អាជ្ញាធរខេត្តប៉ៃលិន កំពុងអន្តរាគមន៍ជួយសង្គ្រោះស្រូវខ្វះទឹកចំនួន ៥៣០ហិចតា នៅឃុំសាលាក្រៅ
25-07-2026 15:07
(ប៉ៃលិន)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារអញ្ជើញចុះពិនិត្យមើល ការស្តារប្រឡាយសម្រួលផ្លូវទឹក និងការដាក់ ម៉ាស៊ីន បូមទឹកដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវក្នុងរដូវវស្សា របស់ប្រជាពលរដ្ឋ ចំនួន៥៣០ហិចតា ស្ថិតនៅឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានជំរុញមន្ត្រី ជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ឱ្យ ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹក ដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈម ដោយសារខ្វះទឹក គឺមិនត្រូវទុកឱ្យមាន ការខូចខាត ដោយយើងមិនបានជួយពួកគាត់ឱ្យអស់លទ្ធភាពដែលមាននោះឡើយ។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែមានការគិតគូរ យកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយបានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេចតេជោប្រធានព្រឹទ្ធសភា តែងតែបានណែនាំ និងជំរុញដល់ ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះលោកស្រីបណ្ឌិត បាន ស្រីមុំ បានសំណូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍ សង្គ្រោះស្រូវតាមរយៈការស្តារប្រឡាយសម្រួល ផ្លូវទឹក ការបូម ឬបញ្ជូនទឹកបញ្ចូលស្រែ បានដោយរលូន ទាន់ពេលវេលា ប្រកបដោយ សមធម៌ និងតម្លាភាព ដែលជាការរួមចំណែកលើកស្ទួយជីវភាពរបស់ពលរដ្ឋតាមរយៈវិស័យកសិកម្ម។
បើតាមការបញ្ជាក់របស់លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើឱ្យដឹងថា នៅឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋខេត្តប៉ៃលិន បានធ្វើស្រូវក្នុងរដូវវស្សា សរុបចំនួន ៨៥៨៥ហិចតា ហើយក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ពីសំណាក់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលខេត្ត គឺមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះអន្តរាគមន៍ស្តារ ប្រឡាយ សម្រួលផ្លូវទឹក និងដាក់ម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវក្នុងរដូវវស្សារបស់ប្រជាពលរដ្ឋ ចំនួន ៥៣០ហិកតា ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ៕














