កម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង បន្តចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងអគារជួលក្នុងផ្សាររាត្រី១ នៅក្រុងបាវិត រកឃើញជនបរទេស ១៦នាក់ ពាក់ព័ន្ធបទល្មើស Online Scams
25-07-2026 15:21
(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ចុះត្រួតពិនិត្យរដ្ឋបាលចំហរ និងបង្រ្កាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត។
ប្រតិបត្តិការនេះដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងមានការចូលរួមពីលោកអភិបាលរងក្រុង នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា អធិការរងក្រុង មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុង នាយករងរដ្ឋបាលក្រុង និងមេភូមិបាវិតកណ្ដាល។
ជាលទ្ធផលក្រុមការងារបានចុះត្រួតពិនិត្យរដ្ឋបាលចំហនៅទីតាំងចំនួន ៣កន្លែង ដោយបានពិនិត្យរកឃើញជនជាតិបង់ក្លាដេស ចំនួន១នាក់ (ប្រុស) មានលិខិតឆ្លងដែន និងទិដ្ឋាការដែលមានសុពលភាពត្រឹមត្រូវតាមច្បាប់។
ដោយឡែកនៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងអគារជួល ដែលសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតនៅក្នុងផ្សាររាត្រី១ ត្រង់ចំណុចបន្ទប់ M314A និង M314B សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមចំនួន ១៦នាក់ ក្នុងនោះមានស្រីចំនួន ១នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រយួរដៃ ទូរសព្ទដៃ និងសម្ភារៈមួយចំនួនផ្សេងទៀត។
បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ ជាមួយគ្នានេះដែរក្រុមការងារចម្រុះបានសម្រេចបិទបន្ទប់ទាំង ២ ខាងលើជាបណ្ដោះអាសន្ន ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់៕






















