អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រាប់ធុរជនចិនថា កំពុងខិតខំចិញ្ចឹមគោយកសាច់ ទឹកដោះ និងគ្រោងបើករោងចក្រផលិតទឹកដោះគោ (Video inside)
25-07-2026 15:31
(ភ្នំពេញ)៖ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា បានប្រាប់ធុរជនចិន ថាកំពុងខិតខំចិញ្ចឹមគោយកសាច់ ទឹកដោះ រាប់ពាន់ក្បាល និងគ្រោងបើករោងចក្រផលិតទឹកដោះគោ ក្នុងកសិដ្ឋាន DP នៅខេត្តកំពង់ឆ្នាំង។
អ្នកឧកញ៉ា បានឲ្យដឹងបែបនេះ ក្នុងឱកាសអ្នកឧកញ៉ា និងលោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគចិន ដឹកនាំធុរជនចិនជាច្រើនរូប ទស្សនកិច្ចសិក្សា នៅកសិដ្ឋាន DP នៅខេត្តកំពង់ឆ្នាំង (DP Machas Chamka) ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
អ្នកឧកញ៉ា បានឲ្យដឹងថា នៅកសិដ្ឋាននេះ ធុរជនបានឈ្វេងយល់ពីចិញ្ចឹមគោសាច់, ចិញ្ចឹមគោពូជ, ចិញ្ចឹមគោ Premium, ស្មៅ, ដំណាំដូង និងរោងចក្រជី។
អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបញ្ជាក់ថា «ខ្ញុំបានបង្ហាញពីការចិញ្ចឹមសត្វគោ ៤ប្រភេទ ទីមួយ វ៉ាហ្គ៊ូ ទីពីរ អ៊ែងហ្កាត់ ទីបី ឆារឡេស៍ និងទីបួន ប្រាម៉ាន់។ ហើយចំពោះគោដទៃទៀត គឺគោទឹកដោះ ២ពាន់ក្បាល ដែលយើងត្រៀមបង្កាត់ពូជ ធ្វើជាទឹកដោគោស្រស់ និងជាទឹកដោះគោផ្គត់ផ្គង់នៅក្នុងប្រទេសរបស់យើង»។
អ្នកឧកញ៉ា បានបន្តថា «រោងចក្រទឹកដោះគោ នៅឆ្នាំក្រោយនេះ យើងត្រៀមនឹងផលិតទឹកដោះគោ។ យើងកំពុងសាងសង់រោងចក្រ និងដាក់គោឲ្យបន្តពូជ ដើម្បីមានកូន នឹងអាចទឹកដោះបាន»។
សម្រាប់លោក ឈី ហ្វាង ក្រោយទស្សនកិច្ចនៅកម្ពុជា ពោលនៅកសិដ្ឋាននេះ ធ្វើឲ្យលោកមើលឃើញពីស្ថិរភាពនយោបាយ សន្តិសុខសង្គម និងឱកាសវិនិយោគយ៉ាងពិតប្រាកដដែលមាន។ ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងឱកាសវិនិយោគ ដែលគណៈប្រតិភូបានឃើញផ្ទាល់នៅកម្ពុជានោះ បានខុសពីអ្វីដែលមានបង្ហាញនៅលើអនឡាញ ពោលគឺគណៈប្រតិភូខ្លះ ក៏បានទុកចិត្ត និងចាប់ផ្តើមដាក់ទុនវិនិយោគផងដែរ លើការផលិតសាប៊ូ។
សូមជម្រាបថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគ បានដឹកនាំសហគ្រិនឆ្នើមៗ ចំនួន ៧៤នាក់ មាន ៦០ក្រុមហ៊ុន ទស្សនកិច្ចនៅកម្ពុជា ដែលមកពីតំបន់ជាច្រើនដូចជា ក្វាងស៊ី, ក្វាងទុង, ស៊ីឈួន, ហ្វូចៀន, ប៉េកាំង, ឆុងឈីង និងហុងកុង ដោយគ្របដណ្តប់លើវិស័យជាច្រើនរួមមានថាមពល និងថាមពលកកើតឡើងវិញ, យានយន្តថាមពលថ្មី និងការផលិតយានយន្ត, កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, សុខភាព និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល, ការផលិតបែបឧស្សាហកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការប្លង់ និងការរចនាស្ថាបត្យកម្ម, ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន (E-commerce), ឡូជីស្ទីកទំនើប និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ឧស្សាហកម្មទេសចរណ៍ និងសណ្ឋាគារ, សេវាកម្មហិរញ្ញវត្ថុ និងវិជ្ជាជីវៈផ្សេងៗទៀត៕









