ៥៨ បន្សល់សោកនាដកម្មមិនអាចបំភ្លេចបានពីទង្វើឈ្លានរបស់យោធាថៃ (Video inside)
25-07-2026 14:55
(ឧត្តរមានជ័យ)៖ រណ្តៅគ្រាប់បែកប្រភេទ MK84 ដែលយោធាថៃបានទម្លាក់ពីយន្តហោះចម្បាំង F-16 បំផ្លាញផ្លូវជាតិលេខ៥៨ ក្នុងខេត្តឧត្តរមានជ័យ កាលពីអំឡុងពេលឈ្លានពានទឹកដីកម្ពុជាលើកទី២ នៅខែធ្នូ ឆ្នាំ២០២៥កន្លងទៅ បានបន្សល់ទុកសោកនាដកម្មដ៏ជូរចត់ និងការចងចាំមិនអាចបំភ្លេចបានចំពោះមាតុភូមិកម្ពុជា។
គ្រាប់បែកដ៏ធំនេះ បានកាត់ផ្តាច់ទាំងស្រុងកំណាត់ផ្លូវជាតិលេខ៥៨ ត្រង់គីឡូម៉ែត្រលេខ១៣៥ ស្ថិតនៅភូមិមនោរម្យទី១ ឃុំគោលមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ចរាចរណ៍របស់ប្រជាពលរដ្ឋស្លូតត្រង់។
ការបំផ្លិចបំផ្លាញនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាជនពីស្រុកបន្ទាយអំពិល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទៅកាន់ទីប្រជុំជននានា។ តាមការបង្ហាញរបស់ មន្ត្រីកងឯកភាព កម្ចាត់មីន (ស៊ីម៉ាក់) ដែលឈរជើងនៅទិសឧត្តរមានជ័យ បានបញ្ជាក់ថា គ្រាប់បែក MK84 គឺជាអាវុធហាមឃាត់មិនឲ្យប្រើប្រាស់លើគោលដៅស៊ីវិល ប៉ុន្តែយោធាថៃបានប្រើប្រាស់វាដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធ សាធារណៈរបស់កម្ពុជា។
ទិដ្ឋភាព នៃរណ្តៅគ្រាប់បែកដ៏ធំនេះ នៅតែជាភស្តុតាងរស់មួយបង្ហាញពីទង្វើឈ្លានពានដោយខុសច្បាប់ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ព្រឹត្តិការណ៍នេះបានរំលឹកឡើងវិញ នូវការឈឺចាប់ និងការបាត់បង់ដែលបង្កឡើងដោយសង្គ្រាម ហើយជាការដាស់តឿនឲ្យគ្រប់ភាគីគោរពច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់៕







