អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រកឃើញម្ចាស់ជយលាភីលេខ១ ក្នុងការប្រកួតប្រជែងនិយាយជាសាធារណៈ ប្រធានបទ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០?»
25-07-2026 16:34
(ភ្នំពេញ)៖ បេក្ខនារី ឆាន ភាតរៈ បេក្ខនារីមកពីសាកលវិទ្យាល័យស្វាយរៀងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបេក្ខជន បេក្ខនារីចំនួន១០រូប នៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈក្រោមប្រធានបទ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០?» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
កម្មវិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងការនិមន្តនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សមណនិស្សិត-និស្សិត និងភ្ញៀវកិត្តិយស សរុបប្រមាណ ៦០០ អង្គ/នាក់ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។
លោក ប៉ែន បូណា បានលើកឡើងថា គោលបំណង នៃការរៀបចំកម្មវិធីនេះ គឺដើម្បីជំរុញឱ្យយុវជនយល់ដឹងពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាពិសេសមុំទី១ស្តីពី «ការអភិវឌ្ឍន៍មូលធនមនុស្ស» និងចូលរួមដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលរាជរដ្ឋាភិបាលបានកំណត់។
លោកបន្ថែមថា មូលធនមនុស្ស មិនត្រឹមតែមានចំណេះដឹង និងជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ វិន័យ ទំនួលខុសត្រូវ សមត្ថភាពគិត វិភាគ ការច្នៃប្រឌិត និងមនសិការស្នេហាជាតិផងដែរ។ ក្នុងយុគសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) យុវជនត្រូវបន្តការសិក្សាពេញមួយជីវិត ចេះសម្របខ្លួន និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ ដើម្បីបង្កើនផលិតភាព និងតម្លៃបន្ថែមសម្រាប់សង្គម និងសេដ្ឋកិច្ចជាតិ។
លោកបន្តថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី១ ក្នុង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចគោលដៅកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបានគោលដៅនេះ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន មានសារៈសំខាន់ចាំបាច់មិនអាចខ្វះបាន។
លោក ប៉ែន បូណា ក៏បានជំរុញឱ្យយុវជនកម្ពុជា ខិតខំអភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្សដែលមានគុណភាព ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងការវាយតម្លៃប្រកបដោយសុក្រឹត្យនិងតម្លាភាពពីគណៈកម្មការបូកសរុបពិន្ទុ ទាំង៥រូប កម្មវិធីបានរកឃើញម្ចាស់ជ័យលាភីចំនួន ៦រូប ក្នុងបេក្ខជននិងបេក្ខនារី ១០ រូបក្នុងនោះ ម្ចាស់ជ័យលាភីលេខ១ បានទៅលើនិស្សិតឈ្មោះ ឆាន ភាតរៈ បេក្ខនារីមកពីសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង លេខ២ និស្សិត ហី ចាន់នី មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) លេខ៣ និស្សិត ធា ចាន់រ៉ា បេក្ខនារីមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លេខ៤ និស្សិត សែម វីណា បេក្ខនារីមកពីពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខេត្តកំពង់ចាម លេខ៥ និស្សិត យ៉ុម ពិដោ បេក្ខនារីមកពីសាកលវិទ្យាល័យកម្ពុជា និងលេខ៥ស្ទួន និស្សិត សាមិត្ត វិរៈបុត្រ បេក្ខជនមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។ បេក្ខជនបេក្ខនារីជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៥ស្ទួន បានទទួលពានរង្វាន់ម្នាក់១ និងប័ណ្ណសរសើ អមដោយទឹកប្រាក់មួយចំនួន។ ចំណែកឯបេក្ខជន និងបេក្ខនារីដែលចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រនេះ សុទ្ធតែទទួលបានប័ណ្ណសរសើ និងអមដោយទឹកប្រាក់លើកទឹកចិត្តមួយចំនួនផងដែរ។
មុនឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះ គណៈកម្មការរៀបចំកម្មវិធី បានធ្វើការប្រកួតជម្រុះជុំទី១ និងជុំទី២ កាលពីអំឡុងខែ ឧសភា និងខែមិថុនា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ Zoom meeting ដោយមានបេក្ខជនបេក្ខនារីចូលរួមសរុប ៤៦ រូប មកពីសាកលវិទ្យាល័យចំនួន ១៥ នៅតាមរាជធានី/ខេត្ត ដែល លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្លាប់បានអញ្ជើញទៅផ្តល់បាឋកថា ស្តីពី «យុវជន និងគោលនយោបាយជាតិ» នាពេលកន្លងមក។
ក្នុងឱកាសនោះ លោក ប៉ែន បូណា ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) និងកម្មវិធី The Perspective Cambodia ដែលបានចូលរួមសហការគាំទ្រ និងថ្លែងអំណរគុណដល់សមាគមធនាគារនៅកម្ពុជាដែលគាំទ្រផ្នែកថវិកា ក្រុមហ៊ុនខយ-តេ និង Tube កាហ្វេ ដោយចាត់ទុកថា ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស គឺជាការវិនិយោគលើអនាគតរបស់កម្ពុជា៕

























