អភិបាលខេត្តប៉ៃលិន ពិនិត្យមើលវឌ្ឍនភាពការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍
25-07-2026 15:13
(ប៉ៃលិន)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាព ការកែរលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅចំណុចជ្រោះសែនសុខ ប្រកបដោយសោភ័ណភាព ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តដែលជាកត្តាជួយជំរុញ កំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយរាល់ការលំបាក និងសំណូមពររបស់ ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេស ជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម ហើយបច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអរបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បី ឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិតអភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួន ឱ្យបានជាប្រចាំ ជាពិសេស អាជីវករលក់ដូរនៅតាម ទីសាធារណៈ និងតាមសួនច្បារ ត្រូវវេចខ្ចប់កាកសំណល់សំរាមឱ្យបានល្អ និងនាំយកទៅទុកដាក់ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ។
សូមបញ្ជាក់ថា អាជ្ញាធរខេត្តប៉ៃលិន កំពុងស្ថាបនាបន្ថែម អាគារបណ្ណាល័យ និងរូបបដិមា ព្រះពុទ្ធផ្ចាញ់មាដ៏ធំ នៅចំណុចជ្រោះសែនសុខ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីលើកកម្ពស់ សោភ័ណ្ឌភាព និងវិស័យព្រះសាសនា ដែលជាសាសនារបស់រដ្ឋ៕














